Paris Peace Accords 23 Oct. 1991

Saturday, February 15, 2014

សញ្ញា​វិជ្ជមាន​ មួយ​ចំនួន​ ចំពោះ​ដំណោះស្រាយ​ ភាព​ជាប់​គាំង​ នយោបាយ

យឹម សុវណ្ណ ព្រំ សុខា ៦១០
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Mom Sophon

សញ្ញា​វិជ្ជមាន​ មួយ​ចំនួន​ ចំពោះ​ដំណោះស្រាយ​ ភាព​ជាប់​គាំង​ នយោបាយ


ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ១៥ កុម្ភៈ ២០១៤
នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ឆ្លង​ឆ្លើយ​គ្នា​ជា​បន្តបន្ទាប់ ពី​ការ​បង្កើត​គណៈកម្មការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ដែល​គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​សន្យា​គ្នា​កាល​ពី​ខែ​កញ្ញា កន្លង​ទៅ។ ការ​ឆ្លើយ​ឆ្លង​គ្នា​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​បាន​លើក​ឡើង​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ ដើម្បី​ឈាន​ដល់​គណបក្ស​ទាំង​ពីរ​ជួប​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ ដែល​អូស​បន្លាយ​ពេល​ជាច្រើន​ខែ​មក​ហើយ​នេះ។
គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ រង់ចាំ​ការ​កំណត់​ថ្ងៃ​ជួប​ចរចា​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្មី​ទៀត តាម​យន្តការ​ដោះស្រាយ​សន្តិវិធី។
សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្រ្គោះ​ជាតិ ថ្ងៃ​ទី​១៤ កុម្ភៈ បាន​សរសេរ​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​ដោយ​សន្តិវិធី អហិង្សា តាម​រយៈ​ការ​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ រង់ចាំ​ការ​កំណត់​ថ្ងៃ​ជួប​គ្នា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចាត់​តំណាង​របស់​ខ្លួន​ចូល​រួម​ជជែក រៀប​ចំ​យន្តការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប និង​ការ​កំណត់​ថ្ងៃ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ ជាដើម។
សេចក្ដី​ថ្លែងការណ៍​ដដែល​សង្កត់​ធ្ងន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​ប្រើ​អំពើ​ហិង្សា​លើ​បាតុករ​អហិង្សា និង​បិទ​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​ការ​ជួប​ជុំ​គ្នា​ចូល​រួម​ធ្វើ​បាតុកម្ម ដែល​បាន​ព្រមព្រៀង​គ្នា​ត្រង់​ចំណុច​ទី​១ រីឯ​ចំណុច​ទី​២​វិញ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​គណៈកម្មការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ជា​ឯកតោ​ភាគី ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ដឹក​នាំ​ការ​ចរចា​តំណាង​ឲ្យ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រង់ចាំ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជួប​ចរចា​ពិភាក្សា​បន្ត និង​ការ​ជជែក​ពី​ការ​បង្កើត​គណៈកម្មការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។
«សំឡេង»
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ បាន​លើក​ឡើង​ថា ការ​ឆ្លើយ​ឆ្លង​គ្នា​ជា​សញ្ញា​វិជ្ជមាន​មួយ ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ជម្លោះ​នយោបាយ។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា និកហ្វិច (Nicfec) លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​បាន​ឆ្លង​ឆ្លើយ​គ្នា​ជា​ប្រយោល​ក្ដី ប៉ុន្តែ​លោក​បញ្ជាក់​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដើម្បី​ឲ្យ​គណបក្ស​ទាំង​ពីរ​វិល​មក​តុ​ចរចា​ឡើង​វិញ។
«សំឡេង»
ការ​ឆ្លើយ​ឆ្លង​គ្នា​ឡើង​វិញ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​នៅ​បន្ទាប់​ពី​គណបក្ស​សង្រ្គោះ​ជាតិ បាន​ផ្អាក​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ជាង ១​ខែ​មក ដោយសារ​តែ​ការ​បង្រ្កាប និង​ហាម​ឃាត់​របស់​រដ្ឋាភិបាល​ឯក​បក្ស។
