រូបថត ឆ្នាំ២០០៧៖ វត្តចិនមួយនៅជាយក្រុងភ្នំពេញ
RFA / Danh Hong
អ្នកវិភាគ៖ កំណើន ពលរដ្ឋចិន នៅកម្ពុជា អាចប៉ះពាល់ ដល់ សង្គមខ្មែរ
ដោយ អាន ស៊ីថាវ / អាស៊ីសេរី | ១៣ កុម្ភៈ ២០១៤
ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ និងបានផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា។ ការជួយជ្រោមជ្រែងនេះ បានជំរុញឲ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគចិន ផ្លាស់ទីកាន់តែច្រើននៅប្រទេសកម្ពុជា។ អ្នកវិភាគមួយចំនួនព្រួយបារម្ភអំពីការកើនឡើងក្រុមប្រជាពលរដ្ឋចិន ថាអាចប៉ះពាល់ដល់សង្គមកម្ពុជា លើផ្នែកវប្បធម៌ សេដ្ឋកិច្ច និងបរិស្ថាន។
ប្រទេសមួយដែលមានអំណាចខ្លាំង តែងធ្វើឲ្យប្រទេសតូចមួយងាយនឹងទទួលយកធ្វើជាគំរូ។ មានហេតុផលសំខាន់មួយចំនួនដែលធ្វើឲ្យជនជាតិចិន ហូរចូលមកប្រទេសកម្ពុជា រួមមានកត្តាប្រវត្តិសាស្ត្រ កត្តាអាជីវកម្ម ហើយប្រទេសចិន បានផ្ដល់ជំនួយ និងកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា។ ប្រជាពលរដ្ឋកម្ពុជា វិញ ហាក់ដូចជាងាយនឹងទទួលវប្បធម៌របស់ចិន ឬតាំងខ្លួនជាអ្នកជាប់សែស្រឡាយចិន ដោយហេតុផលសំខាន់ពីរ គឺទីមួយ ប្រជាពលរដ្ឋចិន មានពណ៌សម្បុរល្អ និងចិន ជាអ្នកពូកែរកស៊ី។
អ្នកជាប់សែស្រឡាយចិន ម្នាក់ឈ្មោះ សុខ ឡាក់ ពន្យល់ពីមូលហេតុដែលគ្រួសាររបស់គាត់មករស់នៅប្រទេសកម្ពុជា។ លោកបានឲ្យដឹងថា កុងម៉ារបស់គាត់បានចំណាកស្រុកមកពីខេត្តខ្វាងចូវ ប្រទេសចិន ចូលមកកម្ពុជា ដោយហេតុផលសង្គ្រាម។ លោកបញ្ជាក់ថា ជនជាតិចិន ជាអ្នកពូកែសន្សំសំចៃ និងពូកែរកស៊ី ហើយចេះជួយគ្នាទៅវិញទៅមក។ វប្បធម៌មួយដែលសម្គាល់ថាជាចិន គឺវប្បធម៌កាន់ចង្កឹះ និងប្រើកូនចានដើម្បីទទួលទានបាយ។ លោកថា ទំនៀមទម្លាប់នេះដោយសារគ្រួសារនីមួយៗរកចំណូលបានតិច និងចង់ចែករំលែកធនធានទាំងនោះ ឲ្យសមាជិកគ្រួសារទទួលបានស្មើៗគ្នា។
«សំឡេង»
លោក សុខ ឡាក់ បញ្ជាក់ទៀតថា វប្បធម៌ និងប្រពៃណីរបស់ជនជាតិចិន នៅតាមផ្ទះនីមួយៗដែលជាប់សែស្រឡាយចិន តែងធ្វើពិធីសែនផ្លែឈើនៅថ្ងៃទី១៥ ដើម្បីឧទ្ទិសដល់ម្ចាស់ទឹក ឬម្ចាស់ដី ទីកន្លែងដែលពួកគេកំពុងរស់នៅ និងសែនជាសាច់នៅថ្ងៃបន្ទាប់ គឺនៅថ្ងៃទី១៦ ដើម្បីឧទ្ទិសដល់ដូនតារបស់គេ ដែលបានចែកឋានហើយ។ ក្រៅពីពិធីនេះ រៀងរាល់ឆ្នាំ ជនជាតិចិន ប្រមូលសាច់ញាតិទាំងអស់ធ្វើពិធីយ៉ាងគគ្រឹកគគ្រេង ឧទ្ទិសដល់ដូនតារបស់គេ ដែលគេនិយមហៅថា ឆេងម៉េង និងពិធីសំខាន់មួយទៀត គឺចូលឆ្នាំចិន។
នាឱកាសចូលឆ្នាំម្ដងៗ ពួកគេមានអប្បិយជំនឿថាក្នុងរយៈពេលចូលឆ្នាំបីថ្ងៃ គឺហាមមិនឲ្យបោសសម្អាតផ្ទះ ដោយពួកគេសំអាងថា អ្វីៗដែលហូរចូលក្នុងផ្ទះនៅកំឡុងថ្ងៃនោះ គឺជាទ្រព្យសម្បត្តិរបស់គេ ដែលបង្ហាញថា ពួកគេនឹងរកស៊ីកាក់កបនៅក្នុងឆ្នាំហ្នឹង។
