អ្នកវិភាគ៖ លោក ហ៊ុន សែន រក្សាអំណាច បានយូរ ដោយសារ ចិន និងវៀតណាម ជួយ
លោក ហ៊ុន សែន អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា បានកាន់អំណាច ដឹកនាំប្រទេសជាង ៣០ឆ្នាំមកហើយ។ អ្នកវិភាគ នយោបាយ យល់ថា ការរក្សាអំណាច បានយូរនេះ ដោយសារតែ មានការជួយ ជ្រោមជ្រែង លើផ្នែកយុទ្ធសាស្ត្រ និងផ្នែកសេដ្ឋកិច្ច ពីប្រទេសចិន និងវៀតណាម។ ប៉ុន្តែ ការរណបចិន កម្ពុជា អាចបាត់បង់ ផលប្រយោជន៍ លើផ្នែកសេដ្ឋកិច្ច ជាជាង ការរណប វៀតណាម ដែលអាចឈាន ដល់ការបាត់បង់ ទឹកដី។ចាប់តាំងពីប្រទេសកម្ពុជា បញ្ចប់សង្គ្រាមនិងបានបើកចំហសេដ្ឋកិច្ចទៅកាន់ទីផ្សារពិភពលោក អ្នកវិនិយោគបានមកបណ្ដាក់ទុនយ៉ាងច្រើននៅពេលបច្ចុប្បន្ន។ ប៉ុន្តែការវិយោគភាគច្រើន គឺមកពីប្រទេសវៀតណាម និងប្រទេសចិន។ ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរនេះ កំពុងរស់នៅ និងប្រកបអាជីវកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសកម្ពុជា។
មិនមានទិន្នន័យជាក់លាក់ណាមួយបង្ហាញថា មានជនជាតិចិន និងវៀតណាម ចំនួនប៉ុន្មានរស់នៅកម្ពុជានោះទេ ប៉ុន្តែតាមការប៉ាន់ស្មានរបស់សមាគមវៀតណាមនិងចិន បានបង្ហាញថា ប្រជាពលរដ្ឋចិន រស់នៅកម្ពុជាមានចំនួនមួយលាននាក់ និងជនជាតិវៀតណាម មានចំនួន ១.២លាននាក់។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ប្រទេសចិននិងប្រទេសវៀតណាម តែងចងសម្ពន្ធភាពជាមួយប្រទេសណាដែលកាន់អំណាចយូរ ដែលខុសពីគោលការណ៍ប្រជាធិបតេយ្យ ៥ឆ្នាំម្ដងដូរនោះទេ។ លោកបញ្ជាក់ថា មានកត្តាសំខាន់បួនដែលធ្វើឲ្យប្រទេសកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសវៀតណាម និងប្រទេសចិន គឺទីមួយ កត្តាភូមិសាស្ត្រ ទីពីរ កត្តាសេដ្ឋកិច្ច ទីបី ឥទ្ធិពលនយោបាយ និងទីបួន កត្តាទំនោររស់អ្នកនយោបាយ។
លោក សុខ ទូច មានប្រសាសន៍បន្ថែមថា ប្រសិនបើចិន មិនមានទំនាក់ទំនងនឹងកម្ពុជាទេ ប្រទេសវៀតណាមនឹងយក៖ «នយោបាយ មនោនិយម ពីព្រោះមេដឹកនាំខ្មែរគ្រប់ជំនាន់ទាំងអស់ ទោះបីគាត់កាន់លទ្ធិប្រជាធិបតេយ្យ ឬគាត់កាន់រាជានិយមក៏ដោយ គឺមេដឹកនាំជាទូទៅ បំណងកាន់អំណាចរយៈពេលវែង។ ដល់រយៈវែង ក្រុមប្រទេសទាំងពីរនោះមិនសូរយកចិត្តទុកដាក់រឿងប្រជាធិបតេយ្យ។ អ៊ីចឹងគេម៉េចឲ្យខ្លួនឯងបានផលប្រយោជន៍ ហើយគេអាចដឹងចំណុចជីពចររបស់យើង ហើយគេចាប់ផ្ដើមផ្ដល់អំណាចឲ្យយើង។ អំណាចតាមរយៈសិប្បនិម្មិតក៏ដោយ តាមលុយក៏ដោយ គេចាបផ្ដើមប្រើប្រាស់អាហ្នឹង។ ហើយគេធ្វើម៉េចដើម្បីឲ្យគេមានឥទ្ធិពលលើអ្នកនយោបាយនៅស្រុកខ្មែរ យើង»។
លោក សុខ ទូច មានប្រសាសន៍បន្ថែមទៀតថា ចំពោះផ្នែកសេដ្ឋកិច្ចប្រទេសវៀតណាម បានចូលមកគ្រប់ច្រក ទាំងការរកស៊ីតូចតាចនិងការបណ្ដាក់ទុនវិនិយោគខ្នាតធំ។ ប្រទេសចិនវិញ តែងវិនិយោគលើវិស័យរុករករ៉ែនិងថាមពល។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា អំឡុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ប្រទេសកម្ពុជា បានអនុម័តគម្រោងវិនិយោគរបស់វៀតណាម ប្រមាណ ១០០គម្រោងដែលមានតម្លៃជិត ៣ពាន់លានដុល្លារអាមេរិក។ ការវិនិយោគរបស់ប្រទេសវៀតណាម ភាគច្រើនផ្ដោតលើដំណាំកៅស៊ូ អង្ករ ថាមពល ធនាគារ និងវិស័យធានារ៉ាប់រង។
