Paris Peace Accords 23 Oct. 1991

Monday, February 10, 2014

យូណេស្កូ​ និង​អង្គការ​ ការពារ​ អ្នក​កាសែត​ ស្នើ​កម្ពុជា​ ឲ្យ​ចាប់​ជន​សម្លាប់​ អ្នក​កាសែត

បទល្មើស​នេសាទ កំពង់ឆ្នាំង ៣០៥
ឧបករណ៍​នេសាទ​ខុស​ច្បាប់ (ស្បៃ​មុង និង​អួន​ក្រឡា​ញឹក) ដែល​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ចាប់​រឹប​អូស​ពី​ជន​ល្មើស កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២។


យូណេស្កូ​ និង​អង្គការ​ ការពារ​ អ្នក​កាសែត​ ស្នើ​កម្ពុជា​ ឲ្យ​ចាប់​ជន​សម្លាប់​ អ្នក​កាសែត

អង្គការ​ អប់រំ​ វិទ្យាសាស្ត្រ​ និង​វប្បធម៌​ សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) និង​គណៈកម្មាធិការ​ ការពារ​ អ្នក​សារ​​ព័ត៌មាន​ សកល បាន​ទាមទារ​ ឲ្យ​ រដ្ឋាភិបាល​កម្ពុជា ស្វែង​រក​ឃាតក​រ សម្លាប់ ​លោក សួន ចាន់ អ្នក​កាសែត​ខ្មែរ​ម្នាក់​ ដែល​គេ​សម្លាប់​ យក​ទៅ​ ផ្ដន្ទាទោស។

ដោយ វោហារ ជាតិ / ០៩ កុម្ភៈ ២០១៤
សេចក្ដី​ប្រកាស​ព័ត៌មាន​យូណេស្កូ និង​គណៈកម្មាធិការ​ការពារ​អ្នក​សារ​​ព័ត៌មាន ចុះ​ផ្សាយ​នៅ​ចុង​សប្ដាហ៍​នេះ​បង្ហាញ​ថា លោក សួន ចាន់ ត្រូវ​សម្លាប់​ដោយសារ​លោក​បាន​សរសេរ​ព័ត៌មាន​រាយការណ៍​អំពី​ការ​នេសាទ​ខុស​ច្បាប់​នៅ​ខេត្ត​កំពង់ឆ្នាំង។
អគ្គ​លេខា​ធិការ​អង្គការ​យូណេស្កូ អ្នកស្រី អ៊ីរីណា បូកាវ់ា (Irina Bokava) ថា ការ​សម្លាប់​អ្នក​កាសែត​ដូច្នេះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​សារព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ដូច្នេះ​ថា៖«ខ្ញុំ​ភ័យ​រន្ធត់​ណាស់ ចំពោះ​ការ​សម្លាប់ សួន ចាន់ ដ៏​សាហាវ។ សង្គម​ទាំង​មូល​គឺ​ឈឺ​ចាប់​នៅ​ពេល​ដែល​អំពើ​ហិង្សា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បំបិទ​មាត់​អ្នក​សារព័ត៌មាន​ដែល​បំពេញ​កិច្ចការ​របស់​ខ្លួន។ ជន​ប្រព្រឹត្តិ​​បទ​ឧក្រិដ្ឋ​នេះ​ត្រូវ​តែ​ត្រូវ​តែ​កាត់​ទោស​ដើម្បី​ពង្រឹង​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា»
ចំណែក​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន​សកល ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក៏​មិន​ខុស​គ្នា​ដែរ អង្គការ​ការពារ​អ្នក​សារព័ត៌មាន​សកល​លោក​មួយ​នេះ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រក​មូលហេតុ​ពិត​ដែល​នៅ​បី​ក្រោយ​នៃ​ការ​សម្លាប់ ​លោក សួន ចាន់ ហើយ​ចាប់​ជន​ប្រព្រឹត្តិ​​បទឧក្រិដ្ឋ​នេះ​ត្រូវ​តែ​ត្រូវ​តែ​កាត់​ទោស​ឲ្យ​បាន។
លោក សួន ចាន់ អាយុ ៤៤​ឆ្នាំ អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត «មាគ៌ា​កម្ពុជា» ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រហែល ១០​នាក់ បាន​ព្រួត​វាយ​​សម្លាប់​នៅ​ក្បែរ​ផ្ទះ កាល​ពី​នៅ​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​១០១៤។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ នៅ​ថ្ងៃ​ទី​៩ កុម្ភៈ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ឃាតកម្ម​លើ​រូប​អ្នក​កាសែត សួន ចាន់ ហើយ​លោក​បញ្ជាក់​ថា ប៉ូលិស​កំពុង​ប្រឹងប្រែង​ស៊ើប​អង្កេត​រក​ឃាតក៖ «បាទ! យើង​ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ហើយ​សូម​ចូល​រួម (រំលែក​ទុក្ខ) សព​ជន​រងគ្រោះ​ដែល​ជនល្មើស​បាន​សម្លាប់​នេះ។ សុំ​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​គាត់​បាន​សោយសុខ។ យើង​ខ្ញុំ​នឹង​ខិតខំ​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​រក​ជនល្មើស​ដើម្បី​បញ្ជូន​ខ្លួន​ជន​ល្មើស​ទៅ​តុលាការ​កាត់​ទោស​តាម​ច្បាប់»
ទោះ​យ៉ាង​ណា ការ​ស៊ើប​អង្កេត​បឋម​របស់​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ឆ្នាំង បាន​សន្និដ្ឋាន​ថា ករណី​ព្រួត​គ្នា​វាយ​សម្លាប់​អ្នក​កាសែត លោក សួន ចាន់ នៅ​កំពង់ឆ្នាំង គឺ​ដោយសារ​ទំនាស់​ពាក្យ​សំដី​ពេល​ស៊ីផឹក​ស្រវឹង៕



1 comment:

  1. Anonymous2:40 AM

    ចោលូចសេរីរឹកធាតុ រកឃើញ តែអ្នកបាញ់សម្លាប់ កាសែត្រ ជាវិជ្ជា វុធ្ធី្គ ហ៊ុន សែន រក១០០ ឆ្នាំទៀតក៍មិនឃើញដែរ។

    ReplyDelete