លោក សុខ ឡាក់ បញ្ជាក់ទៀតថា ជនជាតិចិន តែងចេះសហការ និងជួយគ្នាទៅវិញទៅមក ប៉ុន្តែពួកគេមិនចង់រាប់អានជាតិសាសន៍ផ្សេង ដែលមានចារិកសាំញ៉ាំ និងគ្មានសណ្ដាប់ធ្នាប់។
ប្រទេសកម្ពុជា មានសមាគមដែលរក្សាត្រកូលសំខាន់បែបចិន កំពុងរស់នៅកម្ពុជា ចំនួន ១៣សមាគម។ សមាគមនោះមានគោលបំណង និងទិសដៅផ្សេងៗគ្នា ដើម្បីថែរក្សាវប្បធម៌ប្រពៃណីរៀងខ្លួន។ ប្រធានសមាគមត្រកូល អ៊ឹង កម្ពុជា លោក អ៊ឹង ហុងមេង បានឲ្យដឹងថា អ្នកដែលជាប់សែស្រឡាយត្រកូលនេះ មានទិសដៅចេះជួយចែករំលែកគ្នាទៅវិញ ការចូលរួមអភិវឌ្ឍក្នុងសង្គមតាមរយៈការធ្វើខ្លួនជាពលរដ្ឋល្អម្នាក់។
របាយការណ៍ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រជាពលរដ្ឋចិន បានភៀសខ្លួនចូលមករស់នៅកម្ពុជា បានកើនឡើងជាលំដាប់។ កម្ពុជា មានជនជាតិចិន រស់នៅកម្ពុជា ចំនួន ៦ម៉ឺននាក់ កាលពីឆ្នាំ១៩៨៤ ហើយបានកើនឡើងដល់ ៤០ម៉ឺននាក់នៅឆ្នាំ២០០៥។ បច្ចុប្បន្ន ស្ថាប័នរបស់អង្គការសហប្រជាជាតិ នេះមិនបានធ្វើការស្រាវជ្រាវថ្មីអំពីចំនួនជនជាតិចិន រស់នៅកម្ពុជា មានប៉ុន្មាននោះឡើយ។ ប៉ុន្តែ សមាគមខ្មែរចិន ធ្លាប់បានអះអាងថា ជនជាតិចិន កំពុងរស់នៅកម្ពុជា មានចំនួនប្រមាណ ១លាននាក់។ សាលាបង្រៀនភាសាចិន នៅកម្ពុជា មានយ៉ាងហោចណាស់មានចំនួន ១០០ ចាប់តាំងពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យ ដែលសមាមាត្រនឹងចំនួនសិស្សប្រមាណ ១ម៉ឺននាក់។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានរកឃើញថា ចិន ចូលមកកម្ពុជា ដោយសារតែទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងចិន។ វិនិយោគរបស់ចិន បានកើនឡើងយ៉ាងគំហុក ចាប់តាំងពីឆ្នាំ២០០០។ កត្តាទាំងអស់នេះ បានធ្វើឲ្យប្រជាពលរដ្ឋ និងរដ្ឋាភិបាលកម្ពុជា យល់ថា ចិន ជាមិត្តដែលមិនអាចខ្វះបាន។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា របត់នយោបាយដែលកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលបង្កឡើងដោយជម្លោះរវាងប្រទេសចិន និងវៀតណាម ជាមូលហេតុសំខាន់មួយធ្វើឲ្យជនជាតិចិន ផ្លាស់ទីមកកម្ពុជា។ លោកបញ្ជាក់ថា ការកើនឡើងប្រជាពលរដ្ឋចិន និងការទទួលយកវប្បធម៌ចិន ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដោយមិនដឹងខ្លួននេះ នឹងធ្វើឲ្យកម្ពុជា ក្លាយជាជាតិភាគតិច ដូចដែលធ្លាប់កើតឡើងនៅប្រទេសសិង្ហបុរី។
«សំឡេង»
