Paris Peace Accords 23 Oct. 1991

Tuesday, February 11, 2014

សង្គម​ស៊ីវិល​ ធ្វើ​យុទ្ធនាការ​​ ទាមទារ​​ ឲ្យ​ដោះលែង​ មនុស្ស​ ២១​នាក់​

រ៉ុង ឈុន ៦១០
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដឹក​នាំ​ក្បួន​ដង្ហែ​តាម​ផ្លូវ​មាត់​ទន្លេ ឆ្ពោះ​មក​ព្រះអង្គ​ដងកើ ទាមទារ​ឲ្យ​ដោះលែង​មនុស្ស ២១​នាក់​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង កាល​ពី​ព្រឹក​ថ្ងៃ​១០ កុម្ភៈ ឆ្នាំ​២០១៤។
តវ៉ា ដោះលែង ២១​នាក់ ៦១០
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា លោក អាត់ ធន់ (រូប​កាន់​មួក​ស) និង​អ្នក​ចូល​រួម​ផ្សេង​ទៀត ធ្វើ​ពិធី​លែង​ចាប និង​បង្ហោះ​ប៉េងប៉ោង បួងសួង​សូម​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស ២១​នាក់​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង នៅ​ព្រះអង្គ​ដងកើ កាល​ពី​ព្រឹក​ថ្ងៃ​១០ កុម្ភៈ ឆ្នាំ​២០១៤។ RFA/Morm Moniroth

សង្គម​ស៊ីវិល​ ធ្វើ​យុទ្ធនាការ​​ ទាមទារ​​ ឲ្យ​ដោះលែង​ មនុស្ស​ ២១​នាក់​

អង្គការ​ សមាគម និង​សហជីព ព្រម​ទាំង​ ក្រុម​អ្នក​តស៊ូ​មតិ​ រឿង​ដីធ្លី​ ជាង ៥០​ស្ថាប័ន បាន​រៀបចំ​ យុទ្ធនាការ​ ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​ទទូច​សុំ​ ឲ្យ​ រដ្ឋាភិបាល​ បន្ត​ដោះលែង​ អ្នក​ជាប់ឃុំ​ ទាំង ២១​នាក់ ដោយ​គ្មាន​លក្ខខណ្ឌ។ កន្លង​មក​ រដ្ឋាភិបាល​ ចាប់​មនុស្ស ២៣​នាក់ ដាក់​ឃុំ តែ​ក្រោយ​មក ​បាន​ដោះលែង​ ឲ្យ​នៅ​ក្រៅ​ឃុំ​ ជា​បណ្ដោះអាសន្ន ២​នាក់។

ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ១០ កុម្ភៈ ២០១៤
ចំណែក​មេដឹកនាំ​សហជីព​ធំៗ​ជាង ១០ បាន​ព្រមាន​ថា បើ​ថ្ងៃ​សវនាការ​ក្នុង​ថ្ងៃ​ទី​១១ អ្នក​ទាំង ២១​នាក់ នៅ​តែ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​បន្ត មហា​បាតុកម្ម​នឹង​ផ្ទុះ​ឡើង​ប្រឆាំង​ចំណាត់​ការ​នេះ​នៅ​ទូទាំង​ប្រទេស។
«សំឡេង​ស្រែក​របស់​ក្រុម​មេដឹកនាំ​សហជីព​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ»៖ នេះ​ជា​សំឡេង​ស្រែក​ទាមទារ​របស់​មេដឹកនាំ​សហជីព ដែល​សុំ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​បន្ត​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ទាំង ២១​នាក់ ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​យុទ្ធនាការ​នេះ ក៏​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ទិវា​សកម្មភាព​ពិភពលោក​របស់​សម្ព័ន្ធ​សហជីព​អន្តរជាតិ ដ៏​មាន​ឥទ្ធិពល​ក៏​កំពុង​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ដែរ។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ព្រមាន​ថា ប្រសិន​បើ​សេចក្ដី​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ នេះ នៅ​បន្ត​ចោទ​ប្រកាន់​ប្រឆាំង​មនុស្ស​ទាំង ២១​នាក់ បន្ត​ទៀត នោះ​មហា​បាតុកម្ម​ប្រឆាំង​ចំណាត់​ការ​នេះ នឹង​ផ្ទុះ​ព្រមៗ​គ្នា​នៅ​ទាំង​ទូទាំង​ប្រទេស៖ «មេ​ដឹកនាំ​សហជីព​តាម​មូលដ្ឋាន​រួម​ជាមួយ​ថ្នាក់​ជាតិ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ថា​បើ​គ្មាន​ការ​ដោះលែង គ្មាន​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ កម្មការិនី​ទេ ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ នឹង​មាន​មហា​កូដកម្ម​ទូទាំង​ប្រទេស​កម្ពុជា។»
អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន ៥៨ បាន​បង្ហោះ​ប៉េងប៉ោង ក្នុង​ពេល​តែ​មួយ នៅ​ទូទាំង​ប្រទេស។ ដោយ​ឡែក​សម្រាប់​រាជធានី​ភ្នំពេញ មាន ៤២​ទីតាំង ដែល​ធ្វើ​យុទ្ធនាការ​ដូច​គ្នា​នេះ ជាអាទិ៍​សហជីព​ចំនួន ១៦ និង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ដែល​បណ្ដុំ​ទៅ​ដោយ​អង្គការ​ជាង ១៩០​ស្ថាប័ន ព្រម​ទាំង​សហគមន៍​ដីធ្លី​ផង។

ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ថា មាន​សហជីព​អន្តរជាតិ​ដ៏​មាន​ឥទ្ធិពល​នៅ​លើ​ពិភពលោក រួម​មាន Industry All សហជីព Global Union និង ITUC ជាដើម បាន​ប្រមូល​ផ្ដុំ​កម្មករ​ជា​ច្រើន​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន ដើម្បី​តវ៉ា​នៅ​តាម​ទីក្រុង​ធំៗ​នៃ​បណ្ដា​ប្រទេស​ដែល​មាន​ស្ថានទូត​ខ្មែរ​នៅ​ទី​នោះ ដូច​ជា​ទីក្រុង​បាងកក ហ្សឺណែវ កូឡាឡាំពួរ ខេនប៊ើរ៉ា ប៊ែរឡាំង ព្រូសែល ហុងកុង ម៉ានីល ហ្សាកាតា ទីក្រុង​ឡុងដ៍ និង​សេអ៊ូល។
ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) ថ្លែង​នៅ​ក្បែរ​ព្រះអង្គ​ដងកើ ជា​ទី​ដែល​សហជីព អង្គការ​សមាគម និង​សហគមន៍​ដីធ្លី​ជួបជុំ​គ្នា​ថា នេះ​ជា​ពេល​វេលា​ដែល​រដ្ឋាភិបាល​គប្បី​ស្តារ​មុខមាត់​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​នៅ​បន្ត​ចរន្ត​នយោបាយ​ដូច​សព្វ​ថ្ងៃ​ទៀត នោះ​កម្ពុជា​ប្រឈម​នឹង​ការ​រិះគន់​ថា ជា​ប្រទេស​មិន​ល្អ។
លោក អាត់ ធន់៖ «ដូច្នេះ​ពេល​នេះ គឺ​ជា​ពេល​ល្អ​សម្រាប់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង ៧​ចំណុច​របស់​យើង។ បើ​សិន​ជា​ឲ្យ​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ផ្ទុះ​ឡើង​កូដកម្ម​ឡើង​វិញ បាន​ន័យ​ថា វា​ពិបាក​ទាំង​អស់​គ្នា​...។»
អគ្គ​ព្រះ​រាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ មាន​ប្រសាសន៍​ថា ទោះ​ជា​បែប​ណា​គេ​នៅ​មិន​ទាន់​ដឹង​ពី​ជោគវាសនា​របស់​អ្នក​ទាំង ២១​នាក់​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​សេចក្ដី​សម្រេច​ស្ថិត​នៅ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជម្រះ​ក្ដី៖ «តុលាការ​ពិចារណា​នៅ​ពេល​ដែល​គាត់​ជំនុំជម្រះ ហើយ​ខាង​ក្រុម​ចៅក្រម ខាង​ចៅក្រម​ក្រុមប្រឹក្សា​គេ​ជា​អ្នក​សម្រេច​នៅ​ស្អែក​ហ្នឹង។ ខ្ញុំ​ម៉េច​នឹង​ទាយ​បាន ខ្ញុំ​មិនមែន​ចៅក្រម​ផង​ហ្នឹង។ ប៉ុន្តែ​អា​ហ្នឹង​គេ​ពិបាក... គាត់​ចូល​ពិភាក្សា​ហើយ ម៉េច​យើង​ដឹង​ថា ចៅក្រម​សម្រេច​យ៉ាង​ម៉េច?»
យុទ្ធនាការ​ក្រុម​សហជីព​នេះ ក៏​នៅ​ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ ១៦០​ដុល្លារ​ដដែល។
យ៉ាង​ណា​ការ​បង្ក្រាប​ពុំ​មាន​ឡើយ​សម្រាប់​យុទ្ធនាការ​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ប្រឆាំង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សហជីព​ពី​សំណាក់​ក្រុម​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។ ក្រៅ​តែ​ត្រូវ​គេ​ដាក់​ពង្រាយ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​នោះ។
ក្រៅ​ពី​នេះ ក្រុម​សហជីព​ក៏​នៅ​ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ ១៦០​ដុល្លារ​ដដែល។
លោក ណៃ វ៉ង់ដា មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក ចាត់​ទុក​ថា ការ​សម្រេច​ចិត្ត​ដូច្នេះ​របស់​រដ្ឋាភិបាល គឺ​ជា​រឿង​ត្រឹមត្រូវ៖ «នេះ​គឺ​ថា​គ្មាន​សកម្មភាព​ណា​មួយ​បំភិតបំភ័យ មាន​សមត្ថកិច្ច​ច្រូងច្រាង អាវុធ​វែង​ខ្លី ដំបង​វា​ដុំ​អី​ទេ។ ឃើញ​ថា​ជា​សកម្មភាព​មួយ​គួរ​ឲ្យ​កោត​សរសើរ​ដល់​អាជ្ញាធរ ហើយ​កងកម្លាំង​នៅ​ពេល​នេះ​ដែរ។ យើង​គិត​ថា​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​យល់​ដឹង​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​នូវ​សិទ្ធិ​សេរីភាព ការ​តវ៉ា ការ​ទាមទារ។»
នៅ​ថ្ងៃ​ទី​១១ កុម្ភៈ សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​សំណុំ​រឿង​អ្នក​ទាំង ២១​នាក់។ ក្រុម​សហជីព​បាន​បញ្ជាក់​ថា បើ​តុលាការ​មិន​ទម្លាក់​ការ​ចោទ​ប្រកាន់ ហើយ​ដោះលែង​អ្នក​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ទេ នោះ​បាតុកម្ម​ប្រឆាំង​ចំណាត់​ការ​នេះ​នឹង​ផ្ទុះ​ឡើង​មិន​សំចៃ​ដៃ​ឡើយ៕ 



No comments:

Post a Comment