កម្មករប្រមូលផ្ដុំគ្នាបិទផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងការងារ ទាមទារសុំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅព្រឹកថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៣។
RFA/Mom Sophon
សហជីពកម្មករ ត្រៀមដឹកនាំ កូដកម្ម លើកទី២ នៅថ្ងៃ១២ មីនា
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ១៨ កុម្ភៈ ២០១៤
សហព័ន្ធសហជីពកម្មករ និងសមាគមចំនួន ១៨ស្ថាប័ន បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាល ឲ្យពិចារណាដោះស្រាយសំណូមពរចំនួន ៧ចំណុច ដើម្បីបញ្ចៀសកូដកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស នៅខែមីនា ខាងមុខ។ បញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ បើការប្រមូលផ្តុំណាមួយគ្មានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) ស្ថិតក្នុងចំណោមមេដឹកនាំសហជីព និងសមាគមទាំង ១៨ស្ថាប័ន។ លោកបានឲ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ថា សប្ដាហ៍កន្លងទៅ មេដឹកនាំសហជីពធំៗ បានចេញលិខិតរួមអំពាវនាវឲ្យមន្ត្រីរាជការ កម្មករ និងពលរដ្ឋ ធ្វើពហិការមិនធ្វើការថែមម៉ោង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ។
លោក អាត់ ធន់ ឲ្យដឹងថា ការធ្វើកូដកម្មនៅខែមីនា ខាងមុខ គឺមានបំណងស្នើឲ្យរដ្ឋាភិបាល និងថៅកែក្រុមហ៊ុន ដោះស្រាយសំណូមពរចំនួន ៧ចំណុច មានដូចជា ស្នើឲ្យដោះលែងជនជាប់ចោទចំនួន ២១នាក់ ស្នើឲ្យមានការចរចាដំឡើងប្រាក់ខែកម្មករ ១៦០ដុល្លារឡើងវិញ ស្នើឲ្យរដ្ឋាភិបាលដកបម្រាមប្រមូលផ្តុំ និងស្នើឲ្យក្រុមហ៊ុនដកបណ្ដឹងប្រឆាំងមេដឹកនាំសហជីព ឬកម្មករជាដើម។
លោក អាត់ ធន់ បន្ថែមថា បើសិនជាមានជំនួបចរចារវាងផ្នែកពាក់ព័ន្ធជុំវិញសំណូមពរទាំង ៧ចំណុចរបស់មេដឹកនាំសហជីពទាំង ១៨ស្ថាប័ន ហើយមានលទ្ធផលវិជ្ជមាន នឹងមិនមានមហាកូដកម្មកើតមាននៅថ្ងៃអនាគតទេ៖ «យើងដឹងថា អ្នកបញ្ជាទិញ ក៏ដូចជាទីផ្សារជាតិ អន្តរជាតិផ្សេងៗ គេបើកភ្លើងខៀវថាគេនឹងព្រមចរចាហើយ ហើយពាក់ព័ន្ធនឹងការដោះលែងអ្នកទាំង ២១នាក់ គឺទូតផ្សេង អន្តរជាតិ និងមនុស្សភាគច្រើន គេជំរុញឲ្យមានការដោះលែង អ៊ីចឹងជាឱកាសសម្រាប់រដ្ឋាភិបាលពិចារណា។ រឿងមួយទៀត ចំពេលនេះ ក្រុមកម្មករ និងប្រជាពលរដ្ឋនៅស្ងាត់ស្ងៀមនៅឡើយ។ បើរដ្ឋាភិបាលដោះស្រាយពេលហ្នឹង ខ្ញុំគិតថា ជារឿងមួយល្អបំផុត។ ប៉ុន្តែបើមិនមានការដោះស្រាយទេ ហើយរឿងហ្នឹងវាកើតឡើងធំទៅវិញ ខ្ញុំគិតថា វាមិនល្អសម្រាប់រដ្ឋាភិបាល ឬក្រុមហ៊ុនទេ ព្រោះកម្មករត្រៀមធ្វើកូដកម្មហើយ»។
ទាក់ទិនបញ្ហានេះ នៅថ្ងៃទី១៨ កុម្ភៈ នេះ គ្មានការឆ្លើយតបពីមន្ត្រីក្រសួងការងារ ឬផ្នែកពាក់ព័ន្ធណាមួយទេ ជុំវិញគម្រោងដឹកនាំធ្វើកូដកម្មជាថ្មីរបស់សហជីពកម្មករ។ ប៉ុន្តែលោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា មិនទាន់ដឹងពីគម្រោងធ្វើជួបជុំ ឬធ្វើកូដកម្មរបស់កម្មករទេ។ ប៉ុន្តែលោកបន្តថា បម្រាមហាមមិនឲ្យមានការជួបជុំដែលក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមខែមករា នៅមានប្រសិទ្ធភាពនៅឡើយទេ។
លោក ខៀវ សុភ័គ៖ «កន្លងមកដូចជាក្រសួងបានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការធ្វើបាតុកម្ម កូដកម្ម ការដង្ហែក្បួន ឬការជួបជុំអីជាដើមថា ដោយសារតែស្ថានភាពបច្ចុប្បន្ននេះមិនទាន់អាចវិលទៅរកភាពប្រក្រតីវិញទេ។ ដូច្នេះក្រសួងមហាផ្ទៃ ស្នើសុំការយោគយល់និងអធ្យាស្រ័យពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថាការជួបជុំ ការដង្ហែក្បួនធ្វើកូដកម្ម បាតុកម្មអីជាដើមហ្នឹង ស្នើសុំផ្អាកមួយរយៈពេលសិន។ សេចក្ដីប្រកាសព័ត៌មាននេះ នៅជាធរមាននៅឡើយទេ»។
ចំណែកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅថា ជីម៉ាក់ (GMAC) បានបញ្ជាក់ពីជំហរថា ខ្លួនមិនទូទាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ផ្សេងៗជូនកម្មករពេលធ្វើកូដកម្មកន្លងទៅនោះទេ។ លិខិតជីម៉ាក់ ផ្ញើជូនតំណាងមេដឹកនាំសហជីពចំនួន ៨ កាលពីថ្ងៃទី១២ ខែកុម្ភៈ បានចាត់ទុកការធ្វើកូដកម្ម-បាតុកម្ម របស់ក្រុមកម្មករ ថាជាស្ថានភាពប្រធានសក្ដិ ឬជាសកម្មភាពមិនអាចគ្រប់គ្រងបាន។
ត្រង់ចំណុចនេះ លោក អាត់ ធន់ បានប្រកែកថា ករណីកម្មករធ្វើកូដកម្មទាមទារប្រាក់ឈ្នួល ១៦០ដុល្លារក្នុង ១ខែ មិនអាចចាត់ទុកជាប្រធានសក្ដិបានទេ។ លោកចាត់ទុកការដោះសារបស់ជីម៉ាក់ ថាមានបំណងគេចមិនទទួលខុសត្រូវចំពោះប្រាក់ឈ្នួល ឬប្រាក់រង្វាន់ទៀងទាត់របស់កម្មករ។ លោកបន្តថា បើបញ្ហាទាំងនេះមិនអាចដោះស្រាយបានទេ មហាកូដកម្មនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១២ ខែមីនា ខាងមុខ នឹងមិនអាចជៀសផុតនោះទេ៕
No comments:
Post a Comment