Paris Peace Accords 23 Oct. 1991

Wednesday, February 5, 2014

ពលរដ្ឋ បារម្ភ​ខ្លាច​ ឆ្លង​ជំងឺ​ H5N1 ខណៈ​ឃើញ​ សត្វ​ទា​ងាប់ នៅ​កំពង់ធំ​​

ពលរដ្ឋ បារម្ភ​ខ្លាច​ ឆ្លង​ជំងឺ​ H5N1 ខណៈ​ឃើញ​ សត្វ​ទា​ងាប់ នៅ​កំពង់ធំ​​


ដោយ៖​ បូ សាវី​ | ថ្ងៃអង្គារ ទី4 ខែកុម្ភៈ ឆ្នាំ2014

ប្រជាពលរដ្ឋនៅ​ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ សម្ដែង​ការព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី បន្ទាប់​ពី​សត្វ​ទា​រាប់ម៉ឺន​ក្បាល ដែល​ពួកគេ​ចិញ្ចឹម បាន​ឈឺ​ងាប់​ជា​បន្ដបន្ទាប់ ខណៈ​ពេទ្យ​ជំនាញ​រកឃើញ​ជំងឺ​នោះ​ជា​ជំងឺ​អាសន្នរោគ​ទា។
​ពលរដ្ឋ​នៅ​ភូមិ​វាល​អំពិល ឃុំ​ទ្រាល ស្រុក​បារាយណ៍ លោក ហ៊ិ​ន សេង ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សត្វ​ទា​របស់​លោក​រាប់រយ​ក្បាល បាន​ឈឺ​ងាប់​ជា​បន្ដបន្ទាប់ ចាប់តាំងពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​កន្លងមក ដោយ​ពេទ្យសត្វ​ព្យាបាល​មិនទាន់​ជា​ស្បើយ​ឡើយ​។ លោក​បន្ដថា ពលរដ្ឋ ក៏​ដូច​ក្រុមគ្រួសារ​លោក​មាន​ការបា​រ​ម្ភ ដោយ​ខ្លាច​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី  បើទោះបី​ពេទ្យសត្វ​អះអាងថា មិនមាន​ជំងឺ​ H5N1​ ក៏ដោយ «​ងាប់​[​ទា​]​ជួនកាល​២០ ជួនកាល​១៥ ជួនកាល​១២ វា​មិន​ទៀង រាប់​ពី​១០​លើស ២០​ចុះ​មួយ​យប់ៗ​។ ដាក់​ថ្នាំពេទ្យ​ដល់​ទៅ​៣ ពេទ្យសត្វ​យើង​នៅ​ឃុំ​ក៏មាន ពេទ្យ​ស្រុក​យើង​ក៏​មាន ពេទ្យ​នៅ​ភ្នំពេញ​ក៏​មាន​។ ខ្ញុំ​កំពុង​ពិបាក មិនដឹង​ជា​គិត​របៀប​ម៉េច ខ្លះ​ងាប់​មិន​ស្នើ​គ្នា​ទេ មាន​អ្នកខ្លះ​ងាប់​[​ទា​] ដល់​ថ្នាក់​ម្ចាស់​យំ ជំពាក់​គេ​នោះ​ក៏​មាន​»​។​
ពលរដ្ឋ​មួយរូប​ទៀត នៅ​ភូមិ​ព្រៃវែង លោក ឡូត លេខ ឲ្យដឹងថា សត្វ​ទា​លោក​ជាង​១​ពាន់​ក្បាល​ ​បាន​ឆ្លង​ជំងឺ​ពី​ទ្រុង​មួយ​ទៅ​ទ្រុង​មួយ ប៉ុន្ដែ​សត្វ​ទា​របស់​លោក​ងាប់​មិន​ច្រើន​ដូច​អ្នក​ចិញ្ចឹម​ផ្សេង​ឡើយ ហើយ​លោក​ក៏​បារម្ភ​ឆ្លង​ជំងឺផ្ដាសាយបក្សី​ដែរ​។ លោក​បន្ថែមថា សត្វ​ទា​ដែល​ងាប់​នោះ លោក​មិន​បាន​យក​ទៅ​ទទួលទាន និង​លក់​ឲ្យ​អ្នក​ផ្សេង​ឡើយ គឺ​កប់​ចោល ហើយ​មកដល់ពេលនេះ សត្វ​ទា​ក៏​មិនសូវ​ងាប់​ដូច​ពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤​នេះដែរ «​គ្រាន់តែ​ផុតពី​ទ្រុង​មួយ វា​ចូល​ទ្រុង​មួយ​។ ទ្រុង​មួយ​ព្យាបាល​ជា វា​ទៅ​ទ្រុង​មួយទៀត ដូច​ឆ្លង​គ្នា​យ៉ាង​ម៉េច​ទេ បើ​មើល​សព្វៗ​ទៅ​។ ឲ្យតែ​ថា​រៀង​ខ្យល់​វ៉ុល​បន្តិច​ទៅ វា​ចេះតែ​ឆ្លង​នេះ​មួយ នោះ​មួយ ទ្រុង​ក៏​ត្រូវតែ​ជ្រលក់​ជើង​ដែរ ដើរ​ទៅ​នេះ​ទៅ​នោះ​ក្នុងភូមិ បក​មកវិញ ខ្ញុំ​ជ្រលក់​បន្តិច​ទើប​ចូល​ទ្រុង​»​។​
VOD ​មិនទាន់​អាច​ទាក់ទង​មន្ដ្រី​សុខាភិបាល  និង​មន្ទីរ​កសិកម្ម ខេត្ដ​កំពង់ធំ បាន​នៅឡើយ​ទេ។ ប៉ុន្ដែពេទ្យសត្វ​ឯកជន នៅ​តាំងគោក ស្រុក​បារាយណ៍ ដែល​ចុះ​ព្យាបាល​សត្វ​នៅ​កន្លែង​ផ្ទាល់ លោក ចាន់ វុត្ថា មាន​ប្រសា​ស​ន៍​ថា ចាប់​ចុងឆ្នាំ​២០១៣ រហូតដល់​ពេល​នេះ សត្វ​ទា​ងាប់​ប្រហែល​៥​ម៉ឺន​ក្បាល ទៅ​ជាង​៦​ម៉ឺន​ក្បាល ដែល​លោក​អះអាងថា ជា​ជំងឺ​អាសន្នរោគ​ទា។ លោក​បន្ដថា តាម​ការ​យក​សត្វ​ទា​ទៅពិនិត្យ គឺ​មិន​មាន​មាន​កើត​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នោះឡើយ «​ពី​កន្លង​ប៉ុន្មាន​ឆ្នាំ​មុន​មក ជំងឺ​ប្រភេទ​នេះ វា​អាច​បុក​ងាប់​ច្រើន​ទ្រុង​។ តែ​ឥឡូវនេះ​វា​មិន​អី​ទេ ក្នុង​មួយ​ទ្រុង វា​ងាប់​៥០-៦០ ទា​អី​ទេ ១០-២០​ទា តាម​ទ្រុង តាម​ប្រភេទ​ជំងឺ​ស្រាល​ធ្ងន់​។ អត់​ទេ ព្រោះ​អី​យក​ឲ្យគេ​មើល​ហើយ វា​មិន​មាន​ពាក់ព័ន្ធ​ផ្តាសាយ​បក្សី​នៅ​ទេ វា​ជា​ប្រភេទ​ជំងឺ​ធម្មតា​ទេ​»​។​
កាលពី​ខែ​តុលា ឆ្នាំ​២០១៣ កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់ នៅ​ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ ត្រូវ​បាន​កើត​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​H5N1 ដែល​ក្រសួង​សុខាភិបាល​ប្រកាសថា កុមារី​ម្នាក់​នោះ​អាចមកពី​ប៉ះ​មាន់​ទា ឬ​សត្វ​ដែល​ងាប់។ ប៉ុន្ដែ​មិន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ឡើយ ដោយសារ​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ខេត្ដ​សៀមរាប​។​
​គួរបញ្ជាក់​ថា ជំងឺ​ផ្ដាសាយ​បក្សី បាន​កើតឡើង​២៦​ករណី នៅក្នុង​ឆ្នាំ​២០១៣ ដែល​ក្នុងនោះ ១៣​នាក់​បាន​ស្លាប់ និង​១២​នាក់​បាន​ជាសះស្បើយ ប៉ុន្ដែ​នៅ​ឆ្នាំ​២០១៤​នេះ មិនទាន់​មាន​នៅឡើយ​ទេ​៕



No comments:

Post a Comment