ជម្លោះ​នយោបាយ​នៅ​កម្ពុជា ក្រោយ​ពេល​បោះ​ឆ្នោត​នេះ មិន​មែន​ជា​លើក​ទី​១​ទេ កម្ពុជា បាន​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ជា​ថ្មី​ម្ដង​ទៀត នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ នេះ។ នៅ​ក្នុង​កាលៈទេសៈ​នេះ ប្រជាពលរដ្ឋ រួម​ទាំង លោក សម រង្ស៊ី ផង បាន​រំឭក​ពី​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ព្រះ​បរម​កោដ្ឋ ព្រះអង្គ​ធ្លាប់​បាន​បំពេញ​ព្រះរាជ​តួនាទី​ជាច្រើន​ជូន​ជាតិ ពិសេស​ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​យ៉ាង​សកម្ម​នៅ​ពេល​កម្ពុជា ជួប​វិបត្តិ​នយោបាយ​ដូច​នេះ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់​ភាគី​ទាំងអស់ ត្រូវ​រួប​រួម​គ្នា​ឡើង​វិញ ពីព្រោះ​ដំណាក់​កាល​នេះ​មិន​ទាន់​ហួស​ពេល​ទេ ដើម្បី​សង្គ្រោះ​ជាតិ​ខ្មែរ។ លោក សម រង្ស៊ី បាន​រំឭក​អំពី​ព្រះ​តម្រិះ​របស់​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​កោដ្ឋ នរោត្តម សីហនុ ដែល​ព្រះអង្គ​ជា​បិតា​ឯកភាព និង​បង្រួប​បង្រួម​ជាតិ។ លោក សម រង្ស៊ី បាន​សំដែង​សុទិដ្ឋិនិយម​ថា បញ្ហា​ជាប់​គាំង​នយោបាយ​នេះ នឹង​ត្រូវ​ដោះស្រាយ​បាន​ឆាប់ៗ។
«សំឡេង»
ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ព្រះ​បរម​កោដ្ឋ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ចុង​ក្រោយ នៅ​មុន​ពេល​ព្រះអង្គ​ចូល​ទិវង្គត​នោះ គឺ​ព្រះអង្គ​ចង់​ឲ្យ​ខ្មែរ​ទាំងអស់​មាន​ការ​រួប​រួម​គ្នា ដែល​ការ​រួប​រួម​នេះ ព្រះអង្គ​មិន​ចង់​រហូត​ដល់​កម្ពុជា ក្លាយ​ទៅ​ជា​មហា​អំណាច​នោះ​ទេ គឺ​ព្រះអង្គ​ចង់​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ទាំងអស់​មាន​ការ​បង្រួប​បង្រួម​គ្នា​ពិត​ប្រាកដ។
«សំឡេង»
នៅ​ខណៈ​ដែល​កម្ពុជា កំពុង​ជាប់​គាំង​នយោបាយ​នេះ អ្នក​វិភាគ​បាន​ពន្យល់​ថា អ្នក​ដែល​ខាត​បង់​ខ្លាំង​នោះ គឺ​ប្រជាពលរដ្ឋ និង​ជាតិ។ ពោល គឺ​អ្នក​វិនិយោគ​មិន​អាច​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​ពុំ​មាន​ស្ថិរភាព​នយោបាយ​នោះ​ទេ។ បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​ដឹក​នាំ​ប្រទេស ទោះ​បី​ជា​រដ្ឋាភិបាល​បច្ចុប្បន្ន​ពឹង​ផ្អែក​សំខាន់​លើ​ជំនួយ និង​កម្ចី​របស់​ប្រទេស​ចិន ក៏ដោយ។
និស្សិត​មួយ​រួប​ឈ្មោះ អិន អន និង​ជា​អតីត​និស្សិត​ចុះ​វាស់វែង​ដីធ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ទាំងអស់ មាន​ការ​បង្រួប​បង្រួម​ជាតិ ពីព្រោះ​ថា ភាព​ជាប់​គាំង​នយោបាយ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​លំបាក មិន​ថា​យុវជន ឬ​ប្រជា​កសិករ​ទេ។
«សំឡេង»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​បង្ហាញ​ជំហរ​ច្បាស់​លាស់​ក្នុង​ការ​ចរចា ឬ​រក​ដំណោះស្រាយ​នយោបាយ​នៅ​ឡើយ។ លោក កែម ឡី អះអាង​ថា គណបក្ស​នយោបាយ​ត្រូវ​តែ​ជជែក​អំពី​ការ​កែ​ទម្រង់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បោះ​ឆ្នោត​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ឈាន​ដល់​ការ​បោះ​ឆ្នោត​មុន​អាណត្តិ ប្រកប​ដោយ​តម្លាភាព និង​ត្រឹមត្រូវ យុត្តិធម៌។
«សំឡេង»
នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ អ្នក​វិភាគ​នយោបាយ​បាន​ផ្ដល់​អនុសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សរសេរ​គោល​ជំហរ​រៀងៗ​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​យក​ទៅ​ដាក់​លើ​តុ​ចរចា ហើយ​ចំណុច​ណា​ខ្លះ​អាច​សម្បទាន​ឲ្យ​គ្នា​បាន ដើម្បី​ឈាន​ទៅ​រក​ចំណុច​រួម​គ្នា។
សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន គឺ​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ឬ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ។
អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​បញ្ចប់​ភាព​ទាល់ច្រក​នយោបាយ​នោះ គឺ​ទី​១ ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ គ.ជ.ប និង​ទី​២ ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​៧៨ ឲ្យ​មក​បោះ​ឆ្នោត​មុន​អាណត្តិ៕




No comments:

Post a Comment