របាយការណ៍ជំហានដំបូងនោះ បានរកឃើញថា ពលរដ្ឋខ្មែរនៅពុំទាន់យល់ដឹងអោយទូលំទូលាយពីច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ រីឯការអនុវត្តច្បាប់នេះទៀតសោត គឺនៅមានចំណុចខ្វះខាតដែលជាផ្នែកមួយជំរុញអោយករណីអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា នៅតែបន្តកើតមាន និងពេលខ្លះមានរូបភាពកាន់តែឃោរឃៅ។
អ្នកស្រាវជ្រាវនិងជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកភូមិវិទ្យានៃសកលវិទ្យាល័យ រ៉ូយ៉ាល់ ហូឡូវ៉េ (Royal Holloway) អ្នកស្រី ខាធើរីន ប្រ៊ីកកែល (Katherine Brickell) បានបញ្ចេញរបាយការណ៍ជំហានដំបូងនៃការសិក្សាស្រាវជ្រាវរបស់អ្នកស្រីដែលបានចំណាយពេល ២ឆ្នាំមកហើយ ដោយសាកសួរពលរដ្ឋខ្មែរចំនួន ១.១៧៧នាក់នៅក្នុងខេត្តចំនួន២ គឺខេត្តសៀមរាប និងខេត្តពោធិ៍សាត់។
អ្នកស្រី ខាធើរីន ប្រ៊ីកកែល បានបញ្ជាក់ថា គោលបំណងនៃការស្រាវជ្រាវនេះ គឺបង្ហាញពីចំណុចជាក់លាក់ និងពិនិត្យអោយស៊ីជម្រៅទៅក្នុងបញ្ហាដែលនាំអោយការវិនិយោគទៅលើការបញ្ចប់អំពើហិង្សាក្នុងគ្រួសារមិនបានជោគជ័យ។
នៅក្នុងរបាយការណ៍កម្រាស់ ៧២ទំព័រ គឺជាលទ្ធផលនៃការស្រាវជ្រាវរួមគ្នាជាមួយអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា ឬហៅកាត់ថា ហ្គេតស៊ី (GADC) ជាជំហានដំបូងបានរកឃើញថា ស្ត្រីចំនួន ៨ភាគរយនៅក្នុងខេត្តសៀមរាប និង ១៦ភាគរយក្នុងខេត្តពោធិ៍សាត់ ក្នុងចំណោមស្ត្រីដែលបានស្ទង់មតិបញ្ជាក់ថា ពួកគេជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ ក្នុងនោះបង្ហាញថា ជាមធ្យមនៅទូទាំងប្រទេស គឺក្នុងចំណោម ១០០នាក់មានស្ត្រី ១០នាក់ហើយជាជនរងគ្រោះនៃអំពើហិង្សា។
មូលហេតុចម្បងមួយក្នុងចំណោមដែលធ្វើអោយស្ត្រីខ្មែរនៅតែរងអំពើហិង្សាក្នុងគ្រួសារនោះ គឺការអនុវត្តច្បាប់ពុំបានត្រឹមត្រូវ ឬធ្វើដោយផ្នែក ហើយធ្វើអោយស្ត្រីក្លាយជាពលរដ្ឋដែលមិនទទួលបានសិទ្ធិពេញលេញ ឬជាពលរដ្ឋសកម្ម។
អ្នកឆ្លើយសំណួរជាបុរសចំនួន ៩២ភាគរយ និងស្ត្រីចំនួន ៩០ភាគរយ មានការយល់ដឹងខ្លះៗអំពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងមានការបកស្រាយដោយយល់ច្រឡំរវាងសិទ្ធិស្ត្រី និងអត្ថន័យនៃច្បាប់នេះនៅពេលអនុវត្ត។
របាយការណ៍ជំហានដំបូងដដែលនោះបានរកឃើញថា ទាំងមន្ត្រីអនុវត្តច្បាប់ និងសាធារណជនទូទៅមិនសូវយល់ដឹងពីច្បាប់ ឬអនុវត្តច្បាប់។
មានបុរសចំនួន ១៨ភាគរយបានឆ្លើយថា ស្ត្រីមានសិទ្ធិស្មើគ្នានឹងបុរស និងមានច្បាប់ការពារសិទ្ធិស្ត្រី ប៉ុន្តែមានបុរស ៦ភាគរយបានដឹងថា ស្ត្រីមានសិទ្ធិដែលត្រូវរួចផុតពីអំពើហិង្សាក្នុងគ្រួសារ។
នាយិកាអង្គការហ្គេតស៊ី អ្នកស្រី រស់ សុភាព មានប្រសាសន៍ថា ជាទូទៅអំពើហិង្សាក្នុងនៅតែត្រូវគិតថាជារឿងរ៉ាវឯកជនដែលតែងប្រៀបធៀបនឹងចានក្នុងរាវ ម្យ៉ាងពុំមានជំនឿថា នឹងអាចដោះស្រាយបាន។
ការសាកសួរក៏រកឃើញមូលហេតុចម្បងមួយចំនួនដែលនាំអោយមានភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដែលក្នុងនោះរួមមានការរើសអើងផ្នែកភេទ ប្រពៃណីទំនៀមទម្លាប់ និងកត្តាពឹងផ្អែកផ្នែកសេដ្ឋកិច្ចទៅលើបុរស។
ស្ត្រីចំនួន ៨៥ភាគរយ និងបុរសចំនួន ៧៥ភាគរយ ទទួលស្គាល់ថា ស្ត្រីគួរតែនៅផ្ទះហើយមើលថែកូននិងគ្រួសារ។ ស្ត្រីចំនួន ៧៥ភាគរយ និងបុរសជាង ៥០ភាគរយនិយាយថា ស្ត្រីគួរតែរក្សាភាពស្ងៀមស្ងាត់ករណីអំពើហិង្សាក្នុងគ្រួសារ ដើម្បីរក្សាគ្រួសារមិនអោយបែកបាក់។
