Paris Peace Accords 23 Oct. 1991

Tuesday, February 18, 2014

កម្លាំង​អាជ្ញាធរ​ ខេត្ត​ពោធិ៍សាត់​ បណ្ដេញ​ អ្នក​តវ៉ា​រឿង​ដី​ ចេញ​ពី​ មុខ​តុលាការ

កម្លាំង​អាជ្ញាធរ​ ខេត្ត​ពោធិ៍សាត់​ បណ្ដេញ​ អ្នក​តវ៉ា​រឿង​ដី​ ចេញ​ពី​ មុខ​តុលាការ


ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ១៨ កុម្ភៈ ២០១៤
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ពោធិ៍សាត់ ប្រដាប់​ដោយ​ដំបង​ឆក់ បាន​បណ្ដេញ​ពលរដ្ឋ​ជាង ៤០​នាក់​ដែល​តវ៉ា​រឿង​ដីធ្លី និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ស្រ្ដី​ម្នាក់ ឲ្យ​ចេញ​ពី​ខាង​មុខ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស បាន​ហៅ​ចំណាត់​ការ​របស់​អាជ្ញាធរ​នា​ពេល​នេះ ថា​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​រូប​ភាព​នៃ​ការ​បណ្ដេញ​ចេញ​កាន់​តែ​អាក្រក់​ឡើង។
អាជ្ញាធរ​បាន​ប្រើ​កម្លាំង​កងរាជអាវុធហត្ថ ប៉ូលិស និង​ទាហាន​សរុប​ជិត ១០០​នាក់ ដើម្បី​បង្ខំ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី និង​បាត់​បង់​ផ្ទះ​សម្បែង​ជាង ១០០​គ្រួសារ មក​ពី​ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បញ្ឈប់​សកម្មភាព​តវ៉ា និង​បណ្ដេញ​ពួកគាត់​ចេញ​ទៅ​ក្រៅ​ក្រុង។ សកម្មភាព​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​សាលា​ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឲ្យ​ពលរដ្ឋ​តវ៉ា​ទាំង​នោះ​បញ្ឈប់​ការ​ទាមទារ​ដីធ្លី ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​វិញ។
ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ផា ដុង មាន​ប្រសាសន៍​ថា លោក​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត បាន​ចូល​ទៅ​រស់​នៅ និង​ធ្វើ​កសិកម្ម​នៅ​លើ​ទីតាំង​ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា ពេល​នេះ​គ្រួសារ​របស់​លោក​ក៏​មិន​ដឹង​ថា​ទៅ​រស់នៅ​ទី​ណា​នោះ​ដែរ ត្បិត​នៅ​ស្រុក​កំណើត​ក៏​ពុំ​មាន​ដី​ស្រែចម្ការ​បន្តិច​ណា​សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ឡើយ៖ «បាទ! ខ្ញុំ​អត់​ដឹង​ថា​ទៅ​ណា​ទេ​បង​អ្ហើយ! ខ្ញុំ​អត់​មាន​កន្លែង​ទៅ​ទេ អត់​ដី​ អត់​ផ្ទះ​នៅ​ទេ ឥឡូវ​នេះ​ផ្ទះ​គេ​ដុត​អស់ ដី​គេ​មិន​ឲ្យ​នៅ ឲ្យ​ខ្ញុំ​ទៅ​នៅ​ឯ​ណា​ឥឡូវ​នេះ មាន​តែ​អង្គុយ​តាម​ផ្លូវ​សុំ​ទាន​គេ​ហើយ»
នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខេត្ត​ពោធិ៍សាត់ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣​ចំណុច គឺ​ទី​១ សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​​វិល​ត្រឡប់​ទៅ​រស់នៅ​ភូមិ ឃុំ​ដើម​របស់​ខ្លួន​វិញ។ ទី​២ ទី​តាំង​ដែល​ប្រជាពលរដ្ឋ​កំពុង​ទាមទារ​កាន់​កាប់​នោះ ​អាជ្ញាធរ​មិន​អាច​ប្រគល់​ជូន​បាន​ឡើយ ពីព្រោះ​តំបន់​នោះ​គឺ​ជា​ព្រៃ​ស្រោង​ដែល​ច្បាប់​ការពារ​ដាច់​ខាត និង​ទី​៣ ចំពោះ​ជន​ល្មើស​ឈ្មោះ ស៊ិន សៀន ដែល​បាន​ឃាត់​ខ្លួន​ពី​បទ​ល្មើស​កាប់​រាន​ដី​ព្រៃ​នោះ ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ៩៧ ចំណុច​ទី​៦ នៃ​ច្បាប់​ព្រៃ​ឈើ។
