ផ្ទះប្រជាពលរដ្ឋ ដែលត្រូវបានក្រុមហ៊ុនចិន ដុតបំផ្លាញ (រូបភាព៖ បណ្តាញសង្គម)
ក្រុមហ៊ុនចិនមួយ នៅខេត្តកោះកុង ផ្អាកដុតផ្ទះពលរដ្ឋ បន្ទាប់ពី អាជ្ញាធរ អន្តរាគមន៍
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014
មន្ត្រីសង្គមស៊ីវិល អះអាងនៅថ្ងៃចន្ទនេះថា អាជ្ញាធរខេត្តកោះកុង កំពុងចុះសិក្សាពីការផ្តល់សំណង ដល់ប្រជាពលរដ្ឋ ដែលមិនព្រមចាកចេញទៅនៅទីតាំងថ្មី ដើម្បីបើកផ្លូវឲ្យក្រុមចិន អភិវឌ្ឍន៍នៅលើដីនោះ។
កិច្ចអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនចិនឈ្មោះ យូញៀនឌីវើលុបភឺមែនគ្រុប (Union Development Group CO.LTD) ចុះរុះរើ និងដុតផ្ទះពលរដ្ឋនៅ តំបន់នោះ អស់៤៥ខ្នងដោយមិនផ្តល់សំណង កាលពីចុងខែមករាឆ្នាំ២០១៤នេះ ដើម្បីបើកផ្លូវ អនុវត្តគម្រោងអភិវឌ្ឍន៍របស់ខ្លួន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណួ ឲ្យដឹងថា ករណីក្រុមហ៊ុនចិន បណ្តេញ ពលរដ្ឋខ្មែរ ចេញពីដីក្នុងគម្រោងអភិវឌ្ឍន៍ ទាំងបង្ខំនេះ អាជ្ញាធរខេត្តបានចេញមុខ ដោះស្រាយហើយ បន្ទាប់ពីអ្នករងគ្រោះ ជាង១០០នាក់ បោះជំរំបិទផ្លូវ ពីរយប់ ពីរថ្ងៃ ជិតស្នាក់ការក្រុមហ៊ុន ដើម្បីដាក់សម្ពាធស្វែងរកយុត្តិធម៌ «តាមលក្ខខណ្ឌកិច្ចសន្យាថ្ងៃបាតុកម្ម អភិបាលស្រុកគិរីសាគរ និងបុទុមសាគរ សន្យាថា ប្រសិនជាក្រុមហ៊ុនមានការបណ្តេញចេញ គាត់នឹងដាក់កម្លាំងមូលដ្ឋាន អាជ្ញាធរមូលដ្ឋាននោះការពារ បានន័យថាទប់ស្អាត មិនឲ្យមានការបណ្តេញចេញតទៅទៀតទេ។»
មន្ត្រីសង្គមស៊ីវិលរូបនោះបន្តថា វិធានការបណ្តេញចេញទាំងបង្ខំនោះ យ៉ាងហោចណាស់ ផ្ទះពលរដ្ឋនៅឃុំតានូ ស្រុកបុទុមសាគរ ២៩ខ្នង ត្រូវក្រុមហ៊ុនចិនដុតបំផ្លាញ និង១៦ខ្នងផ្សេងទៀត នៅឃុំកោះស្តេចស្រុកគីរីសាគរ ត្រូវរុះរើដោយគ្មានផ្តល់សំណង «ទើបចាប់ផ្តើមប្រមូលថ្ងៃនេះ ព្រោះមួយថ្ងៃបើបងប្អូនចូលរួមសហការ មួយថ្ងៃរួចហើយ។»។
អភិបាលស្រុកបុទុមសាគរ លោក អន ភារៈ អះអាងថា អាជ្ញាធរភូមិឃុំកំពុងចុះស្រង់ឈ្មោះគ្រួសារ ដែលក្រុមហ៊ុនបានដុត និងរុះរើ ដើម្បីដាក់ជូនអភិបាលខេត្ត មុននឹងឈានទៅបើកកិច្ចប្រជុំ រួមជាមួយតំណាងក្រុមហ៊ុន ពីការផ្តល់សំណង។
របាយការណ៍ស្រាវជ្រាវរួម របស់វេទិកាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (NGO Forum) គណៈកម្មាធិការប្រតិកម្មការពារសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ បង្ហាញថា ក្រុមហ៊ុនចិន ឈ្មោះ យូញៀនឌីវើលុបភឺមែន គ្រុប ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ទំហំ៣៦.០០០ហិកតា កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍរមណីយដ្ឋានទេសចេរណ៍ស្របតាមស្តង់ដារអន្តជាតិ លាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រជាង១០០គីឡូម៉ែត្រ គ្របដណ្តប់លើស្រុកគីរីសាគរ និងបុទុមសាគរ ខេត្តកោះកុង។ នៅឆ្នាំ២០១១ ក្រុមហ៊ុននេះទទួលបានដីសម្បទានបន្ថែម ៩.១០០ហិកតាទៀត ដើម្បីធ្វើអាងស្តុបទឹក និងវារីអគ្គិសនី។
ប៉ុន្តែ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាងមួយពាន់គ្រួសារ(១១៦៣) ក្នុងនោះ៨០០គ្រួសារ ទទួលយកសំណងទាំងបង្ខំចិត្តទៅរស់នៅកន្លែងតាំងលំនៅថ្មី ដោយពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធ។ ចំណែក៣៤៣គ្រួសារទៀត មិនព្រមទទួលយកសំណង ដើម្បីផ្លាស់ចេញ ហើយពួកគេកំពុងប្រឈម និងការបណ្តេញចេញទាំងបង្ខំ។
យ៉ាងណាក៏ដោយ ទាំងសង្គមស៊ីវិល និងអាជ្ញាធរអះអាងថា ពេលនេះ ក្រុមហ៊ុនចិនមួយនេះសម្រេចផ្អាកសកម្មភាពឈូសឆាយរបស់ខ្លួនបណ្តោះអាសន្នសិនហើយ ដោយរង់ចាំរកដំណោះស្រាយ ពីភាគីពាក់ព័ន្ធ៕
No comments:
Post a Comment