Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

សង្គម​ស៊ីវិល​ បួង​សួង​ នៅ​ព្រះអង្គ​ដង​កើ​ សុំ​ឲ្យ​ ដោះ​លែង​ មនុស្ស​ ២៣​នាក់

សង្គម​ស៊ីវិល បួង​សួង ៦១០
តំណាង​បណ្ដាញ​អង្គការ​មិន​មែន​រដ្ឋាភិបាល ជួប​ជុំ​គ្នា​ធ្វើ​ពិធី​បួង​សួង​នៅ​ព្រះអង្គ​ដង​កើ ខាង​មុខ​ព្រះបរមរាជវាំង សុំ​អោយ​វត្ថុ​សក្ដិសិទ្ធិ​បន្ទន់​ចិត្ត​អាជ្ញាធរ​ពាក់ព័ន្ធ អោយ​ដោះ​លែង​មនុស្ស ២៣​នាក់ ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​កំពង់ចាម 
នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។


តំណាង​បណ្ដាញ​ អង្គការ​ សង្គម​ស៊ីវិល ជិត ២០០​ស្ថាប័ន បាន​ជួប​ជុំ​គ្នា​ ធ្វើ​ពិធី​​ តាម​បែប​ព្រះពុទ្ធ​សាសនា និង​បួង​សួង​ នៅ​ព្រះអង្គ​ដង​កើ ស្នើ​ឲ្យ​ វត្ថុ​សក្ដិសិទ្ធិ​ បន្ទន់​ចិត្ត​ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ឬ​តុលាការ ឲ្យ​ដោះ​លែង​មនុស្ស​ ចំនួន ២៣​នាក់ ពី​ពន្ធនាគារ​​​ ក្នុង​ខេត្ត​កំពង់ចាម។ ការ​ប្រមូល​ផ្តុំ​នេះ សមត្ថកិច្ច​ចម្រុះ​រដ្ឋាភិបាល មិន​បាន​ពង្រាយ​កម្លាំង​រារាំង ឬ​បង្ក្រាប​ ដោយ​ហិង្សា​ ដូច​ពេល​មុន​ទេ។

