Paris Peace Accords 23 Oct. 1991

Friday, February 21, 2014

ក្រសួង​វប្បធម៌ ជំរុញ​ អ្នកនិពន្ធ​ និង​អ្នកសិល្បៈ បង្កើត​ស្នាដៃ​ថ្មីៗ​ បន្ថែមទៀត ដើម្បី​លើកស្ទួយ​ វប្បធម៌​ជាតិ​​


ពិធី​បើក​សន្និសីទ​មហា​ស្រព​សិល្បៈ​មហាជន​ថ្នាក់ជាតិ នៅ​សាលសន្និសីទ​ចតុមុខ (រូបថត៖ សុទ្ធ គឹមសឿន)

ក្រសួង​វប្បធម៌ ជំរុញ​ អ្នកនិពន្ធ​ និង​អ្នកសិល្បៈ បង្កើត​ស្នាដៃ​ថ្មីៗ​ បន្ថែមទៀត  ដើម្បី​លើកស្ទួយ​ វប្បធម៌​ជាតិ​​


ដោយ៖​ សុទ្ធ គឹម​សឿន​ / វីអូឌី | ថ្ងៃសុក្រ ទី21 ខែកុម្ភៈ ឆ្នាំ2014

រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជំរុញ​ឲ្យ​អ្នកនិពន្ធ អ្នកដឹកនាំ​ភាពយន្ដ សិល្បករ​-​សិល្បការី​នី ​ទាំងអស់ត្រូវ​បន្ត​ពង្រឹងសមត្ថភាព និង​ស្រាវជ្រាវ​បង្កើត​នូវ​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ និង​រក្សា​នៃ​កេរ្តិ៍តំណែល​វប្បធម៌​ជាតិ​។​
​ក្នុង​ពិធី​បើក​សន្និសីទ​មហា​ស្រព​សិល្បៈ​មហាជន​ថ្នាក់ជាតិ នៅ​សាលសន្និសីទ​ចតុមុខ នា​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ​នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ វិស័យ​សិល្បៈ ទស្សនីយ៍ភាព និង​ល្ខោន ដែល​ជា​ផលិតកម្ម​ខ្មែរ បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន ខណៈ​ដែល​វ័យ​របស់​សិល្បៈករ និង​អ្នក​បង្កើត​ស្នាដៃ​ផ្សេង​កាន់តែ​ចាស់ជរា ការបណ្តុះបណ្តាល​សិល្បករ​បន្តវេន​នៅមានកម្រិត និង​ការរីកចម្រើន​នៃ​បច្ចេកវិជ្ជា​ថ្មីៗ​បាន​ធ្វើឲ្យ​មាន​ការហូរចូល​នូវ​វប្បធម៌​បរទេស​មក​កាន់​កម្ពុជា​។​
ក្នុងន័យនេះ លោកស្រី ភឿង សកុណា ជំរុញ​ឲ្យមាន​ការចូល​រួម​បន្ថែមទៀត ពី​សំណាក់​ក្រុម​សិល្បៈ​មហាជន និង​សមាគម​សិល្បៈ​រដ្ឋាភិបាល ដែល​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​សិល្បៈ ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ដល់​អ្នកជំនាន់ក្រោយ ហើយ​អ្នកនិពន្ធ អ្នកដឹកនាំ​រឿង សិល្បករ​-​សិល្បការិនី ត្រូវ​បន្ត​ផលិត និង​បង្កើត​នូវ​ស្នាដៃ​ថ្មីៗ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​បម្រើ​ចំណី​អារម្មណ៍​ដល់​អ្នកទស្សនា និង​លើកស្ទួយ​វប្បធម៌ ដែលជា​ព្រលឹង​របស់​សង្គមជាតិ​។​
​ជាមួយគ្នា​នោះ​ដែរ ដើម្បី​ជា​ការលើកស្ទួយ​ស្នាដៃ​បង្កើត​ថ្មី និង​វប្បធម៌​ជាតិ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោម​ការឧបត្ថម្ភ​ដោយ​មូលនិធិ​អង្គការ​អន្តរជាតិ​ដើម្បី​សិល្បៈ​វប្បធម៌​នៃ​ទីក្រុង​តូ​ក្បូប្រទេស​ជប៉ុន តាមរយៈ​ស្ថានីយ៍​ទូ​ទស្សន៍​អាស៊ី​អាគ្នេយ៏ នៅ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​នេះ បាន​រៀបចំ​ឲ្យមាន​ការប្រគួតប្រជែង​មហោ​ស្រព​សិល្បៈ​មហាជន​អភិ​វឌ្ឍន៍​ថ្នាក់​ជាតិ​មួយ ដោយ​មាន​ចូលរួម​ពី​ក្រុម​សិល្បករ សិល្បការិនី​ មកពី​២៤​ខេត្ត​-​រាជធានី​។
វិញ្ញាសារ​សិល្បៈ​ដែល​ដាក់​ប្រកួតប្រជែង​នេះ រួមមាន រឿង​អា​យ៉ៃ យី​កេរ កំប្លែង​បែប​អប់រំ ល្ខោនបាសាក់ របាំ​ប្រពៃណី រឿងល្ខោន​មហោរី ចាប៉ីដងវែង ចម្រៀង​ប្រពៃណី របាំ​បែប​ជាតិ​ភាគតិច និង​ស្នាដៃ​របស់​អ្នកនិពន្ធ​មួយចំនួនទៀត​៕
សិល្បករ សិល្បការិនី សម្តែង​ក្នុង​ពិធី​បើក​សន្និសីទ​មហា​ស្រព​សិល្បៈ​មហាជន​ថ្នាក់ជាតិ នៅ​សាលសន្និសីទ​ចតុមុខ (រូបថត៖ សុទ្ធ គឹមសឿន)



No comments:

Post a Comment