ច្បាប់​ស្ដីពី​ព្រៃ​ឈើ មាត្រា ៩៧ ចែង​ថា ជនល្មើស​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ចាប់​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ត្រូវ​រឹប​អូស​វត្ថុតាង​ទាំង​អស់​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក សារុន ចន្ធី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​បណ្ដេញ​ក្រុម​អ្នក​តវ៉ា​ចេញ​ពី​មុខ​តុលាការ​ខេត្ត​នេះ​បាន​ឡើយ​​ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។
យ៉ាង​ណា​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី លោក សួន រិន្ទឌី បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នេះ​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​ដី​លំនៅឋាន និង​ដី​ធ្វើ​កសិកម្ម​តាម​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​នៅ​តំបន់​ទួល​គ្រោះ​រួច​ហើយ ក៏​ប៉ុន្តែ​ពួកគាត់​ចាប់​ផ្ដើម​ចូល​មក​រស់​នៅ និង​កាប់​រាន​​ព្រៃ​ស្រោង​របស់​រដ្ឋ​​តាម​មេ​ខ្យល់​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣៖ «កន្លែង​ហ្នឹង​យើង​ដេញ​ប៉ុន្មាន​ដង​ហើយ ដល់​ចុង​ក្រោយ​មក​យើង​ចែក​ឲ្យ​គាត់​នៅ​ទួលក្រួស នេះ​ចែក​ដី​ចែក​អី​ឲ្យ​គាត់​នៅ​ឲ្យ​មាន​លំនៅឋាន​ពិត​ប្រាកដ។ ចេះ​តែ​ចោទ​ថា​អត់​ដីៗ»
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា បើ​ទោះ​បី​ជា​ការ​តវ៉ា​នេះ​ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រជា​ពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច ក៏​ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ មាន​ស្រ្ដី​ចូល​រួម​តវ៉ា​ម្នាក់​សម្រាល​កូន និង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ មាន​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់​សន្លប់​ដោយ​មាន​អាការ​ហេវហត់​ខ្លាំង។
លោក​បន្ថែម​ថា ការ​ប្រើ​វិធានការ​របស់​អាជ្ញាធរ​បែប​នេះ​ គឺ​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ឡើយ៖ «រូប​ភាព​ដែល​សាហាវ​យើង​ឃើញ​ថា ប្រជា​ពលរដ្ឋ​ដែល​យើង​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​តែ​ចម្អិន​អាហារ សមត្ថកិច្ច​មក​ដល់ គឺ​ទាត់​ទីណាត់ទីណែង ហើយ​ចាស់​ដែល​គាត់​ដើរ​យឺត​ហ្នឹង ត្រូវ​សមត្ថកិច្ច​បង្ខំ​ដើរ​ឲ្យ​លឿន។ ការ​ដោះ​ស្រាយ​ដ៏​ល្អ​យើង​ឃើញ​ថា ពួកគាត់​មាន​លំនៅឋាន ហើយ​ដី​សម្រាប់​បង្កបង្កើន​ផល​ហើយ អ៊ីចឹង​អាជ្ញាធរ​គួរ​តែ​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​បន្ថែម​ទៀត​នៅ​ទី​នោះ​តែ​ម្ដង»
ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​ខាង​មុខ​តុលាការ ពួក​គាត់​បាន​ប្រមូល​ផ្ដុំ​គ្នា​ស្នាក់នៅ​តាម​ចិញ្ចើម​ថ្នល់​បណ្ដោះអាសន្ន​​ត្រង់​ចំណុច​ផ្លូវ​បំបែកលាជ ស្ថិត​នៅ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ​កំពុង​តែ​ដង្ហោយ​រក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​មន្ត្រី​រាជរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។
ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​រស់​នៅ​ចំណុច​អូរធំ និង​ចម្ការ​ចេក នៃ​ឃុំ​ក្រពើ​ពីរ បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ពោល​គឺ​១​ថ្ងៃ​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ដុត​ផ្ទះ និង​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ិន សៀន ដែល​អាជ្ញាធរ​អះអាង​ថា ជា​មេ​ខ្លោង​ក្នុង​ការ​នាំ​អ្នក​ភូមិ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ស្រោង​របស់​រដ្ឋ​នៅ​តំបន់​នោះ៕



No comments:

Post a Comment