Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

យោធិន​ពិការ​ នៅ​បាត់ដំបង​ ត្អូញ​ ពី​ ការ​បើក​ប្រាក់​សោធន​និវត្តន៍​ មិន​ទៀងទាត់

យោធិន​ពិការ​ នៅ​បាត់ដំបង​ ត្អូញ​ ពី​ ការ​បើក​ប្រាក់​សោធន​និវត្តន៍​ មិន​ទៀងទាត់


ដោយ អ៊ុក សាវបូរី  / អាស៊ីសេរី​ |​ ១៣ កុម្ភៈ ២០១៤
យោធិន​ពិការ​ជា​ច្រើន​នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​រស់​នៅ​ពឹង​អាស្រ័យ​លើ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ត្អូញត្អែរ​ថា ប្រាក់​​សោធន​និវត្តន៍​របស់​ពួកគាត់ ពុំ​ត្រូវ​ក្រុម​មន្ត្រី​សង្គម​កិច្ច​បើក​អោយ​បាន​ទៀង​ទាត់​ឡើយ។ លើស​ពី​នេះ ​ការ​ពន្យារពេល​បើក​ប្រាក់​ញឹក​ញាប់​ បាន​ធ្វើ​អោយ​បាត់​ប្រាក់​ខែ​ដែល​ជា​ទូទៅ​ក្នុង ១​ឆ្នាំ​ ត្រូវ​បាត់​ប្រាក់ខែ​មួយ​ខែ។
យោធា​ពិការ​នៅ​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឆាប់​បញ្ចូល​លុយ​ចូល​និវត្តន៍​របស់​ពួកគាត់​ឲ្យ​ទៅ​ធនាគារ​អេស៊ីលីដា ឲ្យ​បាន​ទៀងទាត់។
អតីត​អនុ​វរសេនីយ៍ឯក​យោធា​កងពល​លេខ ១៦ បាន​ពិការ​ដោយសារ​ការ​បាក់​ឆ្អឹង​ក​៣​កំណាត់ កាល​ពី​ឆ្នាំ​២០០០ ថ្លែង​ថា កាល​គាត់​បើក​លុយ​នៅ​ក្នុង​កង​ពល ធ្លាប់​បាត់​លុយ​ចំនួន ១​ខែ​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​ថ្ងៃ​បើក​លុយ​ខែ​ទី​១ ទៅ​បើក​ដល់​ដាច់​ខែ​ទី​២ ហើយ​ពន្យារ​ថ្ងៃ​បើក​លុយ​ត​ខែ​គ្នា។ រហូត​ដល់​ខែ​ចុង​ឆ្នាំ គេ​បំបាត់​លុយ​ខែ​ទី​១២ តែម្ដង គឺ​លុយ​បើក​សម្រាប់ ១​ឆ្នាំ ដែល​មាន ១២​ខែ គឺ​លុយ​បើក​បាន​ពិត​ប្រាកដ​តែ ១១​ខែ៖ «បើ​ចេះ​តែ​ពន្យារ​ពេល​យូរៗ​ទៅ ចេះ​តែ​ខើច​ខែ​របស់​ពួក​ខ្ញុំ ហើយ​ខ្ញុំ​សង្ស័យ​ចូល​គន្លង​ចាស់ បាន​ខ្ញុំ​ខ្លាច​បាត់​លុយ​១​ខែ»
អតីត​យោធា​ភូមិភាគ​៥ បាន​ពិការ​ជើង​ឆ្នាំ​១៩៩៧ ឈ្មោះ ​រុំ ថ្លែង​ថា ពួកគាត់​ពិការ​មិន​អាច​រក​ចំណូល​ផ្សេង​ក្រៅ​ពី​ប្រាក់​ខែ​ទេ។ នៅ​ថ្ងៃ​នេះ គាត់​ឈឺ​ដេក​នៅ​កន្ទេល រំពឹង​ប្រាក់ខែ​យក​មក​ទិញ​ថ្នាំ​លេប ប៉ុន្តែ​ប្រាក់​ខែ​មករា មិន​ទាន់​បញ្ចូល​ក្នុង​គណនេយ្យ​គាត់​នៅ​ធនាគារ​អេស៊ីលីដា នៅ​ឡើយ៖ «ឥឡូវ​១​ឆ្នាំ សល់​តែ ១១​ខែ​អី​ហ្នឹង។ បាត់​១​ខែ​មិន​ដឹង​បាត់​ទៅ​ណា​ទៀត ខ្ញុំ​ឆ្ងល់​ដែរ។ ឥឡូវ​ខ្ញុំ​កំពុង​តែ​ឈឺ ដេក​ងើប​ចង់​តែ​វារ ធ្វើ​ម៉េច​បើ​គ្នា​ដល់​ខែ​ហើយ​មិន​ឲ្យ​គ្នា គ្នា​ដឹង​តែ​ពី​យ៉ាប់ ព្រោះ​គ្នា​សុទ្ធ​តែ​អត់​ទាំង​អស់»