ទោះបីជាមានការព្រួយបារម្ភបែបនេះ ប៉ុន្តែប្រទេសចិន បានផ្ដល់ជំនួយ និងកម្ចីយ៉ាងច្រើន ដើម្បីលើកស្ទួយការអភិវឌ្ឍនានានៅប្រទេសកម្ពុជា។ របាយការណ៍វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានរកឃើញថា នៅទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលជំនួយពីប្រទេសចិន ប្រមាណ ៦ពាន់លានដុល្លារ ដែលសមាមាត្រនឹងទឹកប្រាក់ ៦០០លានដុល្លារអាមេរិក រៀងរាល់ឆ្នាំ។ រដ្ឋាភិបាលចិន ក៏បានប្រកាសថានឹងផ្ដល់កម្ចីដល់ប្រទេសកម្ពុជា បន្ថែម ក្នុងចន្លោះទឹកប្រាក់ ៣០០លាន ទៅ ៥០០លានដុល្លារអាមេរិក។ ក្រុមហ៊ុនចិន វិញ ក៏គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារទៀត ដើម្បីសាងសង់រោងចក្រនានានៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានកោតសរសើរចិន ជាមិត្តដ៏ល្អសម្រាប់កម្ពុជា ដោយអះអាងថា ប្រទេសចិន បានផ្ដល់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។
«សំឡេង»
ក្រៅពីនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានកំណើនយ៉ាងខ្លាំង។ កំណើនពាណិជ្ជកម្មនាំចេញ និងនាំចូលនៃប្រទេសទាំងពីរគិតជាទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៣។ ប្រទេសទាំងពីរក៏គ្រោងនឹងសម្រេចទំហំពាណិជ្ជកម្ម ក្នុងទំហំទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ខាងមុខ។
អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា លោក ភីធើ ប្រ៊ីមបល (Peter Brimble) បានអះអាងថា ប្រទេសចិន មានតួនាទីសំខាន់លើដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ការវិនិយោគរបស់ចិន និងការផ្ដល់ប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជា មានទំហំធំ និងមានលក្ខខណ្ឌងាយស្រួលដល់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ លោក ភីតធើ ប្រ៊ីមបល បានបញ្ជាក់ថា ជំនួយ និងកម្ចីរបស់ចិន នេះ រដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រងបាន។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់មូលនិធិរូបិយវត្ថុប្រចាំឆ្នាំ២០១៤ បង្ហាញថា កម្ចីលើការវិនិយោគសាធារណៈរបស់ចិន បានចូលរួមចំណែកជាង ៥០% នៃបំណុលសាធារណៈរបស់ប្រទេសកម្ពុជា។ បច្ចុប្បន្ន ប្រទេសចិន បានផ្ដល់កម្ចីស្ទើរតែទាំងស្រុង ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ចិន ចូលមកកម្ពុជា ដោយសារតែផលប្រយោជន៍សេដ្ឋកិច្ច វប្បធម៌ និងយកកម្ពុជា ជាទីតាំងភូមិសាស្ត្រនយោបាយ។ ទោះបីជាកម្ពុជា បានទទួលផលប្រយោជន៍ច្រើនពីប្រទេសចិន ប៉ុន្តែកម្ពុជា ហាក់មិនមានវិធានការគ្រប់គ្រាន់ និងច្បាប់សមស្រប ដើម្បីគ្រប់គ្រងការរីករាលដាលឥទ្ធិពលរបស់ចិន នៅប្រទេសកម្ពុជា ឡើយ៕
No comments:
Post a Comment