បាក់ច្រាំងទន្លេ បណ្ដាលឲ្យ បាត់ខ្លួនមនុស្ស ៣នាក់ នៅខេត្តកណ្ដាល
ដោយ៖ សុទ្ធ គឹមសឿន / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014
ស្ត្រីម្នាក់ និងកុមារតូចៗពីរនាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់ច្រាំងទន្លេ នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង២២យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤។
ក្នុងហេតុការណ៍បាក់ច្រាំងទន្លេនេះ ក៏បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួស បាក់រលំផ្ទះ ២ខ្នង ចូលក្នុងទឹកទន្លេ និង២ខ្នងទៀតបាក់មួយចំហៀងៗចូលក្នុងទន្លេ។
អធិការស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលលោក ម៉ែន សុខខឿន មានប្រសាសន៍ប្រាប់VODថា ហេតុការណ៍នេះកើតឡើង ដោយសារស្រុតដីនៅមាត់ច្រាំងទន្លេម្ដុំឡរធ្វើឥដ្ឋ។ លោកបន្តថា ផ្ទះដែលបានបាក់ និងខូចខាតនោះ ជាផ្ទះរបស់ក្រុមគ្រួសារកម្មករធ្វើឥដ្ឋ ដែលថៅកែឡរឥដ្ឋសាងសង់សម្រាប់ឲ្យកម្មករស្នាក់នៅ។
មនុស្សដែលបានបាត់ខ្លួនក្នុងហេតុការណ៍បាក់ច្រាំងទន្លេមាន ទី១មានឈ្មោះថា ប៉ុក សំអុល ភេទស្រី អាយុ៣៩ឆ្នាំ ទី២ឈ្មោះ ចេក ព្រិល ភេទប្រុស អាយុ២ឆ្នាំ និងទី៣ឈ្មោះ ចេក ឈួយ ភេទប្រុស អាយុ១ឆ្នាំ។ ក្នុងករណីនេះសមត្ថកិច្ច និងប្រជាពលរដ្ឋដែលមានមូលដ្ឋានក្បែរនោះ កំពុងចុះរាវរក តែលទ្ធផលយ៉ាងណាមិនទាន់ដឹងនូវឡើយទេ៕
No comments:
Post a Comment