Paris Peace Accords 23 Oct. 1991

Friday, February 21, 2014

ពលរដ្ឋ​ តំបន់​ជ្រោយចង្វារ​ ស្នើ​ឲ្យ​ គោរព​ ការ​សន្យា ​របស់​ នាយក​រដ្ឋមន្ត្រី​ កាល​ពី​ ជាង​១០​ឆ្នាំ​មុន

ជម្លោះ​ដី ព្រែកលៀប ៦១០
សកម្មភាព​ក្រុមហ៊ុន​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី (OCIC) បូម​ខ្សាច់​លប់​ដី​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មករា ឆ្នាំ​២០១៤។

ពលរដ្ឋ​ តំបន់​ជ្រោយចង្វារ​ ស្នើ​ឲ្យ​ គោរព​ ការ​សន្យា ​របស់​ នាយក​រដ្ឋមន្ត្រី​ កាល​ពី​ ជាង​១០​ឆ្នាំ​មុន

ដោយ សេក បណ្ឌិត / អាស៊ីសេរី | ២០១៤
ជម្លោះ​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) នៅ​មិន​ទាន់​រក​ច្រក​ចេញ​បាន​នៅ​ឡើយ។ ប្រជាពលរដ្ឋ​ម្ចាស់​ដី​មួយ​ចំនួន បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់ ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ពុំ​ទាន់​មាន​លទ្ធភាព​ឡើង​ដល់​តុលាការ បាន​នាំ​គ្នា​ព្យាយាម​តវ៉ា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​មាន​វិធាន​ការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន ដែល​កំពុង​បូម​ខ្សាច់​ចាក់​លុប​ដី​គាត់​ដោយ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​លើ​គោល​នយោបាយ​ដោះស្រាយ​សំណង​ពី​ក្រុមហ៊ុន​នោះ។
ប្រជាពលរដ្ឋ​ នៅ​ក្នុង​សង្កាត់​ចំនួន​បី គឺ​សង្កាត់​ជ្រោយចង្វារ ព្រែកលៀប និង​ព្រែកតាសេក ខណ្ឌ​ឫស្សីកែវ សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ក្រុង​រក្សា​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ កាល​ពី​ជាង ១០​ឆ្នាំ​មុន​នេះ។
អ្នក​រស់​នៅ​ក្នុង​សង្កាត់​ទាំង​បី​នោះ បច្ចុប្បន្ន​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី និង​សាលា​ក្រុង​ភ្នំពេញ ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ដោយ​ត្រូវ​បណ្ដេញ​ពលរដ្ឋ​មួយ​ចំនួន​ចេញ​ពី​តំបន់​នោះ។ ទីតាំង​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​នោះ គិត​ចាប់​ពី​គល់​ស្ពាន​ជ្រោយចង្វារ ចន្លោះ​ពី​មាត់​ទន្លេសាប​ត្រើយ​ខាង​កើត មក​ទល់​នឹង​ផ្លូវ​ជាតិ​លេខ​៦អា (6A) រហូត​ដល់​សង្កាត់​ព្រែកតាសេក ដែល​មាន​ទំហំ​ប្រមាណ​ជាង ៤០០​ហិកតារ។
«សំឡេង​ស្ត្រី»
ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ​បាន​រងគ្រោះ​ដោយ​គម្រោង​អភិវឌ្ឍន៍​របស់​មេ​ដឹក​នាំ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ចំនួន​ពីរ​លើក​មក​ហើយ​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ។
លើក​ទី​មួយ​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ​១៩៩៤ ក្នុង​សម័យ​ប្រទេស​កម្ពុជា គ្រប់គ្រង​ដោយ​សហ​នាយក​រដ្ឋមន្ត្រី ឬ​មាន​នាយក​រដ្ឋមន្ត្រី​ពីរ គឺ​សម្ដេច​ក្រុម​ព្រះ ជា​នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​២។
