អភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស សើ្នឲ្យ បិទអាជីវកម្ម ស៊ីសា
ដោយ៖ កាន់ វិច្ឆិកា / វីអូឌី | ថ្ងៃអង្គារ ទី25 ខែកុម្ភៈ ឆ្នាំ2014
អភិបាល រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ ចាត់ទុកការបើកអាជីវកម្មស៊ីសា ជារឿងខុសច្បាប់ និងស្នើឲ្យមានការបិទអាជីវកម្មទាំងនោះ។
ការលើកឡើងបែបនេះ បន្ទាប់ស៊ីសា ដែលត្រូវបានចាត់ទុកជាប្រភេទថ្នាំជក់ កំពុងតែពេញនិយមសម្រាប់យុវជនមួយចំនួន ដែលចង់សាក និងយុវជន ដែលចេះជក់បារី។
ក្នុងសន្និបាតបូកសរុបលទ្ធផលការអនុវត្តការងារឆ្នាំ២០១៣ លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា ស៊ីសាជាប្រភេទគ្រឿងញៀន ដែលមានគ្រោះថ្នាក់ និងកំពុងតែពង្វក់ឲ្យយុវវ័យមួយចំនួន។ លោកបន្តថា ស៊ីសា ជាគ្រឿងញៀនមួយប្រភេទ ដែលមានគ្រោះថ្នាក់ប្រហាក់ប្រហែលនឹងគ្រឿងញៀនផ្សេងទៀត ដែលមិនអាចគ្រប់គ្រងបាន ដូច្នេះកម្ពុជាមិនត្រូវមានប្រភេទគ្រឿងញៀនស៊ីសានេះចរាចរទេ «វាធ្វើឲ្យក្មេងមានសម្រើប ឲ្យក្មេងហ្នឹង បាត់ការគ្រប់គ្រងអារម្មណ៍បាន ធ្វើឲ្យមានបញ្ហាជាច្រើនដែលកើតឡើង អ៊ីចឹងបើយើងយកផ្លូវច្បាប់ គឺមិនអាចទៅរួច ដោយសារថា ការវិភាគនៅលើសារជាតិនេះ មិនមានគ្រឿងញៀន មានតែនីកូទីន ប៉ុន្តែបើយើងគិតកម្រិតគ្រោះថា្នក់ គេអាចបូកចូល នៅពេលដែលជក់នោះ ជាមួយនឹងគ្រឿងញៀន ដែលយើងគ្រប់គ្រងមិនបាន អញ្ចឹងគោលការណ៍នេះ ត្រូវចាត់វិធានការបន្ទាន់ ដែលនឹងត្រូវមិនអាចឲ្យនៅទីក្រុងយើង មានប្រភេទស៊ីសានេះទេ»។
នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ ប្រាប់VOD នៅរសៀលថ្ងៃអង្គារនេះថា ស៊ីសា ជាថ្នាំជក់មួយប្រភេទ ដែលមានគ្រោះថ្នាក់ដូចគ្នាទៅនឹងថ្នាំជក់ដទៃទៀតដែរ ជាពិសេសបណ្តាលឲ្យមានជំងឺ មហារីកសួត បេះដូង ការកកស្ទះសសៃឈាមបេះដូងជាដើម។ លោកបន្ថែមថា មានតែវិធានការច្បាប់ទេ ដែលអាចកាត់បន្ថយការប្រើប្រាស់ស៊ីសានេះ ហើយលោកក៏គាំទ្រចំពោះការស្នើសុំរបស់អភិបាលរាជធានី ដើម្បីបិទរាល់អាជីវកម្មស៊ីសាទាំងឡាយណា ដែលកំពុងតែចរាចរនៅកម្ពុជាដែរ «ស៊ីសា គឺជាប្រភេទមួយនៃផលិតផលថ្នាំជក់ អ៊ីចឹងវាគឺជាថ្នាំជក់ បើអ៊ីចឹងផលប៉ះពាល់របស់វាដូចជាថ្នាំជក់អ៊ីចឹង ហើយផលប៉ះពាល់កម្រិតណា វាអាស្រ័យនិងបរិមាណ នៃអ្នកប្រើប្រាស់។ សំខាន់គឺជាដំបូងបំផុត គឺយើងត្រូវមានវិធានការច្បាប់ ប៉ុន្តែទាក់ទងនឹងវិធានការច្បាប់នោះ ខ្ញុំគិតថា ប្រទេសកម្ពុជាយើងមានហើយ ជាពិសេសគឹសារាចរ លេខ០០៣ របស់ក្រសួងសុខាភិបាល ដែលដាក់ចេញនៅដើមខែកុម្ភៈនេះឯង»។
ស៊ីសា មានដើមកំណើតនៅប្រទេសក្រិក ហើយបានហូរចូលមកក្នុងប្រទេសកម្ពុជាជិតមួយឆ្នាំទៅហើយ ដោយស៊ីសាមួយបំពង់មានតម្លៃពី ៨ ទៅ ២០ដុល្លារ។ ក្នុងរាជធានីភ្នំពេញ មានកន្លែងជក់ស៊ីសា ដែលមានយីហោធំៗ ក៏ដូចជាកន្លែងលួចលាក់ជាច្រើនទៀត ដូចជានៅតាមភោជនីយដ្ឋាន ក្លឹបរាត្រី ខារ៉ាអូខេ ជាពិសេសហាងដែលមានទីតាំងនៅតាមបណ្តោយមាត់ទន្លេ និងកោះពេជ្រជាដើម៕
No comments:
Post a Comment