Paris Peace Accords 23 Oct. 1991

Saturday, February 1, 2014

លោក ហ៊ុន សែន នឹង​ធ្វើ​ទស្សនកិច្ច​ ២​ថ្ងៃ ​ទៅ​កាន់​ប្រទេស​ ឡាវ​ នា​ដើម​ខែ​កុម្ភៈ



លោក ហ៊ុន សែន នឹង​ធ្វើ​ទស្សនកិច្ច​ ២​ថ្ងៃ ​ទៅ​កាន់​ប្រទេស​ ឡាវ​ នា​ដើម​ខែ​កុម្ភៈ

ប្រមុខ​ ដឹក​នាំ​ រាជ​រដ្ឋាភិបាល ​ខ្មែរ មាន​គម្រោង​ ដឹក​នាំ​ គណៈ​ប្រតិភូ​ ជាន់​ខ្ពស់​ នៃ​រដ្ឋាភិបាល​កម្ពុជា មួយ​ក្រុម ធ្វើ​ទស្សនកិច្ច​ ទៅ​កាន់​ប្រទេស​ ឡាវ រយៈពេល ២​ថ្ងៃ នា​ដើម​ខែ​កុម្ភៈ ខាង​មុខ ដើម្បី​ ពិភាក្សា​ លើ​កិច្ច​ព្រមព្រៀង ​ការងារ​ មួយ​ចំនួន ​រវាង​ ប្រទេស​ ទាំង​ ពីរ។

RFA | 31 Jan. 2014

សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣១ ខែ​មករា របស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទស្សនកិច្ច​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ពេល​នេះ តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងស៊ីង ថាំម៉ាវង្ស (Thongsing Thammavong) ហើយ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៦-៧ ខែ​កុម្ភៈ ខាង​មុខ។


គណៈ​ប្រតិភូ​អម​ដំណើរ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​សមាជិក​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ច្រើន​ទៀត។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង មាន​ប្រសាសន៍​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ទៅ​កាន់​ប្រទេស​ឡាវ នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ថងស៊ីង ថាំម៉ាវង្ស នឹង​ពិភាក្សា​ការងារ និង​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៧ មាន​ដូច​ជា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្បៈ​សម្រាប់​ឆ្នាំ​២០១៤-២០១៧ កិច្ច​ព្រមព្រៀង​ស្ដីពី​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០១៤-២០១៨ ផែន​ការ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​២០១៤ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​អគ្គ​កុងស៊ុល រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ឡាវ និង​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​បង្កើត​ចំណង​សម្ព័ន្ធ​មេត្រី​ភាព រវាង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​វៀងច័ន្ទ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

សេចក្តី​ប្រកាស​ព័ត៌មាន ដដែល ក៏​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ​ទៅ​កាន់​ប្រទេស​ឡាវ របស់​ប្រមុខ​ដឹក​នាំ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​ប្រទេស​ឡាវ និង​ប្រធាន​សភា​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ថែម​ទៀត៕



1 comment:

  1. Anonymous6:40 PM

    Arh kwack, you have no reason to smile! Arh kbot jeat!

    ReplyDelete