អ្នកបុរីកីឡា តវ៉ា មុខសាលារាជធានី ដោយចោទថា មន្ត្រីវាស់ដី ឲ្យតូចជាងទំហំ ដែលអាជ្ញាធរ បានសន្យា
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈ ឆ្នាំ2014
ប្រជាសហគមន៍បុរីកីឡា ប្រមាណ៥០នាក់នៅ ព្រឹកថ្ងៃព្រហស្បតិ៍នេះ បានតវ៉ានៅមុខសាលារាជធានីភ្នំពេញ បន្ទាប់ពីបដិសេធទទួលយកការវាស់ដី របស់មន្ត្រីសាលារាជធានីភ្នំពេញ ដោយចោទថា វាស់ឲ្យតូចជាងទំហំដែលអាជ្ញាធរបានសន្យា។
ខណៈពេលតវ៉ានោះ អ្នកតំណាងសហគមន៍បុរីកីឡា មួយចំនួន ត្រូវបានអនុញ្ញាតិឲ្យចូលជួបលោកអភិបាលរាជធានី ប៉ុន្តែការចរចាមិនទាន់ត្រូវគ្នាទេ។
ស្របពេលនោះដែរ ក្រុមអ្នកតវ៉ា បានវិលមកកាន់ទីជម្រកពួកគេ នៅបុរីកីឡាវិញ នៅពេលដឹងថា មានអាជ្ញាធរមួយក្រុមបានចុះមកកាន់ទីតាំងបុរីកីឡា ដោយធ្វើសកម្មភាពនៅជិតជម្រកពួកគេ។
ប្រជាសហគមន៍បុរីកីឡា ឲ្យដឹងថា លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ធ្លាប់បានសន្យាផ្តល់ដីទំហំ ៤x៦ម៉ែត្រ ក្នុងមួយគ្រួសារ ដល់ពលរដ្ឋ១៥៤គ្រួសារ ដែលមិនទាន់ទទួលបានសំណង ពីក្រុមហ៊ុនផានអ៊ីម៉ិច សម្រាប់រស់នៅបណ្តោះអាសន្ន មុននឹងសាងសង់អគារពីរបន្ថែមទៀត។ ប៉ុន្តែកាលពីថ្ងៃពុធ មន្ត្រីសាលារាជធានីភ្នំពេញ បានចុះមកវាស់វែងដី នៅសហគមន៍បុរីកីឡាដោយវាស់ឲ្យពលរដ្ឋតែ ៣x៤ម៉ែត្រ ក្នុងមួយគ្រួសារទៅវិញ ទើបពលរដ្ឋបដិសេធ។
សហគមន៍បុរីកីឡា មានជម្លោះធ្លីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ជាច្រើនឆ្នាំមកហើយ ដោយខាងក្រុមហ៊ុនផានអ៊ីម៉ិច បានសន្យាថានឹងសាងសង់អាគារចំនួន១០ សម្រាប់ជាថ្នូរនឹងការយកដីតំបន់បុរីកីឡាទៅអភិវឌ្ឍន៍ ប៉ុន្តែក្រុមហ៊ុននេះ សង់បានតែ ៨អាគារ ជាហេតុនាំឲ្យពលរដ្ឋដែលមិនទទួលបានសំណង ផ្ទុះការតវ៉ា រហូតមកដល់បច្ចុប្បន្ននេះ៕
No comments:
Post a Comment