Paris Peace Accords 23 Oct. 1991

Monday, February 3, 2014

កម្មវិធី​សិក្សា​ នៅ​កម្ពុជា​ មាន​បញ្ចូល​ កម្មវិធី​ថ្មី​ គឺ​ «បំណិន​ជីវិត»

សិស្សា​នុសិស្ស​កម្ពុជា​គ្រវី​ទង់ជាតិ​នៅ​ពេល​ពួកគេ​ចូលរួម​ក្នុងទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​បាន​ប្រារព្វ​ធ្វើ​ឡើង​នៅ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ។
សិស្សា​នុសិស្ស​កម្ពុជា​គ្រវី​ទង់ជាតិ​នៅ​ពេល​ពួកគេ​ចូលរួម​ក្នុងទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​បាន​ប្រារព្វ​ធ្វើ​ឡើង​នៅ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ។

កម្មវិធី​សិក្សា​ នៅ​កម្ពុជា​ មាន​បញ្ចូល​ កម្មវិធី​ថ្មី​ គឺ​ «បំណិន​ជីវិត»


គង់ ​សុឋានរិទ្ធ​​ / វីអូអេ | 01 កុម្ភៈ 2014

ភ្នំពេញ — នៅ​ពេល​ដែល​កម្រិតនៃ​ការ​ផ្តល់​ការ​អប់រំ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​នៅ​ទាប​នៅ​ឡើយ​នោះ​ ទីភ្នាក់ងារសហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ហៅ​កាត់​ថា ​USAID ​បានផ្តល់ការ​គាំទ្រផ្នែក​ថវិកា​ដល់​ការបង្កើត​កម្ម​វិធី​សិក្សា​បែប​ជឿនលឿន​មួយសម្រាប់​បង្រៀន​ដល់​សិស្សា​នុសិស្សនៅតាម​សាលា​បឋម​សិក្សា ​និង​នៅ​ថ្នាក់​អនុវិទ្យាល័យ។​

កម្មវិធី​សិក្សា​ថ្មី​នេះ​ត្រូវ​រៀប​រៀង​ឡើង​ក្នុង​សៀវភៅ​ដែល​មាន​ឈ្មោះ​ថា ​សៀវ​ភៅ​បំណិន​ជីវិត​ឬ​ Life Skills Book​ ដែល​សហការ​បង្កើត​ដោយ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ​ក្រសួង​កិច្ចការ​នារី​ និង​អង្គការ​អប់រំ​ពិភព​លោក។​

សៀវភៅបំណិន​ជីវិត​នេះចែក​ចេញ​ជា​៣០​ប្រធាន​បទ​ផ្សេង​គ្នា ដោយ​បង្ហាញ​ពី​ការ​អប់រំ​ ដែល​មាន​លក្ខណៈ​វិទ្យាសាស្ដ្រ​តាម​គម្រូ​ប្រទេស​អភិវឌ្ឍ ក្នុង​នោះ​មាន​សៀវភៅ​ ដែល​ផ្តោត​លើការ​អប់រំ​អំពី​អាជីព​ងាយៗ​ ដូចជាការ​បណ្តុះ​ពូជ​ ការ​ដាំផ្សិត ​ការ​ជួសជុល​គ្រឿង​ចក្របឋម ​ការងារ​សំណង់​ ការ​ចិញ្ចឹម​មាន់​ និង​មុខរបរ​ជាង​កាត់សក់​ជាដើម។​ ក្រៅ​ពី​នោះ​ សៀវភៅ​បំណិន​ជីវិតបាន​អប់រំ​អំពី​សិល្បៈ​ ការ​យល់​ដឹង​ និង​ថែ​រក្សា​បរិស្ថាន​ ការ​រៀបចំ​លំនៅដ្ឋាន​ និង​អនាម័យ ​ការ​បង្រៀន​អំពី​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​ និង​ការ​សន្សំ​ប្រាក់ ​រួម​ទាំង​ការ​បង្ការ​ការញៀន​គ្រឿង​ញៀន​ផង​ដែរ។​

សៀភៅ​នេះ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពីថ្ងៃ​អង្គារ​ទី​២៨​ខែ​មករា​ ក្រោយ​ពីបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​នៅ​ក្នុង​សាលា​ចំនួន​ចំនួន​១៣០​ ក្នុង​ខេត្ត​កំពង់​ចាម ​ខេត្តសៀមរាប​ ស្វាយរៀង ​ព្រៃវែង ​ខេត្ត​កំពង់ធំ​ និង​ខេត្ត​ក្រចេះ។

