Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

សាលា​ក្រុង​៖ ពលរដ្ឋ​ខ្មែរ​ ប្តូរ​ឥរិយាបថ​​ ប្រើ​សេវា​ ឡាន​ក្រុង

រថយន្ត​ក្រុង​ដែល​ដាក់​សម្ពោធឲ្យ​ប្រើ​ប្រាស់ នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ០៥កុម្ភៈ ២០១៤​
រថយន្ត​ក្រុង​ដែល​ដាក់​សម្ពោធឲ្យ​ប្រើ​ប្រាស់ នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ០៥កុម្ភៈ ២០១៤​
@RFI

សាលា​ក្រុង​៖ ពលរដ្ឋ​ខ្មែរ​ ប្តូរ​ឥរិយាបថ​​ ប្រើ​សេវា​ ឡាន​ក្រុង

ដោយ ស៊ុន មេសា 
ក្រោយ​ការដាក់ឱ្យ​ដំណើរការ​ សេវា​ឡានក្រុង​ ជា​សាធារណៈ ​កាលពី​ថ្ងៃទី៥ កុម្ភៈ សាលា​រាជធានី​ ភ្នំពេញ​ បាន​អះអាងថា ​សេវា​រថយន្ត​សាធារណៈ​ឡានក្រុង ​បានទទួល​ការស្វាគមន៍​ ពី​ ពលរដ្ឋ។  ជា​អំ​ណា​ង​ ដោយ​លើកយក​ កំណើន​ នៃ​ពលរដ្ឋ​ ធ្វើដំណើរ​ តាមរយៈ​ រថយន្តក្រុង ​ដែល​កើន​ឡើង​ ជា​រៀងរាល់ថ្ងៃ។ សាលា​រា​ជធា​នី​ ភ្នំពេញ​ បាន​សង្កត់ធ្ងន់ ថា​ ពលរ​ដ្ឋ​កម្ពុជា​ កំពុង​ផ្លាស់ប្តូរ​ ឥរិយាបថ​ នៃ​កា​រ​ធ្វើដំណើរ​ របស់ខ្លួន។

ក្នុង​រយៈពេល៤ថ្ងៃ​នៃ​ការសាកល្បង​ដំណើរការ​រថយន្តក្រុង អ្នកធ្វើដំណើរ​មាន​ចំនួន​កើនឡើង។​ សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ​នេះ បានបង្ហាញ​ពី​តួលេខ​នៃ​អ្នកធ្វើដំណើរ​ថា​ បាន​កើនឡើង​ពី​១០២៩នាក់ ទៅដល់​១៩៦៥នាក់។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFIនៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ បាន​លំអិត​ថា ក្នុង​ថ្ងៃទី៥កុម្ភៈ ដែលជា​ថ្ងៃ​សម្ពោធ​នៃ​ដំណើរការ​ដំបូង​នោះ គឺមាន​ពលរដ្ឋ​ចំនួន ១០២៩នាក់ ចំណែកឯ​ថ្ងៃ​បន្តបន្ទាប់​រហូតដល់​ថ្ងៃទី៨ កុម្ភៈ គឺ​មាន​១៦៧៦នាក់ ១៧៣៦នាក់ និង ១៩៦៥នាក់។


ជាមួយ​ទិន្នន័យ​បូកសរុប​រយៈពេល៤ថ្ងៃ​ដំបូង​នេះ សាលាក្រុង​តាមរយៈ​លោក ឡុង ឌី​ម៉​ង់ បាន​សន្និដ្ឋានថា ​ពលរ​ដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​​ដែល​និយម​ប្រើប្រាស់​រថយន្ត​ឯកជន​ផ្ទាល់ខ្លួន​ ងាក​មករ​រក​ការប្រើប្រាស់​សេវាសាធារណៈ​វិញ។ រថយន្ត​សារ​ធា​រណៈ​​ដែល​សាលាក្រុង​ភ្នំពេញ សហការ​ជាមួយ​អង្គការ​JICAរបស់​ជប៉ុន​នោះ គឺជា​ការ​សាក​ល្បង​លើក​ទី២ហើយ បន្ទាប់ពី​បរាជ័យ​ក្នុងការ​សាកល្បង​កាលពី​កាលពី​ឆ្នាំ ២០០១។

ក្នុង​ដំណើរ​បណ្តាក់​ជា​រង្វ​ង់ ចាប់ពី​ម៉ោង ៥និង៣០នាទី​ព្រឹក រហូតដល់ ម៉ោង ៨និង​៣០នាទី​យប់​ រថយន្តក្រុង​ទាំង១០គ្រឿង​ ត្រូវ​ឈប់​ទទួល​អ្នកដំណើរ​នៅតាម​ចំណត​ទាំង៣៦ ចាប់ពី​ចំណុច​​រង្វង់​មូល​ស្តា​ត​ចាស់ រហូតដល់​ស្ពាន​ច្បារអំពៅ ​ដែលមាន​រយៈ​ចំងាយ​ប្រហែល ៧គីឡូម៉ែត្រ។

ដើម្បីឱ្យ​សេវា​រថយន្តក្រុង​សាធារណៈ​នេះ​បាន​ជោគជ័យ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ឡុង ឌី​ម៉​ង់ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​បន្ត​ការគាំទ្រ​ធ្វើដំណើរ​តាមរយៈ​រថយន្ត ក្រុង​នេះ​ជា​បន្តទៀត។

សូម​រំលឹកថា អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា ​សុជាតិ​វង្ស ធ្លាប់បាន​បញ្ជាក់ថា ការដាក់ឱ្យ​ដំណើរការ​រថយន្តក្រុង​នេះ គឺ​ដើម្បី​សំរួលការ​កកស្ទះ​ចរាចរណ៍ និង​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​​របស់​ប្រជាពលរដ្ឋ៕


No comments:

Post a Comment