អង្គការ ចំនួន១៥ ជួបជុំគ្នា ដើម្បី លើកកម្ពស់ ការយល់ដឹង ផ្នែកសាសនា
ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ០១ កុម្ភៈ ២០១៤
យុទ្ធនាការនេះ សម្រេចជ្រើសរើសយកខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំបញ្ជ្រាបការយល់ដឹងរវាងសាសនានីមួយៗ ជាពិសេស ដើម្បីកាត់កាត់បន្ថយគម្លាតការយល់ខុស ដែលនាំឲ្យកើតហិង្សាផ្ដើមចេញពីជំនឿចំពោះអ្នកប្រតិបត្តិសាសនានេះ។
ក្រុមអង្គការសង្គមស៊ីវិល ដែលមានបេសកកម្មប្រឆាំងអំពើហិង្សានៅកម្ពុជា មួយចំនួន ចាត់ទុកថា ការជួបជុំគ្នាដែលមានលក្ខណៈជាអន្តរសាសនានេះ គឺជាផ្នែកមួយអាចផ្ដល់សេចក្ដីសុខ និងភាពស្ងប់ផ្លូវចិត្ត ហើយលើសពីនេះ ថែមទាំងជាសារជួយរំលឹកដល់អ្នកនយោបាយ ព្រមទាំងអ្នកតាក់តែងគោលនយោបាយ ឲ្យធ្វើសេចក្ដីសម្រេចមួយដោយតម្កល់សេចក្ដីសុខនៅក្នុងសង្គម និងប្រឆាំងហិង្សាជាចម្បង។
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០ កិច្ចប្រជុំមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចយកសប្ដាហ៍ទីមួយនៃខែកុម្ភៈ ដើម្បីជួបជុំជាសកលសម្រាប់សុខដុមរមនាពិភពលោក ដែលផ្ដោតសំខាន់លើចម្រុះសាសនា ឬអន្តរសាសនាគ្រប់វិស័យ។ ផ្ដើមចេញពីបញ្ហានេះហើយ ទើបអង្គការចំនួន១៥ ដែលធ្វើការពាក់ព័ន្ធនឹងសាសនានៅកម្ពុជា កំណត់សប្ដាហ៍ទីមួយនៃខែកុម្ភៈ បារម្ភពិធីនេះដែរ។
ដោយឡែកសម្រាប់ប្រធានបទនៅឆ្នាំនេះនៅកម្ពុជា គឺកំណត់យកការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជំនឿសាសនាដើម្បីចិរភាព។ ក្នុងនោះ មានព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រិស្តសាសនា។ សកម្មភាពនេះ ក្រៅពីបង្កើតកម្មវិធីអប់រំ និងបំផុសសំណួរលើកហេតុផលពីសាសនាហើយ។ ទន្ទឹងនឹងនេះ ថែមទាំងជំរុញឲ្យមានយុទ្ធនាការដាំដើមឈើ និងធ្វើទស្សនកិច្ច ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍រវាងសាសនាមួយ ទៅសាសនាមួយផ្សេងទៀត។ ដោយឡែក យុទ្ធនាការឆ្នាំនេះមានអ្នកចូលរួមប្រមាណជាង ១០០នាក់។
អនុប្រធានរដ្ឋបាល និងហិរញ្ញវត្ថុនៃពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ ព្រះតេជព្រះគុណ អឿន សំអាត មានថេរដីកាថា នេះជាមធ្យោបាយដើម្បីកាត់បន្ថយគម្លាតរវាងការយល់ខុសពីសាសនាមួយ ទៅសាសនាមួយផ្សេងទៀត ហើយបង្កជាហិង្សាឡើង។ ព្រះអង្គបន្តថា យុទ្ធនាការនេះមិនត្រឹមតែបញ្ជ្រាបការយល់ដឹងពីសាសនាមួយ ទៅសាសនាមួយទៀតប៉ុណ្ណោះទេ ថែមទាំងជួយជាស្មារតីដល់អ្នកនយោបាយទៀតផង ហើយក៏ជាវិធីជួយឲ្យសង្គមទទួលបានសុខសន្តិភាព៖ «ប្រជាពលរដ្ឋទាំងអស់ គឺត្រូវការសុខសន្តិភាពផ្នែកផ្លូវចិត្ត បន្ទាប់អំពីសង្កត់សង្កិននៅក្នុងសង្គម ដែលបញ្ចប់ដោយសង្គ្រាម ហើយយើងត្រូវការសន្តិភាពផ្នែកផ្លូវចិត្ត»។
ពាក់ព័ន្ធនឹងការយល់ខុស និងប្រកាន់សាសនាក្នុងពេលកន្លងមកនេះ ហិង្សាបានផ្ទុះឡើងរវាងអ្នកកាន់សាសនាព្រះពុទ្ធ និងអ្នកកាន់សាសនាឥស្លាម នៅប្រទេសភូមា។ មួយវិញទៀត ហិង្សាប្រហាក់ប្រហែលគ្នានេះ បានកើតឡើងដែរនៅប្រទេសបង់ក្លាដេស។
គ្រូគង្វាលបេសកកម្មនៃសាសនាគ្រិស្ត លោក ហេង សុទ្ធថា ឲ្យដឹងថា សាសនា គឺជាចំណុចប្រសព្វនៃជំនឿរបស់មនុស្សលោក។ ហេតុនេះ លោកថា បើអ្នកមានជំនឿលើសាសនាអាចយកចំណុចនេះ ដើម្បីបង្កើតបញ្ហា នោះភាពសុខសាន្តនៅក្នុងសង្គមនឹងពុំអាចកើតមានបានឡើយ។ ក្នុងន័យនេះ លោកបញ្ជាក់ថា ការជួបជុំរវាងអ្នកដឹកនាំនៃអន្តរសាសនានៅពេលនេះ នឹងជាមធ្យោបាយដ៏ប្រសើរថែមទៀត ដល់ការសម្រេចចិត្តរបស់អ្នករៀបចំគោលនយោបាយ៖ «តែងតែមានគំនិតផ្សេងៗគ្នាអំពីអ្វីដែលគេជឿ និងអំពីគណបក្សដែលគេកាន់នៅក្នុងហ្នឹង។ ប៉ុន្តែ បើសិនណាបើគេអ្នកទាំងអស់គ្នាយល់អំពីគ្នាដូចជាអ្វី ដែលយើងរួមគ្នា ហើយពិភាក្សាគ្នានៅថ្ងៃនេះ ក៏អាចជួយពីភាពប៉ះពាល់ដល់សង្គមជាតិយើងដែរ»។
កាលពីដើមទសវត្សទី៩០ សម្ដេចព្រះមហាឃោសនន្ត ព្រះអង្គធ្លាប់បានដឹកនាំព្រះសង្ឃ និងសាសនិកអន្តរសាសនាជាច្រើនជាតិសាសន៍ ដើម្បីអំពាវនាវឲ្យមានសុខសន្តិភាព។ កាលណោះ ប្រទេសកម្ពុជា កំពុងប្រឈមការបង្ហូរឈាមប្រដាប់អាវុធ ដែលមានភាគីជម្លោះផ្ទៃក្នុងជាច្រើនបក្ស ហើយនាំឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយៗមកទៀត យុទ្ធនាការប្រហាក់ប្រហែលគ្នានេះ បានផ្ដួចផ្ដើមឡើងជាបន្តបន្ទាប់ ក្នុងន័យដើម្បីស្ថិរភាពសង្គម៕
No comments:
Post a Comment