Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

សហជីព​៩ នឹង​ធ្វើ​កូដកម្ម​ជាថ្មីទៀត បើ​គណៈកម្មការ​ប្រឹក្សា​ការងារ​មិន​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​​

​សហជីព​៩ នឹង​ធ្វើ​កូដកម្ម​ជាថ្មីទៀត បើ​គណៈកម្មការ​ប្រឹក្សា​ការងារ​មិន​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃអង្គារ ទី4 ខែកុម្ភៈ ឆ្នាំ2014 

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា (រូបថតដោយ ជន ស្រីណុច)
សហព័ន្ធ​សហជីព​ចំនួន​៩ បង្ហាញ​ជំហ​រថា នឹង​ដឹកនាំ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៦០​ដុ​លា្ល​រ ប្រសិនបើ​គណៈកម្មការ​ប្រឹក្សា​ការងារ បើក​កិច្ចប្រជុំ​ស្តី​ពី​ប្រាក់​ឈ្នួល​គោល នៅ​ថ្ងៃស្អែក​នេះ មិន​មាន​ផល​វិជ្ជមាន​នោះ​។
​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​របស់​សហជីព ស្តី​ពី​ការសម្របសម្រួល​រ​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី ០៤ ខែកុម្ភៈ នេះ មេដឹកនាំ​សហព័ន្ធ​សហជីព​៩ នោះ​ក៏បាន​ជំរុញ​ឲ្យមាន​ការបង្កើ​ត​គណៈកម្មកា​រ ប្រាក់​ឈ្នួល​សម្រាប់​ក្រុម​សហជីព​ផងដែរ​។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ប្រសិនបើ​ការប្រជុំ​នៅ​ថ្ងៃស្អែក មិន​មាន​លទ្ធផល​សម​រម្យ​ទេនោះ សហព័ន្ធ​សហជីព​ទាំង​៩ នឹង​ដាក់​លិខិត​ជូនដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ ក្នុងការ​ធ្វើ​ការប្រមូលផ្តុំ​ធ្វើ​កូដកម្ម​ឡើងវិញ​។
​ប្រធាន​សហព័ន្ធ​សហជីព​ នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា​លោកស្រី ម៉ម ញឹម មានប្រសាសន៍ថា ការប្រជុំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ​នៅ​ថ្ងៃស្អែក​នេះ មិន​មាន​ភាព​ឯករាជ្យ ដោយ​មិន​មាន​ការចូលរួម​ពី​សហជីព និង​តំណាង​កម្មករ​ចូលរួម​ដើម្បី​ពិគ្រោះ​យោបល់​គ្នា​។
​អគ្គលេខាធិការ ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា របស់​លោក​ជួន មុំ​ថុល​ ដែល​តែង​គាំទ្រ​រាល់សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​នោះ ថ្លែងថា ការដំឡើង​ប្រាក់​ឈ្នួល ត្រូវ​គិត​អំពី​ការប្រកួតប្រជែង និង​គិត​ពី​ការទាក់ទាញ​អ្នកវិនិយោគ​ផងដែរ​។​
​កម្មករ​រាប់ម៉ឺន​នាក់ នៅ​បណ្តា​រោងចក្រ​នានា បាន​ផ្ទុះ​បាតុកម្ម​ព្រមៗ​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ មិន​ទទួលយក​ការដំឡើង​ប្រាក់​ឈ្នួល​ត្រឹម​១០០​ដុល្លារ ដោយ​កម្មករ​ទាមទារ​ដល់​១៦០​ដុល្លារ ៕

No comments:

Post a Comment