សម្ដេច​ក្រុម​ព្រះ នាយក​រដ្ឋមន្ត្រី​ទី​មួយ​កាល​នោះ បាន​ផ្តល់​ទីតាំង​តំបន់​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ សាន់ វ៉េ។ កាល​នោះ លោក ឈឹម សៀកឡេង ជា​អភិបាល​ក្រុង​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់​ប្ដូរ​ទីលំនៅ​ចេញ ដើម្បី​ទុក​ទីតាំង​នោះ​អភិវឌ្ឍ​ពង្រីក​ក្រុង។
បទ​បញ្ជា​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង​តវ៉ា​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​នេះ​ជា​បន្តបន្ទាប់ ហើយ​នៅ​ឆ្នាំ​១៩៩៦ ប្រជាពលរដ្ឋ​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី លោក ហ៊ុន សែន ដោយ​នាំ​គ្នា​ទៅ​តវ៉ា​រក​ដំណោះស្រាយ​យុត្តិធម៌​នៅ​មុខ​ផ្ទះ​លោក​ជិត​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ។
នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ពី​ប្រវត្តិ​នៃ​រឿង​រ៉ាវ​ជម្លោះ​ពេល​នោះ និង​ហេតុផល​ដែល​លោក​ចេញ​មុខ​អន្តរាគមន៍​ជួយ​ពលរដ្ឋ ដោយ​ប្រកាស​លុប​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន សាន់ វ៉េ លើ​គម្រោង​វិនិយោគ ហើយ​ប្រគល់​សិទ្ធិ​កាន់​កាប់​ដីធ្លី និង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ដោយ​ខ្លួន​ឯង ព្រម​ទាំង​ផ្តល់​ភាព​កក់ក្តៅ​នឹងន​ក្នុង​ការ​តាំង​ទីលំនៅ ប្រកប​របរ​អាជីវកម្ម​យូរ​អង្វែង​ទៅ​ថ្ងៃ​មុខ ដោយ​ពុំ​មាន​ការ​រំខាន ឬ​បណ្ដេញ​ចេញ​ពី​តំបន់​នោះ​ឡើយ។
«សំឡេង លោក ហ៊ុន សែន»
ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០០២ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។
ក្រោយ​មក​ទៀត ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត នៅ​ឆ្នាំ​២០០៣ ទីប្រឹក្សា​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ឈួន សុធី និង​អាជ្ញាធរ​ក្រុង អាជ្ញាធរ​មូលដ្ឋាន បាន​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ដី​ក្នុង​សង្កាត់​បី​នោះ។
នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក ឈួន សុធី បាន​ដាក់​ចេញ​នូវ​ជម្រើស​ពីរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើស​រើស។ ជម្រើស​ទី​១ ប្រគល់​ដី​ទំហំ​ប្រមាណ​ជិត ៤​ហិកតារ​នោះ ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ទី​២ ទុក​ឲ្យ​ប្រជាពលរដ្ឋ​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង។ ក្នុង​ឱកាស​នោះ ពលរដ្ឋ​ភាគ​ច្រើន​បាន​លើក​ដៃ​សម្រេច​ជ្រើស​រើស​យក​ការ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង​លើ​ដី​កម្មសិទ្ធិ​រៀងៗ​ខ្លួន។
«សំឡេង»
លោក ឈួន សុធី ក៏​បាន​ប្រកាស​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​ជា​ផ្លូវ​ការ ដោយ​គោរព​ទៅ​តាម​ប្លង់​គោល​របស់​សាលា​ក្រុង​ក្នុង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ។
ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ក្រុង​រណប និង​មន្ត្រី​សង្គម​ស៊ីវិល បង្ហាញ​ថា ពេល​នេះ​នាយក​រដ្ឋមន្ត្រី និង​អាជ្ញាធរ​ក្រុង​ពុំ​គោរព​ការ​សន្យា​របស់​ខ្លួន កាល​ពី​ជាង ១០​ឆ្នាំ​មុន​នោះ​ទេ។ ពលរដ្ឋ​ថ្លែង​ថា កាល​ពី​ជាង ១០​មុន លោក ហ៊ុន សែន បាន​ដើរ​តួ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ឲ្យ​ផុត​ទុក្ខ​បាន​មួយ​គ្រា ហើយ​ពលរដ្ឋ​បាន​សរសេរ​លិខិត​ថ្លែង​អំណរគុណ​ព្រោងព្រាត។
