លោក ម៉ម សូណង់ដូ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ (រូបភាពដោយ ណាត សុភាព)
លោក ម៉ម សូណង់ដូ គ្រោងដាក់ លិខិត ទៅក្រសួងព័ត៌មាន សុំបង្កើត ហ្វ្រេកង់ទូរទស្សន៍ និងដំឡើង កម្លាំងផ្សាយវិទ្យុ នៅសប្តាហ៍ក្រោយ
ដោយ៖ ណាត សុភាព | ថ្ងៃអាទិត្យ ទី2 ខែកុម្ភៈ ឆ្នាំ2014
ប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា លោកគ្រោងដាក់លិខិតជាថ្មីទៀត ទៅក្រសួងព័ត៌មាននៅសប្តាហ៍ក្រោយ ដើម្បីសុំជជែកពីការបង្កើតហ្វ្រេកង់ទូរទស្សន៍ ដំឡើងកម្លាំងផ្សាយវិទ្យុ ឡើងវិញ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
លោក ម៉ម សូណង់ដូ ថ្លែងប្រាប់VODនៅថ្ងៃអាទិត្យថា មូលហេតុដែលនាំឲ្យលោកគ្រោងដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានសុំជួប លោក ខៀវ កាញារីទ្ធ នៅសប្តាហ៍ក្រោយ ដោយសារតែ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ធ្លាប់មានប្រសាសន៍ថា វិទ្យុសំបុកឃ្មុំ នៅជំពាក់ថ្លៃសេវាសោតទស្សន៍ ជាវិទ្យុនយោបាយ ហើយក្រសួងបានផ្តល់កម្លាំងផ្សាយវិទ្យុសំបុកឃ្មុំ ១០គីឡូវ៉ាត់ (KW) ជាដើម។
ទាក់ទងនិងករណីនេះ លោក ម៉ម សូណង់ដូ បានបដិសេធ ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលថា លោកជំពាក់លុយ និងជាវិទ្យុនយោបាយ។ លោកបញ្ជាក់ថា បើការជួបពិភាក្សានៅតែមិនមានដំណោះស្រាយ លោកនិងសរសេរលិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំធ្វើបាតុកម្មទាមទារឲ្យក្រសួងព័ត៌មានផ្តល់ហ្វ្រេកង់ទូរទស្សន៍ ដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំបន្តនៅតាមខេត្ត ឲ្យបានដូចបំណងរបស់ពលរដ្ឋដែលចង់បាន។
កាលពីថ្ងៃចន្ទ ទី២៧ ខែមករា កន្លងទៅនេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានដឹកនាំពលរដ្ឋប្រមាណ៣០០០នាក់ហែក្បួន ចេញពីស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ទៅកាន់ក្រសួងព័ត៌មាន ក្នុងគោលបំណងទាមទារបង្កើតហ្វ្រេកង់ ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំបន្តទៅតាមខេត្ត ប៉ុន្តែ កម្លាំងសមត្ថកិច្ចប្រមាណជា៥០០នាក់ បានប្រើប្រាស់គ្រាប់បែកផ្សែង បាញ់ទៅលើក្រុមបាតុករ ដើម្បីបំបែកការតវ៉ារបស់ពួកគេនៅមុខក្រសួងព័ត៌មាន ធ្វើឲ្យពលរដ្ឋចំនួន៧នាក់ ដែលរងរបួសធ្ងន់ និងស្រាល៕
No comments:
Post a Comment