ដោយ ដែន អយុធ្យា / អាស៊ីសេរី | ០៧​ កុម្ភៈ ២០១៤
តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល បណ្ដាញ​យុវជន ព្រះសង្ឃ សហគមន៍​ដីធ្លី និង​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ បាន​បន្ត​ស្វែង​រក​យុត្តិធម៌ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​ចំនួន ២៣​នាក់​ពី​ពន្ធនាគារ តាម​រយៈ​ធ្វើ​ពិធី​បន់​ស្រន់ និង​តាម​បែប​ព្រះពុទ្ធ​សាសនា​នៅ​ព្រះអង្គ​ដង​កើ ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែ​កុម្ភៈ។
នាយិកា​អង្គការ​សីលកា អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា សកម្មភាព​ស្វែង​រក​យុត្តិធម៌​ដល់​អ្នក​ជាប់​ឃុំ​ទាំង ២៣​នាក់ គឺ​តាម​រយៈ​និមន្ត​ព្រះសង្ឃ​ចំនួន ២៣​អង្គ សូត្រ​មន្ត និង​ធ្វើ​ពិធី​បួង​សួង​ផ្សេង​ទៀត​នៅ​ព្រះអង្គ​ដង​កើ ពី​មុខ​ព្រះបរមរាជវាំង។ អ្នកស្រី​បន្ត​ថា គោល​បំណង​នៃ​ការ​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ គឺ​មាន​បំណង​បួង​សួង​ស្នើ​សុំ​ឲ្យ​វត្ថុ​សក្ដិសិទ្ធិ ជួយ​​បន្ទន់​ចិត្ត​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ឬ​តុលាការ ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ២៣​នាក់ ឲ្យ​មាន​សេរីភាព ដោយ​គ្មាន​លក្ខខណ្ឌ៖ «យើង​ធ្វើ​ពិធី​ច្រើន​ផ្លូវ គឺ​ផ្លូវ​ងងឹត​ក៏​ធ្វើ ផ្លូវ​ភ្លឺ​ក៏​ធ្វើ ដើម្បី​​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា។ មាន​ជំនឿ​ថា វត្ថុ​សក្ដិសិទ្ធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ពិភពលោក​យើង​ហ្នឹង ធ្វើ​យ៉ាង​ណា​ឲ្យ​មេ​ដឹក​នាំ​រដ្ឋាភិបាល និង​ប្រធាន​តុលាការ អនុវត្ត​ទៅ​តាម​ច្បាប់ និង​ផ្តល់​យុត្តិធម៌​ដល់​មនុស្ស​ទាំង ២៣​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ»
អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​ជា​ប្រធាន​ក្រុម​មេធាវី​សមាគម​អាដហុក លោក ណៃ វ៉ង់ដា ក៏​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បួង​សួង ដោយ​រំពឹង​ថា ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​តុលាការ នឹង​ពិចារណា​ផ្តល់​យុត្តិធម៌ ឬ​ដោះ​លែង​​មនុស្ស​ចំនួន ២៣​នាក់ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ព្រោះ​លោក​យល់​ថា ថ្មីៗ​នេះ​សមត្ថកិច្ច​រដ្ឋាភិបាល បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ព្រឹត្តិការណ៍​ផ្ទះ​អាវុធ ដែល​បាន​សម្លាប់​មនុស្ស និង​ចាប់​ខ្លួន​មេ​ដឹក​នាំ​សមាគម សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ទាំង ២៣​នាក់​នេះ​ហើយ៖ «ឲ្យ​មន្ត្រី​តុលាការ និង​មន្ត្រី​រដ្ឋាភិបាល លោក​យល់​នូវ​យុត្តិធម៌ ហើយ​ធ្វើ​ការ​​ដោះ​លែង​មនុស្ស​ទាំង ២៣​នាក់​ពី​ពន្ធនាគារ។ ហើយ​ឈប់​ប្រើ​អំពើ​ហិង្សា និង​អំពើ​ព្រៃ​ផ្សៃ​មក​លើ​ពលរដ្ឋ​ខ្លួន​ឯង»
​​មនុស្ស​ទាំង ២៣​នាក់ ដែល​ជាប់​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង និង​មាត់ឃ្មង់ ត្រូវ​បាន​កម្លាំង​ចម្រុះ​រដ្ឋាភិបាល ចាប់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ របស់​ក្រុម​កម្មករ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា។
​ភរិយា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​កំពុង​ជាប់​ឃុំ​ស្ថិត​ក្នុង​​ចំណោម​មនុស្ស​ទាំង ២៣​នាក់ បាន​ឲ្យ​ដឹង​ថា ស្វាមី​​របស់​​គាត់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​មុន​ពេល​ត្រូវ​កម្លាំង​កងពល​តូច​ពិសេស​ទ័ព​ឆត្រ​យោង​៩១១ វាយ​សំពង​លើ​រាង​កាយ មុន​បញ្ជូន​ទៅ​ពន្ធនាគារ​នោះ ពេល​នេះ​​​អាការៈ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ អ្នកស្រី​បន្ត​ថា ស្វាមី​គាត់​ទំនង​ជា​​​ត្រូវ​ស្លាប់​ក្នុង​ពន្ធនាគារ បើ​តុលាការ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ទេ៖ «ជំងឺ​រ៉ាំរ៉ៃ​របស់​គាត់​ធ្ងន់ធ្ងរ គឺ​ជំងឺ​ក្រពះ និង​ពោះវៀន គឺ​រលាក​ធ្ងន់ធ្ងរ​មែន​ទែន។ ហើយ​សព្វថ្ងៃ​នេះ គាត់​រាក និង​ក្អួត​ចង្អោរ​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​អ្វី​ដែល​​​គាត់​ព្រួយ​បារម្ភ​នោះ គឺ​មួយ​រយៈពេល​មុន គឺ​គាត់​ឈឺ​ស្ពឹក​មួយ​ចំហៀង​ខ្លួន គាត់​ភ័យ​បារម្ភ​គាត់​​ស្លាប់​​មួយ​ចំហៀង​​ខ្លួន។ ដល់​ពេល​ឥឡូវ​នេះ គាត់​ឈឺ​ធ្ងន់ធ្ងរ​មែន​ទែន ហើយ​គាត់​ភ័យ​ខ្លាច​ខ្លួន​គាត់​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ»
​បញ្ហា​នេះ​ដែរ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) ថ្លែង​ថា បញ្ហា​អ្នក​ជាប់​ឃុំ​ទាំង ២៣​នាក់ នឹង​អាច​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បន្ត​ទៀត​នា​ថ្ងៃ​ខាង​មុខ បើ​រដ្ឋាភិបាល ឬ​តុលាការ មិន​ព្រម​ដោះ​លែង​ទេ​នោះ៖ «បើ​យើង​យោង​ទៅ​លើ​អង្គ​ហេតុ​ការ​ប្រព្រឹត្ត ឬ​ក៏​ផ្លូវ​ច្បាប់ ជាពិសេស លោក វន់ ពៅ គឺ​ត្រូវ​ដោះ​លែង​ដោយ​គ្មាន​លក្ខខណ្ឌ មាន​ន័យ​ថា សកម្មភាព​របស់​គាត់​ប្រព្រឹត្ត​នៅ​ពេល​នោះ ដែល​ត្រូវ​នាយ​ទាហាន​ចំនួន ៣​នាក់ និង​ក្រុមហ៊ុន​ចោទ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​គាត់​បាន​ទៅ​ហាម​គេ​កុំ​ឲ្យ​វ៉ៃ​គ្នា តែ​ទៅ​ចោទ​ប្រកាន់​គាត់​ថា ជា​អ្នក​ប្រើ​អំពើ​ហិង្សា។ អា​ហ្នឹង​វា​ខុស​ទាំង​ស្រុង។ ឥឡូវ ក្រុមហ៊ុន​បាន​ដក​ពាក្យ​បណ្ដឹង​វិញ​ហើយ»
ពិធី​ប្រមូល​ផ្តុំ ឬ​​ជួប​ជុំ​ធ្វើ​ពិធី​បួង​សួង​របស់​មន្ត្រី​សង្គម​ស៊ីវិល ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​ព្រះអង្គ​ដង​កើ ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែ​កុម្ភៈ កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​រដ្ឋាភិបាល មិន​បាន​ពង្រាយ​កម្លាំង​រារាំង ឬ​បង្ក្រាប​រាប់​រយ​​នាក់​ដូច​ពេល​មុន​ទេ។ ប៉ុន្តែ មាន​ដាក់​ពង្រាយ​កម្លាំង​បង្កប់​ស្លៀកពាក់​ស៊ីវិល និង​កម្លាំង​សន្តិសុខ​​ប្រមាណ ១០​នាក់ រង់ចាំ​ឃ្លាំ​មើល។
សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ គ្រោង​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​​មន្ទីរ​ឃុំឃាំង​លើ​ជន​ជាប់​ចោទ​ទាំង ២៣​នាក់។ មនុស្ស​ទាំង ២៣​នាក់ ត្រូវ​តុលាការ​​ចោទ​ពី​បទ​​បង្ក​ហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ​កាត់​ដេរ ក្នុង​ពេល​ជួប​ជុំ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ កាល​ពី​ដើម​ខែ​មករា៕


No comments:

Post a Comment