Paris Peace Accords 23 Oct. 1991

Tuesday, February 18, 2014

សង្គម​ស៊ីវិល និង​អ្នកច្បាប់​ រិះគន់​ចំណាត់ការ​ អាជ្ញាធរ​ ដុត​កម្ទេច​ លំនៅដ្ឋាន​ប្រជាជន​​

សង្គម​ស៊ីវិល និង​អ្នកច្បាប់​ រិះគន់​ចំណាត់ការ​ អាជ្ញាធរ​ ដុត​កម្ទេច​ លំនៅដ្ឋាន​ប្រជាជន​​


ដោយ៖​ ជន ស្រី​ណុ​ច​ / វីអូឌី | ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014

សង្គម​ស៊ីវិល និង​អ្នកច្បាប់ រិះគន់​ ចំពោះ​ចំណាត់ការ​ របស់​ អាជ្ញាធ​រ​កម្ពុជា ករណី​ថ្មីៗ​នេះ នៅ​ពេល​ចុះ​ដោះស្រាយ​ បញ្ហា ជម្លោះ​ដីធ្លី​ នៅ​តាម​ខេត្ត មិន​បាន​ធ្វើឡើង​ ស្រប​តាម​ច្បាប់​ នោះទេ ដោយ​ដុត​កម្ទេច​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​ ចោល​តែ​ម្ដង​។​
​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ដុត​កម្ទេច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចោល នៅពេលដែល​មាន​ករណី​ទាក់ទង​នឹង​ដីធ្លី ជាក់ស្តែង​ដូច​នៅ​ខេត្ត​ពោធិ៍សាត់ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​ខេត្ត លោក ប៉ង់ ចាន់​សុ​យុទ្ធា​រ៉ា ចុះ​ទៅ​រុះរើ និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ យ៉ាងហោច​ណាស់​ជាង​១០០​ខ្នង នៅ​ភូមិ​អូរ​ធំ ហៅ​ភូមិ​ចម្ការចេក ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្រោម​ហេតុផល​ថា ជា​តំបន់​ការពារ​ព្រៃឈើ​នោះ​។
នៅ​ខេត្ត​កោះកុង សង្គម​ស៊ីវិល​រកឃើញថា​យ៉ាងហោចណាស់ មានផ្ទះ​ពលរដ្ឋ​៤៥​ខ្នង ត្រូវបាន​ក្រុមហ៊ុន​ចិន Union Development Group Co, LTD ដុតចោល និង​រុះរើ ដើម្បី​បើកផ្លូវ​អនុ​គម្រោង​អភិវឌ្ឍ​រយៈពេល ៩៩​ឆ្នាំ​។ ចំណែកឯ​នៅ​ខេត្តមណ្ឌលគិរី​ឯណោះ​វិញ ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ ដែល​រស់នៅ​ភូមិ​ប៉ោ​ដើម​ស្វាយ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដុត​កម្ទេច​ផងដែរ​។​
​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ យល់ថា ទង្វើ​របស់​អាជ្ញាធ​រ​កម្ពុជា​បច្ចុប្បន្ន​កាន់តែ​អាក្រក់ទៅៗ​ហើយ ព្រោះ​នៅពេលដែល​ចុះ​អន្តរាគមន៍ ពី​បញ្ហា​អ្វីមួយ​តែងតែ​ប្រើ​អំពើហិង្សា ដូច​ជា​ការដុត​លំនៅដ្ឋាន​របស់​ប្រជាជន​នេះ​មិន​គួរ​ធ្វើ​ទេ ។ លោក​បន្តថា អាជ្ញាធរ​គួរ​ដោះស្រាយ​ដោយ​សន្តិវិធី ព្រោះ​ទង្វើ​បែប​នេះ​នឹង​ធ្វើឲ្យ​ប្រជាជនក៏​ដូចជា​សាធារណៈជន កាន់តែ​ស្អប់​រដ្ឋាភិបាល​ «​នេះ​ហើយ​ធ្វើឲ្យ​ការទុកចិត្ត​គ្នា​រវាង ប្រជាពលរដ្ឋ និង​អាជ្ញាធរ គឺថា​វា​កាន់តែ​ឃ្លាតឆ្ងាយ​។ អញ្ចឹង​រវាង​អ្នក​បម្រើ​ហើយ​និង​ម្ចាស់ វា​កាន់តែ​ទុក​គ្នា​ជា​សត្រូវ កាន់តែ​ខ្លាំង​ទៅៗ វា​មិនមែន​ជា​ដំណោះស្រាយ មិនមែន​ជា​អ្នកបម្រើ​ពិតប្រាកដ​ទេ​។ អញ្ចឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ ដក​សេចក្តីទុកចិត្ត លែង​ទុកចិត្ត​ដល់​អាជ្ញាធរ​រដ្ឋ​»​។​
មេធាវី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់​ថា​ការ​ដែល​អាជ្ញាធរ​ចុះទៅ​ដុត​ផ្ទះ​របស់​ប្រជាជន​បែបនេះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​ «​អ្វី​ដែល​អនុវត្ត​នេះ គឺជា​ការអនុវត្តន៍​ផ្ទុយ​ច្បាប់ ជា​គោលការណ៍​ច្បាប់ យើង​មិន​អាច​ធ្វើ​អញ្ចឹងទេ​។ ហើយ​យើង​មានការ​សោកស្តាយ​ដែរ ក្នុង​ការដឹកនាំ​ទៅ​អនុវត្ត​នីតិវិធី ដោះស្រាយ​បញ្ហា​មួយ ហើយ​មាន​មន្ត្រី​តុលាការ ចូល​ទៅ​ដែរ ដូចជា​ព្រះរាជអាជ្ញា ហើយ​ទៅ​អនុវត្ត​ខុស​នីតិវិធី អនុវត្ត​ទៅ​រំលោភ​ច្បាប់​ថែម​ទៀត នេះ​ជា​ការសោកស្តាយ​មែនទែន សម្រាប់​ប្រទេស​យើង​»​។​​
ក្រុមអ្នកច្បាប់​មើលឃើញថា នៅ​ដើមឆ្នាំ​២០១៤​នេះ ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ផ្ទះសម្បែង មាន​លក្ខណៈ​កាន់តែ​សាហាវ​ខ្លាំង​ឡើង ដូច​ករណី​នៅ​ខេត្ត ពោធិ៍សាត់ កោះកុង រតនៈគិរី មណ្ឌលគិរី និង​ក្រចេះ ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​ដុត​កម្ទេច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ទាក់ទង​នឹង​វិវាទ​ដីធ្លី​ជា​ដើម​៕



No comments:

Post a Comment