អ្នកវិភាគ៖ ប្រទេស មានឥទ្ធិពល មួយចំនួន ចាប់ផ្តើម ចូលខ្លួនសម្របសម្រួល នយោបាយ នៅកម្ពុជា
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី6 ខែកុម្ភៈ ឆ្នាំ2014
ក្នុងអំឡុងពេលជាប់គាំងនយោបាយ បន្ទាប់ពីថ្ងៃបោះឆ្នោត ២៨ កក្កដា មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដោយគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មជាបន្តបន្ទាប់ ទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងបោះឆ្នោតឡើងវិញ ហើយចុងក្រោយនេះ ឈានដល់ការជំរុញឲ្យនាយករដ្ឋមន្ត្រី ចុះចេញពីតំណែងទៀតផង ដោយគណបក្សនេះចោទថា គណបក្សប្រជាជនកម្ពុជា បានលួចបន្លំសន្លឹកឆ្នោត និងគ្រប់គ្រងប្រទេសបែបផ្តាច់ការ។ ហើយនៅទីបំផុត បាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ ដែលមកប្រមូលផ្ដុំគ្នាទាំងយប់ទាំងថ្ងៃ ហើយប្រព្រឹត្តទៅជាច្រើនសប្ដាហ៍ ដោយសន្តិវិធី ត្រូវបានបង្ក្រាប បន្ទាប់ពីមានការបង្ក្រាបមានលក្ខណៈធ្ងន់ធ្ងរមួយ ទៅលើកម្មករ នៅផ្លូវវ៉េងស្រេង បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួស ជិត៤០នាក់ ។ ការវិវត្តស្ថានការណ៍នយោបាយចុងក្រោយ គឺក្នុងអំឡុងដើមឆ្នាំថ្មី ឆ្នាំ២០១៤នេះ រាជរដ្ឋាភិបាល បានប្រើយុទ្ធវិធីថ្មី ដោយបានបង្ក្រាបរាល់ការធ្វើបាតុកម្មនានា និងបានដាក់ចេញនូវបម្រាមប្រមូលផ្តុំ លើសពី ១០នាក់ជាដើម ដែលករណីនេះ ត្រូវបានអ្នកតាមដានសង្គម និងសហគមន៍អន្តរជាតិ យល់ឃើញថា ជាការរឹតត្បិតសិទ្ធិសេរីភាព និងធ្វើឲ្យស្ថានការនយោបាយនៅកម្ពុជា កាន់តែតានតឹងឡើង។
ការបង្ក្រាបទាំងពីរលើករបស់អាជ្ញាធរ ទៅលើហ្វូងបាតុករកម្មករ និងបាតុករគណបក្សសង្គ្រោះជាតិ នឹងការរឹតត្បិតការជួបជុំនេះ ត្រូវបានសហគមន៍អន្តរជាតិ ថ្កោលទោសជាខ្លាំង។
តើការជំរុញនេះរបស់ប្រទេសមហាអំណាចទាំងបី អាចមានឥទ្ធិពលមកលើប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហានយោបាយដែរឬទេ?
លោក ហង្ស ពុទ្ធា នាយកប្រត្តិបត្តិអង្គការនិចហ្វិក និងជាអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជាមួយរូប យល់ថា ការជំរុញរបស់ប្រទេសមហាអំណាចទាំងបីនេះ អាចធ្វើឲ្យបញ្ហានយោបាយនៅកម្ពុជា ទម្លាយភាពជាប់គាំងបាន <<ខ្ញុំយល់ថាអាចទៅរួច ដោយសារការប្រឈមនេះ រ៉ាំរ៉ៃយូរមកហើយ មិនឃើញមានចំណុចខិតចូលគ្នាទេ ហើយមួយទៀត ព្រះមហាក្សត្រ ក៏អត់បានបង្ហាញសញ្ញាណាមួយ ដើម្បីចេញមុខនៅក្នុងការដោះស្រាយបញ្ហាហ្នឹងដែរ អញ្ចឹងសម្រាប់ខ្ញុំ ខ្ញុំសង្ឃឹមថា នេះជាសញ្ញាណល្អហើយ ភាគីទាំងពីរក៏ប្រហែលគ្មានជម្រើសល្អដែរ >>។
គណបក្សទាំងពីរធ្លាប់បានជួបចរចាគ្នាជាច្រើនសារផងដែរ ដោយការចរចាខ្លះ ធ្វើឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សទាំងពីរ ប៉ុន្តែនៅពុំទាន់ទទួលបានលទ្ធផលផ្លែផ្តានៅឡើយ។ តែទោះយ៉ាងណា គណបក្សនយោបាយទាំងពីរ នៅតែបង្ហាញពីជំហរនៅមុខអនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស និងឧបការីរងជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកថា នឹងចូលតុចរចា