លោក​ឃើត ​ប្រិដដិនប៊ើហ្គ​ (Kurt Bredenberg)​ ទីប្រឹក្សាគម្រោងអភិវឌ្ឍន៍​ការ​អប់រំ​មូលដ្ឋាន​នៅ​កម្ពុជា​ហៅ​ថា ​IBEC​ ដែល​ជា​គម្រោង​មួយ​របស់​ USAID ​មាន​ប្រសាសន៍ថា ​ក្រោយ​ពី​ពិធី​សម្ពោធ​សៀវភៅ​បំណិន​ជីវិត​នេះ​ សៀវភៅ​នេះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ការ​រៀនសូត្រ​របស់​សិស្សានុសិស្ស​កម្ពុជា។​

«ខ្ញុំ​គិត​ថា​ វា​ជា​ការ​ចាំ​បាច់​សម្រាប់​កូន​សិស្ស​ ពី​ព្រោះ​កូន​ក្មេង​ច្រើន​មើល​កម្មវិធី​សព្វ​ថ្ងៃ​នេះ​ ដែល​មាន​មុខ​វិជ្ជា​ច្រើន​ ដូច​ជារូប​វិទ្យា ​គីមី​ ហើយ​ពួកគេ​គិត​ថា​ មិន​សូវ​បាន​ជួយ​ផ្នែក​បំណិន​ដែល​គេ​ចង់​បាន​ដើម្បី​ប្រកួត​ប្រជែង​ក្នុងទីផ្សារ​ការងារ។​ ដូច្នេះ​វាជា​ក្តី​សង្ឃឹម​រវាង​ក្រសួង​ និង​យើង​ថា ការ​ប្រើ​ប្រាស់​សៀវភៅ​នេះ​អា​ច​ទាក់​ទាញ​កូន​សិស្ស​ឲ្យ​ចូល​សាលា​រៀន​វិញ​ ហើយ​ពួក​គេ​នឹង​មាន​ចំណាប់​អារម្មណ៍​ចំពោះ​កម្មវិធី​សិក្សា​ឡើង​វិញ»។​

ប្រទេស​កម្ពុជា​ជា​ប្រទេស​សមាជិក​មួយ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា​ អាស៊ាន​ ​ដែល​មាន​សមាជិក​សរុប​ដប់​ប្រទេសហើយ​ដែល​នឹង​ត្រូវ​បង្កើត​ជា​សហគមន៍​តែ​មួយ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ។​

ការ​បង្កើត​សហគមន៍​រួម​នេះ​នឹង​ក្លាយ​ជា​ឱកាស​បើក​ទូលាយ​ផ្នែក​ចលនា​បន្លាស់​ទី​របស់​ប្រជាជាតិ​ជា​សមាជិក​នៃ​អង្គការ​តំបន់​មួយ​នេះ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក។​

ប៉ុន្តែ​ការព្រួយ​បារម្ភនោះ​គឺ​ថា​ កម្ពុជា​មាន​កម្រិតគុណភាព​អប់រំ​តិច​ជាង​ប្រទេស​ជឿនលឿន​សំខាន់ៗ​ជាច្រើន​ក្នុង​សមាគម​នេះ​ ដូចជា​ប្រទេស​ថៃ​ វៀតណាម ​សិង្ហបុរី ​ម៉ាឡេស៊ី​ ឬ​ប្រទេស​ហ្វ៊ីលីពីន​ជាដើម។​

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​អប់រំ​កម្ពុជា​ឲ្យ​ដឹង​ថា​ ​សិស្សានុសិស្ស​ដែលបាន​បញ្ចប់​ការ​សិក្សានៅ​កម្រិត​វិទ្យាល័យ​មាន​ត្រឹមតែ​២៧​ភាគរយ​តែ​ប៉ុណ្ណោះ​ ​ស្រប​ពេល​ដែល​អត្រា​បោះបង់​ការ​សិក្សា​នៅ​ថ្នាក់​បឋម​សិក្សា​នៅ​មាន​កម្រិត​ខ្ពស់​ពោល​គឺរហូត​ទៅ​ដល់​២០​ភាគរយ ​និង​ការ​បោះ​បង់​ការ​សិក្សា​នៅ​កម្រិតអនុវិទ្យាល័យ​មាន​១០​ភាគរយ។