បច្ចុប្បន្ន លោក ហ៊ុន សែន ដដែល​ក៏​ជា​អ្នក​នាំ​ទុក្ខ​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ក្នុង​រឿង​ដដែល​នេះ។
ស្ថិត​ក្នុង​សភាព​បែប​នេះ ពលរដ្ឋ​សួរ​ថា តើ​ពួក​គាត់​ធ្វើ​ដូចម្តេច ពឹង​លើ​អ្វី​ទើប​អាច​រំដោះ​ទុក្ខ​ជា​លើ​ទី​ពីរ​នេះ?
ទាក់ទង​បញ្ហា​នេះ ពលរដ្ឋ​ម្នាក់​រស់​នៅ​សង្កាត់​ព្រែកលៀប ថ្លែង​ថា ជា​ការ​ប្រសើរ​ណាស់​បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​គោរព​ការ​សន្យា​របស់​ខ្លួន គោរព​ច្បាប់ ឬ​អភិវឌ្ឍ​យ៉ាង​ណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខាត​បង់​ប្រយោជន៍ ឬ​កុំ​អភិវឌ្ឍ​លើ​ទឹក​ភ្នែក​ពលរដ្ឋ​នោះ។
«សំឡេង»
ស្រប​ពេល​គ្នា​នេះ​ដែរ  នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ។ លោក​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ក្រៅ​ពី​នាំ​គ្នា​អនុវត្ត​ទៅ​តាម​ច្បាប់ គេ​ពិបាក​នឹង​ជឿ​ទុក​ចិត្ត​បាន​ចំពោះ​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ណាស់ ដូច​មាន​បទ​ពិសោធន៍​ជា​រឿយៗ​មក​ហើយ។
ចំណែក​មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​វិញ មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​អភិវឌ្ឍ​កសាង​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ ឲ្យ​រស់​នៅ​លើ​តំបន់​ក្រុង​រណប​នោះ​ជា​បណ្ដើរ​ហើយ គឺ​ស្រប​ទៅ​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​នៅ​ខ្វែង​គំនិត​គ្នា​នោះ អាជ្ញាធរ និង​ក្រុមហ៊ុន​កំពុង​ព្យាយាម​ដោះស្រាយ​ជា​បន្តបន្ទាប់។
«សំឡេង»
ប៉ុន្តែ លោក សៀ ភារម្យ ពន្យល់​ថា រូបភាព​ដែល​អាជ្ញាធរ​ក្រុង​កំពុង​តែ​អនុវត្ត​នេះ មិន​មែន​ជា​ការ​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង​នោះ​ទេ ដោយសារ​សាលា​ក្រុង​បាន​ប្រគល់​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​វិនិយោគ និង​បាន​ចាត់​ចែង​រៀប​ចំ​តំបន់​នោះ​រួច​ទៅ​ហើយ។
«សំឡេង»
ក្រុង​រណប​ជ្រោយចង្វារ គឺ​ជា​គម្រោង​ទី​ពីរ​របស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់​ឧកញ៉ា ពង្ស ខៀវសែ បន្ទាប់​ពី​បង្កើត​ទីក្រុង​កោះពេជ្រ។ ឯកសារ​ផ្សេងៗ​បញ្ជាក់​ថា គម្រោង​ទី​ពីរ​នេះ គេ​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ ដោយ​ប្រើ​រយៈពេល​សាងសង់​ប្រមាណ​ជា ១៥​ឆ្នាំ ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២៦។
បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ដំណើរ​ការ​បូម​ដី​ចាក់​បំពេញ​តំបន់​ទំនាប​នោះ​ឲ្យ​ស្មើ​នឹង​កម្ពស់​ផ្លូវ​ជាតិ​លេខ​៦អា ប្រណាំង​គ្នា​នឹង​ការ​ស្រែក​តវ៉ា​របស់​ពលរដ្ឋ​ម្ចាស់​ដី និង​ការ​ប្ដឹង​ផ្តល់​គ្នា​នៅ​តុលាការ ជុំវិញ​ការ​មិន​សុខ​ចិត្ត​ប្រគល់​ដី​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​មិន​បាន​ផ្តល់​សំណង​សមរម្យ ឬ​មាន​ការ​ព្រមព្រៀង​គ្នា​ជា​មុន​នោះ៕



No comments:

Post a Comment