ចំណែកប្រទេសចិនវិញ បានផ្ដល់ជំនួយនិងកម្ចីយ៉ាងច្រើនដើម្បីលើកស្ទួយការអភិវឌ្ឍនានា នៅប្រទេសកម្ពុជា។ របាយការណ៍វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានរកឃើញថា នៅទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលជំនួយពីប្រទេសចិន ប្រមាណ ៦ពាន់លានដុល្លារ ដែលសមាមាត្រនឹងទឹកប្រាក់ ៦០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលចិន ក៏បានប្រកាសថានឹងផ្ដល់កម្ចីដល់ប្រទេសកម្ពុជា បន្ថែមទៀត ក្នុងចន្លោះទឹកប្រាក់ ៣០០លានទៅ ៥០០លានដុល្លារអាមេរិក។ ក្រុមហ៊ុនចិនវិញ ក៏គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារទៀត ដើម្បីសាងសង់រោងចក្រនានានៅប្រទេសកម្ពុជា។
ក្រៅពីនេះ កំណើនពាណិជ្ជកម្មនាំចេញ និងនាំចូលនៃប្រទេសទាំងពី គិតជាទឹកប្រាក់មានចំនួន ៣ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៣។ ប្រទេសទាំងពីរក៏គ្រោងនឹងសម្រេចទំហំពាណិជ្ជកម្មក្នុងទំហំ ទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ខាងមុខ។
ការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អ្នកវិនិយោគចិននិង វៀតណាម បានក្លាយជាក្ដីបារម្ភធ្ងន់ធ្ងរដល់អ្នកវិនិយោគក្នុងស្រុកដែលពួក គេអះអាងថា ការរកស៊ីរបស់ចិននិងវៀតណាម ហាក់ជាការរកស៊ីមិនស្មោះត្រង់។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច បានអះអាងថា ការធ្វើអាជីវកម្មរបស់វៀតណាមនោះ ហាក់មានភាពអំណោយផលល្អសម្រាប់ពួកគេ ប៉ុន្តែការរកស៊ីរបស់ប្រទេសវៀតណាម និងប្រទេសចិន ហាក់បង្ហាញភាពស្មោះត្រង់តិចតួចលើពាណិជ្ជកម្មទំនិញ និងមិនស្របទៅតាមកិច្ចសន្យា។
ទោះជាយ៉ាងណា ក៏ដោយ, ប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ ថា, ប្រទេសវៀតណាមនិងចិន តែងជួយប្រទេសកម្ពុជា គ្រប់រូបភាពទាំងអស់ ជាថ្នូរទទួលសិទ្ធិធ្វើអាជីវកម្ម និងដីសម្បទានសេដ្ឋកិច្ចលើផ្នែករុករករ៉ែ ថាមពល និងកសិកម្ម៖ «ដី សម្បទានសេដ្ឋកិច្ចគឺវៀតណាម ជាអ្នកបានច្រើនជាងគេ។ បន្ទាប់មកគឺប្រទេសចិន ដែលបានផលដីសម្បទានសេដ្ឋកិច្ច។ ប្រទេសវៀតណាម ចង់បានដីច្រើន ដើម្បីដាំកៅស៊ូ ប្រទេសចិន ចង់បានដីសម្រាប់រុករករ៉ែ»។
បាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រចាំឆ្នាំ ២០១៤ បានបង្ហាញថា រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២៥ម៉ឺនហិកតារដល់ក្រុមហ៊ុនវៀតណាមចំនួន ៣៤ និងចំនួន ២០ម៉ឺនហិកតារដល់ក្រុមហ៊ុនចិនចំនួន ២៥ក្រុមហ៊ុន។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមទៀតថា ប្រទេសកម្ពុជា មិនត្រូវចាប់យកប្រទេសមួយហើយបោះបង់ចោលប្រទេសមួយនោះទេ ពីព្រោះវាអាចធ្វើឲ្យកម្ពុជា