លោក​ហង្ស ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​សិក្សា​លើ​ផ្នែក​បំណិន​ជីវិត​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ កម្ពុជា​ត្រូវ​ការ​កែទម្រង់​ផ្នែក​សិក្សា​ធិការ​ជា​ចាំបាច់។​

«ដើម្បី​កាត់​បន្ថយ​នូវ​អត្រា​បោះ​បង់​ចោល​ការ​សិក្សា យើង​ត្រូវ​កែ​លម្អ​ឡើង​វិញ​នូវ​កម្មវិធី​សិក្សា​ដើម្បី​ឲ្យ​កម្មវិធី​សិក្សា​នេះ​មាន​លក្ខណៈ​ជាក់​ស្តែង​ ទន់​ភ្លន់​ ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ការងារ។​ ដូច្នេះ​ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ សៀវភៅ​បំណិន​ជីវិត​ទាំង​៣០​នេះ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ទៅ​នឹង​កំណែ​ទម្រង់​នៃ​វិស័យ​អប់រំ»។​

សៀវភៅ​អប់រំ​អំពី​បំណិន​ជីវិត​នេះចាប់​ផ្តើម​ដាក់​ឲ្យប្រើប្រាស់​ក្នុង​សាលា​បឋម​សិក្សា​ទាំង​១៣០ ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ​ក្រោម​ក្រប​ខណ្ឌ​គម្រោង​ជំនួយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​របស់​ USAID។ ​ជំនួយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​នេះ​មាន​ទឹកប្រាក់​ចំនួន​ដប់​លាន​ដុល្លារ​អាមេរិក។ ​សិស្សានុសិស្ស​យ៉ាងតិច​ចំនួន​៤០០០០​នាក់​កំពុង​ស្ថិត​ក្រោម​ការ​អប់រំតាម​សៀវភៅ​ថ្មីនេះ។​

សៀវភៅ​នេះ​ពោរពេញ​ទៅ​ដោយ​ខ្លឹម​សារ​កម្រិតខ្ពស់​មួយ​ដែល​អាច​យក​ទៅ​បង្រៀន​ ទាំង​នៅ​សាលា​បឋម​សិក្សា ​និង​នៅ​អនុវិទ្យាល័យ។​

លោកស្រី​ Rebecca Black ​នាយិកាបេសក​កម្ម​នៃ​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ នៅ​កម្ពុជា​យល់​ថា ​សៀវភៅ​នេះ​នឹង​ជួយ​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​អប់រំ​បែប​ប្រទេស​រីក​ចម្រើន​មួយ។​

«ការ​សម្រេច​បាន​នូវ​កម្មវិធី​សិក្សា​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ស្រប​ជាមួយ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ ដូចជា​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ថៃ។​ប្រទេស​ទាំង​នេះ​មាន​កម្មវិធី​សិក្សា​ផ្នែក​បំណិន​ជីវិតជឿនលឿន​កំពុង​បង្រៀន​ដល់​សិស្សានុសិស្ស​របស់​គេ​នៅ​តាម​សាលា»។​

លោកស្រី​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ កម្មវិធី​សិក្សា​នេះ​មិន​ត្រឹម​តែ​ជួយ​លើក​ស្ទួយ​បំណិន​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នឹង​ជួយ​ជំរុញ​ផងដែរ​នូវ​ការ​សិក្សា​ផ្នែក​ពាណិជ្ជ​កម្ម ​ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន ​និង​បំណិន​ដែល​ទាក់ទង​ទៅ​នឹង​បរិស្ថាន និង​សង្គម​ជាដើម។​

ដោយ​ឡែក​លោកស្រីអ៊ឹង ​កន្ថា​ផាវី ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បាន​លើក​ឡើង​ថា​ ការ​បណ្តុះ​បណ្តាលវិជ្ជា​ជីវៈ​សម្រាប់​ស្ត្រី​ និង​កុមារ​ជា​ការ​ចាំបាច់​សម្រាប់​ឲ្យ​ពួក​គេ​ចូល​រួម​ចំណែក​ក្នុង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ ​និង​គ្រប់​គ្រង​មុខ​ជំ​នាញ​របស់​ពួក​គេ។​