ដើម្បីដោះស្រាយបញ្ហានយោបាយ ដោយសន្តិវិធី ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅពុំទាន់ឃើញមានការកំណត់ថ្ងៃចរចាគ្នាជាថ្មីនៅឡើយ។ អ្នកវិភាគលើកឡើងថា គណបក្សនយោបាយទាំងពីរ គួរតែបន្ទន់ឥរិយាបទ គោរពគ្នាទៅវិញទៅមកកុំយកឈ្នះរៀងខ្លួន ហើយដាក់របៀបវារៈលើតុ ជជែកគ្នារកដំណោះស្រាយ ដោយគិតពីផលប្រយោជន៍ជាតិជាធំ នោះពន្លឺនៃការឯកភាពជាតិនឹងកើតមាន។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគឯករាជ្យ បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា បានពឹងផ្អែកទៅលើប្រទេសមហាអំណាចទាំងបី លើបញ្ហាទីផ្សារ ការទទួលបានប្រាក់កម្ចី និងការវិនិយោគទន់ជាដើម ដែលតម្រូវឲ្យកម្ពុជា ត្រូវពិចារណាលើការជំរុញឲ្យមានការឯកភាពជាតិ របស់ប្រទេសមហាអំណាចទាំងនោះ<<ទាំងអស់ហ្នឹងគឺជាការផ្តល់នូវ ឲ្យកម្ពុជាធ្វើដំណើរការរដ្ឋបាល ឬការរៀបចំហេថារចនាសម្ព័ន្ធរបស់កម្ពុជាឡើងវិញ ចំណុចទាំងអស់ហ្នឹង ដែលគាត់មានឥទ្ធិពល ប៉ុន្តែគាត់មិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុង ក្នុងប្រទេសហ្នឹងបានទេ ព្រោះប្រទេសកម្ពុជាមានអធិបតេយ្យភាព ប៉ុន្តែយើងខ្លួនឯងត្រូវដឹងថា ហេតុអីប្រទេសគេ គេចង់មករកសេចក្តីសុខឲ្យយើង វាគួរតែយើងដែលអ្នករកសេចក្តីសុខ ដែលកម្ពុជាបើកភ្នែកមកឃើញតែសង្គ្រាមនៀក ហេតុអីក៏អ្នកនយោបាយមិនមើលប្រវត្តិសាស្ត្រផង អាហ្នឹងហើយដែលយើងត្រូវពិចារណា ដើម្បីផលប្រយោជន៍ជាតិហ្នឹង>>។
លោកថា បើកម្ពុជា មិនឆាប់រកឯកភាពជាតិ បញ្ចប់ជម្លោះនយោបាយ កម្ពុជាអាចនឹងខាតបង់ច្រើន ដូចជា ជួបនូវវិបត្តិសេដ្ឋកិច្ច ពាណិជ្ជកម្ម បាត់បង់អ្នកវិនិយោគទុនក្នុងស្រុកនិងក្រៅស្រុក បង្កឲ្យមានអសន្តិសុខសង្គមជាដើម។
ភាពជាប់គាំងនយោបាយនេះ បានអូសបន្លាយរយៈពេល៦ខែមកហើយ គិតចាប់ពីថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។ មកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បោះដៃគ្នា ដើម្បីកំណត់ ថ្ងៃចរចាម្ដងទៀតនៅឡើយ។
លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ និងជាអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជាដែរនោះ យល់ថា ការជំរុញរបស់ប្រទេសមហាអំណាចទាំងបី រួមនិងអង្គការសហប្រជាជាតិ នាពេលថ្មីៗ គឺបញ្ជាក់ថាសហគមន៍អន្តរជាតិ បានចូលខ្លួនមកសម្របសម្រួលបញ្ហានយោបាយនៅកម្ពុជាហើយ ដែលនេះជាឱកាសមួយសម្រាប់គណបក្សឈ្នះឆ្នោតទាំងពីរ ចាប់ផ្តើមវិលរកតុចរចាជាថ្មី ដោះស្រាយបញ្ហាដែលជាប់គាំង<<សូម្បីតែមហាអំណាចក៏គេលើកទឹកចិត្តឲ្យចូលទៅអង្គុយតុចរចាដែរ មិនដាច់ខាតអញ្ចឹង ដល់ហើយខ្ញុំយល់ឃើញថា មានឥទ្ធិពល>>។
ក្រុមអ្នកវិភាគ ព្រមានថា បើគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់របៀបវារៈរៀងៗខ្លួន មិនដាក់ចេញនូវបញ្ហា ហើយជជែកគ្នាស្វែងរកដំណោះស្រាយ តាមការជំរុញរបស់ក្រុមបច្ចឹមប្រទេសទេនោះ នោះនឹងធ្វើឲ្យប្រទេសកម្ពុជា ជួបនូវវិបត្តិសេដ្ឋកិច្ច ពាណិជ្ជកម្ម បាត់បង់អ្នកវិនិយោគទុនជាដើម ហើយក្រៅពីនោះអាចបង្កឲ្យមានចលាចលក្នុងសង្គមទៀតផង៕
No comments:
Post a Comment