ស្ថិតនៅក្រោមអំណាចរបស់គេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សរសើរមិនដាច់ពីម៉ាត់ថា ចិននិងវៀតណាមជាមហាមិត្តដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងនោះ ប្រទេសចិនវិញ បានផ្ដល់ឲ្យកម្ពុជា នូវប្រាក់កម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍផ្នែក ហេដ្ឋារចនាសម្ព័ន្ធ។ ចំណែកប្រទេសវៀតណាម បានមកបណ្ដាក់ទុនវិយោគលើរោងចក្រជីកសិកម្មនៅខេត្តកណ្ដាល និងវិនិយោគមន្ទីរពេទ្យរាប់លានដុល្លារអាមេរិក។
ក្រៅពីការជួយជ្រោមជ្រែងលើផ្នែកសេដ្ឋកិច្ចនេះ ប្រទេសចិននិងវៀតណាម ក៏បានផ្ដល់យុទ្ធសាស្ត្រលើភាពជាប់គាំងនយោបាយ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា អាចបន្តកាន់អំណាចជាបន្តទៀត។
កាសែតរបស់ចិន ឈ្មោះស៊ីនហួ (Xinhua) ដែលបោះពុម្ពផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៣ ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន អាចបន្តកាន់អំណាចបាន ៥ឆ្នាំទៀតនោះ គឺត្រូវតែអនុវត្តឲ្យលឿនតាមដែលអាចធ្វើទៅបានលើការកសាង ប្រជាប្រិយភាពរស់ខ្លួនឡើងវិញ។ វិធានការនោះ គឺកម្មវិធីកែទម្រង់ស៊ីជម្រៅលើស្ថាប័នរដ្ឋទាំងអស់ នៅក្នុងរយៈពេលកាន់អំណាច អាណត្តិថ្មីនេះ។
រដ្ឋាភិបាលហាក់បានអនុវត្តកម្មវិធីនេះ ដោយបានចេញផ្សាយកម្មវិធីកំណែទម្រង់ពន្ធគយ ក្រោយស្ថាប័នក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម រួមទាំងកម្មវិធីកំណែទម្រង់នៅលើវិស័យអប់រំ។
ចំណែកមជ្ឈមណ្ឌលសិក្សារស្រាវជ្រាវយុទ្ធិសាស្រ្តអន្តរជាតិ ក្នុងខែកុម្ភៈ នេះ ក៏បានបោះពុម្ពផ្សាយអត្ថបទមួយនៅក្នុងទស្សនាវដ្ដីសកលឈ្មោះ យ៉េល (Yale) ដែលសរសេរថា ប្រទេសចិនចាត់ទុកលោក ហ៊ុន សែន ជាដៃគូដែលមិនអាចខ្វះបាន។ ថ្នាក់ដឹកនាំចិន ប្រហែលជាមិនបោះបង់លោក ហ៊ុន សែន ទេ ដែលគេបានជួយស្វែងរកយុទ្ធសាស្ត្រផ្លាស់ប្ដូរគោលនយោបាយចាស ដើម្បីឲ្យសាធារណជនទទួលស្គាល់រដ្ឋាភិបាល និងកសាងប្រជាប្រិយភាពឡើងវិញ។
អ្នកវិភាគមួយចំនួនយល់ថា ប្រទេសចិន គិតថា កម្ពុជាជាដៃគូសំខាន់លើផ្នែកសេដ្ឋកិច្ច ប៉ុន្តែលោក ហ៊ុន សែន មិនធ្វើបញ្ហាសេដ្ឋកិច្ចប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសវៀតណាម ឡើយ។
ប្រសិនបើប្រទេសចិន មិនអើពើចំពោះរូបលោក នោះទំនាក់ទំនងរវាងប្រទេសវៀតណាម នឹងកាន់តែមានសារសំខាន់។
អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ប្រចាំប្រទេស សិង្ហបុរី លោកបណ្ឌិត អ៊ៀន ស្តរ៉េ (Ian Storey) បានអះអាងប្រាប់កាសែត ឌឹ សាន់ដេយ៍ ថែមស៍ (The Sunday Times) កាលពីដើមខែកុម្ភៈ ថា លោក ហ៊ុន សែន ត្រូវតែធ្វើឲ្យវៀតណាម សប្បាយចិត្ត ដោយសារតែរដ្ឋាភិបាលទីក្រុងហាណូយ (Hanoi) ជាអ្នកជួយឲ្យគាត់ឡើងកាន់អំណាច។
ប៉ុន្តែអ្នកវិភាគនយោបាយលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការរណបចិន ប្រទេសកម្ពុជា អាចខាតបង់លើផ្នែកសេដ្ឋកិច្ច ប៉ុន្តែកម្ពុជា រណបវៀតណាម គឺអាចបាត់បង់ទឹកដី៕
No comments:
Post a Comment