នៅ​ក្នុង​សៀវភៅសិក្សា​អំពី​បំណិន​ជីវិត​នេះមាន​ឯកសារ​សម្រាប់​ចែក​ជូន​ដល់​កូន​សិស្ស ​មាន​កម្មវីធី​បង្រៀន​តាម​ការ​បញ្ចាំង​ស្លាយ ​និង​មាន​វិធី​វាយ​តម្លៃ​កូន​សិស្ស​ ដែល​ធ្វើ​ឲ្យ​ការ​បង្រៀន​មាន​ភាព​ល្អិត​ល្អន់។​ ដូច្នេះ​គ្រូ​បង្រៀន ឬ​កូន​សិស្ស​អាច​ជ្រើសរើស​យក​ប្រធាន​បទ​លើស​ពី​មួយ​សម្រាប់ការ​បង្រៀន​ ឬ​ការ​រៀន។​

លោក​ឃើត​ ប្រិដដិនប៊ើហ្គ ​បញ្ជាក់​ថា​ កង្វះ​គ្រូ​គឺ​ជា​ការ​បញ្ហា​ប្រឈម​សម្រាប់​ការ​បង្រៀន​តាម​សៀវ​ភៅ​បំណិន​ជីវិត​នេះ ​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​ការ​ពង្រីកការ​បង្រៀន​ឲ្យ​បាន​ឆាប់​រហ័ស​នៅ​តាម​បណ្តា​សាលា​ផ្សេង​ទៀត។​

លោក​កឹម  ​តារា ​ប្រធាន​អង្គការ​អប់រំ​ពិភព​លោក​ ​ពន្យល់​ថា​ ការ​ជ្រើសរើស​យក​ខេត្ត​កំពង់​ចាម ​ខេត្ត​សៀមរាប ​ខេត្ត​ស្វាយរៀង​ ខេត្ត​ព្រៃវែង​ ខេត្ត​កំពង់ធំ​ និង​ខេត្ត​ក្រចេះ​នេះ​គឺ​ដោយសារ​ខេត្ត​ទាំង​នេះ​ស្ថិត​ក្នុង​ចំណោម​ខេត្ត​ក្រីក្រ​ ដែល​គួរតែ​យក​ចិត្ត​ទុកដាក់​ផ្នែក​ធនធាន​មនុស្ស។​

«យើង​ចាត់ទុក​ខេត្ត​ទាំង​អស់​នេះ​ជា​ខេត្ត​ក្រីក្រ ​ហើយ​នៅ​តំបន់​ដាច់​ស្រយាល​ ដូច្នេះ​ហើយ​បាន​ជា​យើង​ជ្រើសរើស​យក​ខេត្ត​ទាំង​នេះ។​ គោល​បំណង​សំខាន់​របស់​យើង​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ក្មេង​គ្រប់​ស្ថានភាព​ ទាំង​អ្នក​មាន​ ទាំង​អ្នក​ក្រ ​អាចចូល​រៀន​បាន​ទាំង​អស់​គ្នា»។​

បន្ថែម​ពីនេះ​ ​លោករដ្ឋ​មន្ត្រី​ហង្ស ​ជួនណារ៉ុន​ពន្យល់​ថា​ ការ​សិក្សា​តាម​សៀវភៅ​បំណិន​ជីវិត​នេះ​គឺ​ជា​យាន​មួយ​ជួយ​តម្រង់​ការ​បណ្តុះ​វិជ្ជាជីវៈ​ដល់​យុវសិស្ស​ ដែលបាន​ឈប់​រៀន​ មុន​បញ្ចប់​កម្រិតវិទ្យាល័យ។

«សិស្ស​អាច​បន្ត​ការ​សិក្សា​បន្ត​ទៀត​ ជាពិសេស​ចប់​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី៩ បន្ទាប់​មក​គេ​អាច​ទៅ​ធ្វើ​ការងារ ​ឬ​មួយ​បន្ត​សិក្សា​នៅ​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ណា​មួយ»។​

លោក​ហង្ស ជួនណារ៉ុន​ក៏​ចង់ឃើញ​កម្មវិធី​សិក្សា​តាម​សៀវភៅ​ថ្មី​នេះ​ត្រូវ​ពង្រីក​ឲ្យ​បាន​ទូលំទូលាយ​នៅ​តាម​បណ្តា​សាលា​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ៕


No comments:

Post a Comment