Paris Peace Accords 23 Oct. 1991

Friday, February 21, 2014

លោក ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ ឲ្យ​កងកម្លាំងប្រដាប់អាវុធ ការពារ​រដ្ឋធម្មនុញ្ញ​


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមជាគណៈអធិបតីនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៣ នៅក្រសួងមហាផ្ទៃ (រូបថត៖ ឡាយ សាមាន)

លោក ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ ឲ្យ​កងកម្លាំងប្រដាប់អាវុធ ការពារ​រដ្ឋធម្មនុញ្ញ​


ដោយ៖​ ឡាយ សាមាន​ / វីអូឌី | ថ្ងៃសុក្រ ទី21 ខែកុម្ភៈ ឆ្នាំ2014

ប្រមុខ​ រាជរដ្ឋាភិបាល​ កម្ពុជា អំពាវនាវ​ ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ ទាំងអស់ រួមគ្នា​ ការពារ​រដ្ឋធម្មនុញ ការពារ​ឯករាជភាព អធិបតេយ្យភាព​ ដ៏​ពេញលេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា  និង​ធានាឲ្យបាន​ នូវ​ប្រក្រតីភាព នៃ​ស្ថាប័ន​ជាតិ និង​រដ្ឋបាល​សាធារណៈ ​គ្រប់​ជាន់ថ្នាក់​។​
​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ នៅ​ក្រសួង​មហាផ្ទៃ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ថ្លែងថា កងកម្លាំង​នគរបាល​ជាតិ​ត្រូវ​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​នានា ខិតខំ​ប្រមូលផ្តុំ​បង្កើន​វិធានការ​ប្រមូល​ព័ត៌មាន ដើម្បី​វិភាគ និង​វាយតម្លៃ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​។ លោក បន្តថា រាល់​ឧបាយកល​នានា​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព សន្តិសុខ​សង្គម ស្ថេរភាព​នយោបាយ ភាពចលាចល ការប៉ុនប៉ង​ឲ្យមាន​អំពើហិង្សា  និង​ភាពវឹកវរ​ក្នុងសង្គម ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ «​ជាមួយនឹង​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរព​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ របស់​មនុស្ស​។ ក្នុង​សា្មរ​តី​នេះ ត្រូវ​រួមគ្នា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ឯករាជ្យ​ភាព អធិបតេយ្យភាព ដ៏​ពេញលេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​
លោក  ហ៊ុន សែន បន្តថា ក្នុង​ឆ្នាំ ២០១៣ កម្លាំង​នគរបាល​ត្រូវបាន​ដោះស្រាយ​ដោយ​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​មួយចំនួន ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​បាន​ជួប​បញ្ហា​មួយចំនួន​ដោយសារ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​លទ្ធផល​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០១៣​។​
​ប្រធាន​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក លោក នី ចរិយា យល់ថា ពាក្យ​ថា​ការពារ​រដ្ឋធម្មនុញ្ញ​ហាក់បីដូច​ជា​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​គ្រាអាសន្ន ក្នុងការ​ធ្វើឲ្យ​មាន​រំលោភ​រដ្ឋធម្មនុញ្ញ ឬក៏​មាន​អ្នក​មិន​អនុវត្តន៍​រដ្ឋធម្មនុញ តែ​ជាក់ស្តែង​គ្មាន​ទិដ្ឋភាព​នេះ​កើតឡើង​ទេ​។ លោក បន្តថា សព្វថ្ងៃនេះ រដ្ឋាភិបាល​កំពុង​រំលោភ​រដ្ឋធម្មនុញ​ដែល​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ និង​យោធា​បង្ក្រាប មកលើ​ប្រជាពលរដ្ឋ «​មានតែ​ការមិន​អនុវត្ត រដ្ឋធម្មនុញ្ញ​នូវ​ប្រការ​មួយចំនួន ទាក់ទង​ទៅនឹង​ការជាប់គាំង​ខាង​នយោបាយ ដូចជា​ការបង្កើត​រដ្ឋ​សភា ប៉ុន្តែ​បញ្ហា​អស់​នេះ មិនមែន​មានន័យថា ជា​ភាពវឹកវរ ដែល​គួរ​ឲ្យ​យើង​ធ្វើការ​ប្រកាស​អាសន្ន រហូត​ទៅ​ដល់​ប្រកាស​ឲ្យ​កងទ័ព​មក​ការពារ​រដ្ឋធម្មនុញ្ញ ខ្ញុំ​ថា​មិនមែន​ជា​កាលៈទេសៈ ដែល​ត្រូវ​ប្រកាស​នោះទេ គឺ​យើង​គ្មាន​កាលៈទេសៈ​នោះទេ​»​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​អ្នក​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ បង្ក្រាប​បាតុករ​អហិង្សា​។ លោក បន្តថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រជុំ​សភា​ឯក​បក្ស​ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ ក៏​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ការអំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ការពារ​រដ្ឋធម្មនុញ្ញ​នោះ គឺជា​លេស​ដើម្បី​ការពារ​អំណាច​លោក ហ៊ុន សែន «​ការរៀបចំ​រដ្ឋាភិបាល ដែល​មាន​ឯក​បក្ស ដែល​មាន​តំណាងរាស្ត្រ​តែ​៦៨​រូប ចូលរួម​បង្កើត​រដ្ឋាភិបាល​នោះ​គឺ ស្រប​រដ្ឋធម្មនុញ្ញ ហើយ​ការ​ដែល​រឹបអូស​ដីធ្លី ប្រជាពលរដ្ឋ​ដែល​ខុសច្បាប់ ហ្នឹង​រំលោភសិទ្ធិ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ ការបិទ​សិទ្ធិសេរីភាព​មិន​ឲ្យ​កម្មករ កម្មការិនី ធ្វើបាតុកម្ម នោះ​វា​រំលោភ​សិទ្ធិ​ជួបប្រជុំ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ អត់​បាន​ធ្វើ​អ្វី​រំលោភ​រដ្ឋធម្មនុញ្ញ​ទេ គឺ​គណបក្ស​ប្រជាជន​ខ្លួន​គាត់​នោះ​តែម្តង ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​»​។​
​ទន្ទឹម​នឹង​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ការពារ​រដ្ឋធម្មនុញ ឬ​ការពារ​រដ្ឋាភិបាល​រប​ស់លោក​នេះ លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​សម្រួល​ក្នុង​ការបើកប្រាក់​បៀរ​វត្ស៍​ជូន​ដល់​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ទៀងទាត់ និង​ទាន់​ពេលវេលា​៕




No comments:

Post a Comment