វេទិកាផ្សព្វផ្សាយស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (រូបថត៖ បូ សាវី)
ក្រុមប្រឹក្សាយុវជន កម្ពុជា នៅសៀមរាប ស្នើឲ្យ គណបក្ស នយោបាយ បញ្ចូលយុវជន ជាបេក្ខភាព ក្រុមប្រឹក្សា យ៉ាងតិច ២០%
ដោយ៖ បូ សាវី / វីអូឌី | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
ក្រុមប្រឹក្សាយុវជនកម្ពុជា ហៅកាត់ YCC ប្រចាំខេត្ដសៀមរាប អំពាវឲ្យគណបក្សនយោបាយនានា បញ្ចូលយុវជន ជាបេក្ខភាពក្រុមប្រឹក្សា រាជធានី ខេត្ដ ស្រុក ខ័ណ្ឌ យ៉ាងតិច២០% ដើម្បីលើកកម្ពស់តម្លៃយុវជន។ ការអំពាវនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ ស្ដីពីការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ដ ស្រុក ខ័ណ្ឌ នៅខេត្ដសៀមរាប នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលរៀបចំដោយ វ៉ាយ ស៊ី ស៊ី។
ប្រធានក្រុមប្រឹក្សាយុវជនកម្ពុជា ប្រចាំខេត្ដសៀមរាប លោក ជា ផុង មានប្រសាសន៍ថា យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋ ត្រូវយល់ដឹងឲ្យបានច្បាស់ ពីនីតិវិធីនៃការបោះឆ្នោត ដើម្បីឲ្យគណបក្សនយោបាយ បញ្ចូលពួកគេ ជាបេក្ខភាពក្រុមប្រឹក្សារាជធានី ខេត្ដ ស្រុក ខ័ណ្ឌ យ៉ាងតិច២០% និងចង់ឲ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ពីអសកល ទៅជាសកល សម្រាប់អាណត្ដិក្រោយផងដែរ។ លោកក៏បានអំពាវឲ្យក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋ ស្វែងយល់ពីនីតិវិធី នៃកាបោះឆ្នោតសកល និងអសកល។
អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្ដសៀមរាប លោក សុខ គឹមសេង មានប្រសាសន៍ថា គណបក្សប្រឆាំង បានផ្ដល់ឱកាស និងលើកទឹកចិត្តដល់យុវជនគ្រប់អាណត្ដិ។ លោកបន្ដថា នៅអាណត្ដិទី១ យុវជន ជាប់ជាក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុក ៣០% ដែលមានអាយុ៣៥ឆ្នាំចុះក្រោម។ លោកបន្ដថា សម្រាប់អាណត្ដិទី២នេះ លោកកំពុងទទួលពាក្យ និងជំរុញបន្ថែម ហើយនៅតាមបណ្ដាស្រុកខ្លះ មានយុវជនឈរលេខរៀងលំដាប់លេខ១ផងដែរ «គណបក្សសង្គ្រោះជាតិ មិនមែនត្រឹមតែគ្រាន់តែរៀបចំយុវជន ឲ្យជារចនាសម្ព័ន្ធ ចូលរួមក្នុងនយោបាយទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មានឆន្ទះពិតប្រាកដ ក្នុងការជំរុញ ហើយលើកតម្កើង ព្រមទាំងផ្តល់ឱកាសឲ្យយុវជនពិតប្រាកដ ហើយការរៀបចំបេក្ខជន នៅអាណត្តិទី២នេះទៀត ក៏យើងកំពុងតែគិតគូរពាក់ព័ន្ធ ជាមួយនឹងយុវជននេះដែរ»។
ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ពុំបានធ្វើអត្ថាធិប្បាយអ្វីចំពោះសំណើនេះទេ ដោយលោក មានប្រសាសន៍ថា គណៈអចិន្ដ្រៃយ៍បក្សជាអ្នកសម្រេច «ការងារគណៈអចិន្ត្រៃយ៍គេធ្វើ។ គណៈអចិន្ត្រៃយ៍ រៀបចំសមាសភាពដដែលអត់មានប្តូរផ្លាស់អីទេ»។
នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រិត និងយុត្ដិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា យល់ថា ការអភិវឌ្ឍន៍ជាតិ គណបក្សនយោបាយទាំងពីរ មិនអាចអត់យុវជនបានឡើយ ដើម្បីឲ្យពួកគេមានបទពិសោធន៍ ការងារនយោបាយច្រើនឆ្នាំ។ ប៉ុន្ដែលោកថា យុវជនត្រូវជ្រើសរើសតំណាងរបស់ខ្លួន ដែលមានសក្ដានុពល និងអព្យាក្រិតក្នុងការងាររបស់ខ្លួន៕
No comments:
Post a Comment