Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

អាជ្ញាធរ​ អះអាង​ ពី​ការ​ប្រឹងប្រែង​ របស់​ខ្លួន ក្នុង​ការ​នាំ​យក​វត្ថុ​ ដ៏​មាន​តម្លៃ​ ក្នុង​លោក​ ត្រលប់​មក​វិញ​

ព្រះ​សិរីរិក​ធាតុ ដែល​បាន​បាត់។
ព្រះ​សិរីរិក​ធាតុ ដែល​បាន​បាត់។
@អគ្គស្នងការដ្ឋាន នគរបាលជាតិ

អាជ្ញាធរ​ អះអាង​ ពី​ការ​ប្រឹងប្រែង​ របស់​ខ្លួន ក្នុង​ការ​នាំ​យក​វត្ថុ​ ដ៏​មាន​តម្លៃ​ ក្នុង​លោក​ ត្រលប់​មក​វិញ​

ដោយ ញឹម សុផល
មន្ត្រី​ជាន់​ខ្ពស់​ ប៉ូលីស​ ក្រសួង​មហាផ្ទៃ​ ថ្លែង​ថា ការ​រក​ឃើញ​ ព្រះ​សិរីរិក​ធាតុ និង​វត្ថុ​ មាន​តម្លៃ​ មួយចំនួន​ មក​វិញ និង​ការ​ចាប់ខ្លួន​ជន​សង្ស័យ គឺ​ដោយសារ​តែ​ មាន​ការ​ចូលរួម​ ពី​ប្រជាជន។ បន្ទាប់​ពី​បាត់​ ព្រះ​សារីរិកធាតុ​ អស់​រយៈពេល​ជិត​ ២​ខែ​កន្លង​មក ក្រសួង​មហាផ្ទៃ​ បាន​បង្កើត​ គណៈកម្មការ​ ស៊ើបអង្កេត​មួយ​ ដោយ​មាន​ការស្រាវជ្រាវ​ យ៉ាង​ស្វិតស្វាញ ខណៈ​ដែល​មានការ​រិះគន់​ ពី​មហាជន​ ដំណាល​គ្នា​នោះ។



ព្រះ​បរម​សារីរិកធាតុ ដែល​បាន​បាត់​កាលពី​ខែធ្នូ​ឆ្នាំទៅ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ហើយ​ត្រូវ​បាន​អះអាងថា មាន​សភាព​ដូច​ដើម ពេលនេះ​បាន​ស្ថិត​នៅ​ក្នុង​ការ​ថែរក្សា​ពី​សំណាក់​​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា។ ជាមួយគ្នា​នេះ​ព្រះ​បរម​កោដ្ឋ និង​ព្រះសារីរឹកធាតុ​ក៏ត្រូវបានដង្ហែទៅតម្កល់ទុកនៅក្នុងព្រះបរមរាជវាំងផងដែរ ដើម្បី​រង់ចាំ​ថ្ងៃ​ល្អ​ដង្ហែ​ទៅតម្កល់ទុកនៅភ្នំឧត្តុង្គវិញ។

លោក​ឧ​ត្ត​ម​សេនីយ ឯក ម៉ក់ ជី​តូ ប្រធាន​នាយក​ដា្ឋ​ន​កណ្តាល​នគរបាល​ក្រសួង​យុ​ត្តិ​ធ​ម៌​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​រក​ឃើញ​ជន​សង្ស័យ​ដែល​បាន​លួច​ព្រះ​បរម​សារីរិកធាតុ និង​វត្ថុ​មានតម្លៃ​នេះ ​គឺ​ដោយ​អនុវត្ត​ទៅ​តាម​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ពោល​គឺ​ប្រជាពលរដ្ឋ​ចូលរួម និង​ជា​អ្នកផ្តល់​ដំណឹង​ដល់​អាជ្ញាធរ។