យោធា​ពិការ​ដទៃ​ទៀត​នៅ​ស្រុក​រុក្ខគិរី អំពាវនាវ​សុំ​ឲ្យ​ក្រសួង​ការពារ​ជាតិ ក្រសួង​សង្គម​កិច្ច ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ពន្លឿន​បញ្ចូល​លុយ​ទៅ​ក្នុង​គណនេយ្យ​របស់​ពួក​គាត់​នៅ​ធនាគារ​អេស៊ីលីដា ផង ព្រោះ​ពួក​គាត់​រំពឹង​ប្រាក់​ខែ​នោះ​ណាស់៖ «ប្រាក់​ខែ​នៅ​វា​បាត់ ដល់​ចូល​ធនាគារ​អេស៊ីលីដា វា​អត់​បាត់ តែ​បាន​យឺតយ៉ាវ​ក្នុង​ការ​បើក»
មន្ត្រី​ធនាគារ​អេស៊ីលីដា លោក ណយ សោភា ​ឲ្យ​ដឹង​ថា ធនាគារ​នេះ​បម្រើ​សេវា​បើក​និង​ទទួល​ប្រាក់​ពី​រដ្ឋាភិបាល​និង​ពី​អតិថិជន។ ប៉ុន្តែ​បើ​ក្រសួង​មន្ទីរ​របស់​រដ្ឋាភិបាល​មិន​បង់​ប្រាក់​ចូល​មក​ធនាគារ​នេះ​ទេ ​គឺ​ធនាគារ​មិន​មាន​ប្រាក់​បើក​ជូន​អ្នក​ចូល​និវត្តន៍​ទាំង​នោះ​ឡើយ៖ «ខាង​ខ្ញុំ​ចាំ​តែ​ទទួល​ឯកសារ​ពី​ខាង​ក្រសួង ឬ​មន្ទីរ​ដែល​ដាក់​ឲ្យ​គាត់​ទេ ពេល​ដែល​គាត់​មាន​ឯកសារ​ភ្លាម គឺ​ពួក​ខ្ញុំ​បញ្ចូល​ក្នុង​គណនេយ្យ​គាត់​ភ្លាម ខាង​ខ្ញុំ​មិន​បាន​ពន្យារ​ទេ។ អ៊ីចឹង​ឲ្យ​គាត់​ទាក់ទង​ទៅ​ខាង​មន្ទីរ ឬ​ក៏​ក្រសួង​វិញ​បាន​ដឹង»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​សង្គមកិច្ច និង​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ជម្រាប​សួរ​ប្រាក់​ដែល​រដ្ឋ​ផ្ទេរ​ទៅ​អោយ​ធនាគារ​ប្រចាំ​ខែ ដើម្បី​បើក​ជូន​អ្នក​ចូល​និវត្តន៍​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា មន្ត្រី​ទាំង​នោះ​អាច​ទៅ​សាកសួរ​នៅ​មន្ទីរ​សង្គមកិច្ច​ដែល​ធ្លាប់​បើក។ លោក​ថា រដ្ឋាភិបាល​អាណត្ត​ទី​៥ កែ​ទម្រង់​ការ​បើក​ប្រាក់​ខែ​ពី​បើក​ផ្ទាល់​ដោយ​មន្ត្រី​តាម​ស្ថាប័ន ទៅ​បើក​នៅ​ធនាគារ​វិញ។ ការ​ធ្វើ​បែប​នេះ គឺ​ការពារ​ការ​បាត់​បង់​ប្រាក់​មួយ​ចំនួន​នៅ​ពាក់​កណ្ដាល​ផ្លូវ​ផង និង​បញ្ហា​ផ្សេងៗ​ទៀត​ផង៕



No comments:

Post a Comment