ការស្រាវជ្រាវក៏បានសាកសួរមន្ត្រីតុលាការ និងមន្ត្រីនគរបាលមួយចំនួនដែលអះអាងថា ពួកគាត់ក៏មានការពិបាកក្នុងការអនុវត្តច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារដែរ ដោយជ្រើសរើសអោយមានការសម្របសម្រួលជម្លោះបញ្ចប់ច្រើនជាង។
អ្នកអនុវត្តច្បាប់ទាំងនោះបានលើកហេតុផលចម្បងមួយមកអះអាង គឺកត្តាសេដ្ឋកិច្ចដែលអាចនឹងរុញច្រានស្ត្រី និងកុមារអោយកាន់តែរងគ្រោះនៅក្រោយពេលដែលបុរសអ្នកប្រើហិង្សាត្រូវកាត់ទោស។ ស្របគ្នានេះស្ត្រីរងគ្រោះមួយចំនួនបានអាជ្ញាធរណែនាំអោយផ្លាស់ប្ដូរគំនិត បន្ទាប់ពីបានដាក់បណ្ដឹងទៅអាជ្ញាធរមូលដ្ឋានអោយចាប់ប្ដីដាក់ពន្ធនាគារ ដែលបង្ហាញថា ទាំងជនរងគ្រោះក៏ពិបាកទទួលយកការអនុវត្តច្បាប់ដែរ។
ក្នុងរបាយការណ៍ដដែលក៏បានលើកឡើងពីកង្វះកិច្ចការពារជនរងគ្រោះ ដោយការចេញដីការក្សាការពារ និងការបំបែកជនរងគ្រោះអោយរួចផុតពីអំពើហិង្សាធ្ងន់ធ្ងរជាដើម។
របាយការណ៍បានលើកនូវដំណោះស្រាយចំនួន ៥ចំណុចធំៗ ដែលនឹងកាត់បន្ថយភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ក្នុងនោះរួមមានការកែប្រែចំណុចមួយចំនួននៃច្បាប់បង្កើនការអប់រំពីច្បាប់ និងពង្រឹងការអនុវត្តច្បាប់ ការផ្ដល់សុវត្ថិភាពដល់ជនគ្រោះក្នុងពេលអនុវត្តច្បាប់ កាត់បន្ថយការពឹងអាស្រ័យរបស់ស្ត្រីទៅលើបុរសក្នុងផ្នែកសេដ្ឋកិច្ចជាដើម។
វិទ្យុអាស៊ីសេរីពុំទាន់អាចសុំការអធិប្បាយពីមន្ត្រីក្រសួងកិច្ចការនារីជុំវិញលទ្ធផលនៃរបាយការណ៍នេះបាននៅឡើយទេ។ យ៉ាងណាទីប្រឹក្សាក្រសួងនេះ គឺអ្នកស្រី ស៊ីវណ្ណ បុទម ធ្លាប់បានបញ្ជាក់ថា ក្រសួងកិច្ចការនារីបានបំពេញការងារជាច្រើន ដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រីតាមគ្រប់រូបភាព។ អ្នកស្រីបន្តថា គ្រប់ភាគីគួរផ្ដល់ឱកាសអោយរដ្ឋាភិបាលបានកែសម្រួលការងារ និងបំពេញការងារសម្រាប់អាណត្តិថ្មីនេះ។
ទាក់ទិនបញ្ហាអំពើហិង្សាក្នុងគ្រួសារនេះដែរ អនុប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារនៃសមាគមអាដហុក (ADHOC) អ្នកស្រី លឹម មុនី មានប្រសាសន៍ថា ចំណុចដែលអាចអោយមានការផ្លាស់ប្ដូរឆាប់រហ័សគឺការអនុវត្តច្បាប់អោយបានត្រឹមត្រូវ និងបង្ហាញចំណុចវិជ្ជមាននៃការអនុវត្តច្បាប់។
ច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារត្រូវប្រកាសអោយប្រើប្រាស់កាលពីឆ្នាំ២០០៥ ក្នុងគោលបំណងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារការពារជនរងគ្រោះ ពង្រឹងវប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងគ្រួសារ ក្នុងសង្គមនៅកម្ពុជា។
ក្នុងរបាយការណ៍ស្ដីពីអនុសាសន៍របស់គណៈកម្មាធិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនារីភេទនៃអង្គការសហប្រជាជាតិផ្ដល់ទៅរដ្ឋាភិបាលកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ បានបញ្ជាក់ថា គណៈកម្មាធិការនេះនៅមានកង្វល់ថា កម្ពុជាហាក់ទទួលបានលទ្ធផលតិចតួចពីការងារទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើស្ត្រីក្នុងរយៈពេល ៤ឆ្នាំដោយគិតចាប់តាំងពីឆ្នាំ២០០៩ មក។ ជាពិសេសការរំលោភផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារនៅពេលដែលសាធារណជនមិនសូវមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងឥរិយាបថអវិជ្ជមានរបស់មន្ត្រីតុលាការ ក៏ដូចជាមន្ត្រីអ្នកអនុវត្តច្បាប់៕
No comments:
Post a Comment