កាលពី​វេលា​ថ្ងៃ​ត្រង់​ម្សិលមិញ​ព្រះ​បរមកោដ្ឋ​តម្កល់​ព្រះ​សារីរិកធាតុ​ព្រះពុទ្ធ​សា​មន​គោត្ត​ម​នៃ​យើង ត្រូវបាន​អាជ្ញាធរ​ស្រាវជ្រាវ​រកឃើញ​នៅ​ក្នុង​ភូមិ​កោះ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ ដោយ​មាន​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​មួយរូប​ឈ្មោះ កែវ រស្មី ជា​យុវជន​អាយុ​២៤​ឆ្នាំ។

តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រៅពី​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ គេ​បាន​រឹបអូស​វត្ថុ​មាន​តម្លៃ​មួយចំនួន ដែល​ចោរ​រូបនេះ​នឹង​បក្ស​ពួក​បាន​លួច​យក​ទៅ​ហើយ​បញ្ចេញ​ទៅ​ទីផ្សារ​មិនទាន់​អស់។ ក្នុង​នោះ​មាន ព្រះ​បរមកោដ្ឋ​ដែល​តម្កល់​ព្រះ​សារីរិកធាតុ​បិទ​ជិត រូប​ព្រះពុទ្ធ​បដិមាករ ដែល​ចោរ​បក​យក​មាស​ទៅ​លក់ ត្បូង គ្រឿង​អលង្ការ​និង​វត្ថុ​តាង​ដទៃទៀត​ជាច្រើន។

លោក ម៉ក់ ជី​តូ ឲ្យ​ដឹង​ទៀតថា អាជ្ញាធរ​កំពុងតែបន្ត​ស្រាវជ្រាវ​បន្ថែមទៀត ក្នុងការ​ប្រមូល​ភស្តុតាង​​និង​វត្ថុតាង​នានា ដោយហេតុថា អំពើចោរកម្ម​ដ៏​កក្រើក​នេះ ត្រូវ​បាន​សន្និដ្ឋានថា មាន​គ្នា​លើសពី​ម្នាក់។ យ៉ាងណាក៏ដោយ​មន្ត្រី​ប៉ូលិស​រូបនេះ បាន​ចាត់ទុកថា នេះ​គឺ​ជា​ជោគជ័យ​មួយ​របស់​សមត្ថកិច្ច​ក្នុងការ​ស្វែងរក​ព្រះ​សារី​រឹក​ធាតុ​ត្រលប់​មកវិញ ដោយមាន​ការចូលរួម​ពី​គ្រប់ផ្នែក​ដែល​ពាក់ព័ន្ធ។ ព្រះ​សារីរិកធាតុ​ត្រូវបាន​ប្រគេន​ដល់​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​កាល​ពី​ម្សិលមិញ ខណៈដែល​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា នឹងត្រូវ​ធ្វើ​ពិធី​សាសនា​ឡើងវិញ​នៅ​ពេលណា​នៅឡើយ។

សូម​រំលឹកថា ព្រះ​បរមកោដ្ឋ​ព្រះ​បរម​សារីរិកធាតុ និង​វត្ថុ​មានតម្លៃ​ជាច្រើន ដែល​តម្កល់ទុក​គោរពបូជា​នៅ​ព្រះ​សក្ស​មុនី​ចេតិយ លើ​ភ្នំ​ឧ​ត្តុ​ង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ ត្រូវ​ក្រុម​ចោរលួច​យកទៅ​បាត់ នៅ​វេលាយប់​ទៀបភ្លឺ ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ២០១៣។ ក្រសួង​មហាផ្ទៃ​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ឡើង​ដោយមាន​ការ​ឃាត់ខ្លួន​ឆ្មាំ​យាម​មួយចំនួន​ទៅ​សាកសួរ ក្នុងនោះ​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​ដោះលែង​វិញ​ដោយសារ​មិនមាន​ការពាក់ព័ន្ធ៕



No comments:

Post a Comment