កម្មករលើកបដាទាមទារប្រាក់ខែគោល ១៦០ដុល្លារ តវ៉ានៅក្បែរទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៣។
RFA/Mom Sophon
សហព័ន្ធសហជីព ចំនួន ១៨ ចាប់ផ្ដើម ចែកចាយខិត្តប័ណ្ណ អំពាវនាវកម្មករ ចូលរួម កូដកម្ម
ដោយ សេក បណ្ឌិត / អាស៊ីសេរី | ២១ កុម្ភៈ ២០១៤
សហព័ន្ធសហជីព និងសមាគមធំៗសរុបចំនួន១៨ ចាប់ផ្ដើមយុទ្ធនាការចែកចាយខិត្តប័ណ្ណដល់កម្មករកម្មការិនីនៅតាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ នេះតទៅ ដើម្បីអំពាវនាវឲ្យកម្មករចូលរួមសកម្មភាព ពហិការមិនធ្វើការថែមម៉ោង ចូលរួមវេទិកាសាធារណៈ និងមហាកូដកម្មចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤។
ចំណែកមេដឹកនាំកម្មករមួយចំនួនទៀត ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលក៏បានចេញសេចក្តីអំពាវនាវទប់ស្កាត់កម្មករ កុំឲ្យចូលរួមសកម្មភាពតវ៉ាណាមួយ ដែលនាំឲ្យមានបញ្ហាប្រឈមនឹងករណីកាត់ប្រាក់ខែពីថៅកែរោងចក្រ។
សហភាពសហជីព នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ សុំឲ្យភ្នាក់ងារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ស្ថានទូត អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជួយឃ្លាំមើលសកម្មភាពចែកចាយខិត្តប័ណ្ណនេះ ដើម្បីកុំឲ្យមានការរារាំង និងឃាត់ខ្លួនអ្នកចែកចាយពីសំណាក់អាជ្ញាធរដែនដី។
កូដកម្មដែលគ្រោងធ្វើនៅខែមីនា នោះ ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាល និងនិយោជក ដោះស្រាយបញ្ហាចំនួន ៧ចំណុច រួមមាន សុំដោះលែងជនជាប់ចោទ ២១នាក់ និងទម្លាក់ចោលការចោទប្រកាន់ ២៣នាក់ សុំឲ្យមានការចរចាដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ ត្រូវដាក់ទោសដល់ជនប្រើហិង្សា និងសម្លាប់កម្មករ ផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះដែលបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំជាសាធារណៈមិនឲ្យលើសពី ១០នាក់ តំណាងក្រុមហ៊ុនត្រូវដកបណ្ដឹងប្រឆាំងសហជីព និងកម្មករ ត្រូវទទួលយកកម្មករដែលបានបញ្ឈប់ពីការងារ ឲ្យចូលធ្វើការវិញដោយមិនកាត់ប្រាក់ និងអត្ថប្រយោជន៍ក្នុងពេលចូលរួមកូដកម្ម។
លោក រ៉ុង ឈុន មានប្រសាសន៍នៅរសៀលថ្ងៃសុក្រ ទី២១ កុម្ភៈ ថា សកម្មភាពចែកខិត្តប័ណ្ណពេញមួយថ្ងៃសុក្រ ទី២១ កុម្ភៈ ពុំមានការរារាំងនោះទេ ប៉ុន្តែកម្លាំងឃ្លាំមើលពីក្រោយក្រុមអ្នកចែកចាយខិត្តប័ណ្ណនោះ។
«សំឡេង»
ចំណែកមេដឹកនាំកម្មករដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល មានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវដល់កម្មករដែរ ដើម្បីទប់ស្កាត់កុំឲ្យកម្មករចូលរួមក្នុងសកម្មភាពតវ៉ា ឬបាតុកម្ម កូដកម្មគ្រប់រូបភាពទាំងអស់ ដែលដឹកនាំដោយសហព័ន្ធសហជីព និងសមាគមសរុបចំនួន ១៨នោះ។
សហភាពសហព័ន្ធសហជីពជាតិកម្ពុជា លោក ជួន មុំថុល មានប្រសាសន៍នៅថ្ងៃទី២១ កុម្ភៈ ថា ការអំពាវនាវនេះ គឺចង់ឲ្យកម្មករពិចារណាមុនចូលរួមធ្វើបាតុកម្ម ឬកូដកម្ម ដែលនាំឲ្យកម្មករជួបហានិភ័យជាច្រើន ដូចជាថៅកែកាត់ប្រាក់ខែ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
«សំឡេង»
ចំណែកប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា លោក វ៉ាន់ ស៊ូអៀង មានប្រសាសន៍ព្រមាននៅថ្ងៃសុក្រ ទី២១ កុម្ភៈ ថា រោងចក្រប្រមាណជា ៨០% នឹងត្រូវបិទទ្វារក្នុងរយៈពេល ៣ខែខាងមុខមុខនេះទៀត បើសិនជានៅតែមានកម្មករតវ៉ាទាមទារប្រាក់ខែគោល ១៦០ដុល្លារនោះ។ លោកពន្យល់ថា បញ្ហានេះដោយសារតែថៅកែរោងចក្រពុំមានលទ្ធភាពបំពេញតាមការទាមទារនោះបាន ដូច្នេះមានតែដកខ្លួនថយខ្លួនឯង។
«សំឡេង»
យ៉ាងណាក្តី សហព័ន្ធសហជីព និងសមាគមធំៗសរុបចំនួន១៨ គ្រោងធ្វើវេទិកាសាធារណៈ នៅថ្ងៃទី៨ មីនា នៅទីលានប្រជាធិបតេយ្យ ដោយអញ្ជើញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក គាត ឈន់ តំណាងក្រុមចរចាប្រាក់ខែគោលកម្មករ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ មកឆ្លើយបំភ្លឺនៅមុខមហាជន ចំពោះការដំឡើងប្រាក់ខែគោលឲ្យកម្មករ ការបាញ់សម្លាប់កម្មករ និងការឃុំខ្លួនមនុស្ស ២៣នាក់ដាក់ពន្ធនាគារ៕
No comments:
Post a Comment