Paris Peace Accords 23 Oct. 1991

Wednesday, February 5, 2014

អាដហុក​​ ជំរុញ​​ រដ្ឋាភិបាល​​​ និង​​មន្ត្រី​ ស្ថាន​ទូត​ខ្មែរ​ បង្កើន​ ការ​​យក​ចិត្ត​ទុក​ដាក់​​ លើ​ពលរដ្ឋ​ខ្មែរ​ ធ្វើ​ការក្រៅប្រទេស

សន្និសីទរបស់សមាគមអាដហុក
សន្និសីទ របស់ សមាគមអាដហុក
RFI/ម៉េងហួរ

អាដហុក​​ ជំរុញ​​ រដ្ឋាភិបាល​​​ និង​​មន្ត្រី​ ស្ថាន​ទូត​ខ្មែរ​ បង្កើន​ ការ​​យក​ចិត្ត​ទុក​ដាក់​​ លើ​ពលរដ្ឋ​ខ្មែរ​ ធ្វើ​ការក្រៅប្រទេស

ដោយ លី ម៉េងហួរ
សមាគម​ ការពារ​ សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក(ADHOC) បាន​ជំរុញ​ ឲ្យ​ រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ស្ថានទូត​ខ្មែរ បង្កើន​ការចាប់អារម្មណ៍ និង​យកចិត្តទុកដាក់ ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​ទៅ​បម្រើ​ការងារ នៅក្រៅ​ប្រទេស ហើយ​ទទួលរង​ ការរំលោភបំពាន។ ការរំលោភ​សិទ្ធិ និង​កេងប្រវ័ញ្ច  ជួញដូរ​ កម្លាំង​ពលករ​ខ្មែរ នៅ​ឆ្នាំ២០១៣ ត្រូវបាន​ សមាគម​អាដហុក ប្រកាសថា មាន​ជាង ២០០ករណី ក្នុងនោះ នៅ​ប្រទេស​ថៃមាន​ប្រមាណ ៧៥ ករណី។ នៅ​ឆ្នាំ២០១៣ ក៏មាន​យ៉ាងហោចណាស់ ពលរដ្ឋ​កម្ពុជា ៣០នាក់ ត្រូវបាន​បាញ់សម្លាប់ នៅពេល​ឆ្លងដែន ទៅរក​ការងារ​ធ្វើ និង​ចូល​កាប់​ឈើ​ នៅ​ទឹកដី​ថៃ។



សមាគម​អាដហុក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រៅប្រទេស ត្រូវ​បង្កើន​ការចាប់អារម្មណ៍ និង​យកចិត្តទុកដាក់ ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​ទៅ​បំរើកា​រងារ​នៅក្រៅ​ប្រទេស​បន្ថែមទៀត។ ជាការ​លើកឡើង បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ នៅតែមាន​ចំនួន​ច្រើន រងគ្រោះ ក្នុងពេល​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ពិសេសថ្មីៗនេះ នៅ​ប្រទេស​ថៃ។

ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី៤កុម្ភៈ សមាគម​អាដហុក​បានបង្ហាញ​មុខ​ស្ត្រី​រងគ្រោះ​ម្នាក់ រងគ្រោះ​ដោយសារ​ធ្វើ​ទារុណកម្ម និង​សម្រាត​សម្លៀកបំពាក់ នៅក្នុង​បន​ល្បែង នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ ស្ត្រី​រងគ្រោះ​នោះ ត្រូវបាន​អាដហុក សហការ​ជាមួយ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ជួយ​រំដោះ កាលពី​ខែធ្នូ ឆ្នាំ២០១៣។

ទាំង​មន្ត្រី​អាដហុក និង​ទាំង​ស្ត្រី​រងគ្រោះ បានបង្ហាញ​ជំនឿ​តិចតួច និង​អស់សង្ឃឹម ចំពោះ​អន្តរាគមន៍​របស់​មន្ត្រី​ទូត​កម្ពុជា នៅ​បាងកក ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ស្ត្រី​រងគ្រោះ។
ប៉ុន្តែ​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជា​មន្ត្រី​ស្ថានទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​បរទេស មិនដែល​ព្រងើយ​ក​ន្តើយ​ ទុក​ឲ្យ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ​បន្តទៀត​ទេ។

ករណី​ស្ត្រី​កម្ពុជា​ម្នាក់ ដែល​រងគ្រោះ​នៅ​បន​ល្បែង នៅ​បាងកក ប្រទេស​ថៃ ត្រូវបាន​លោក កុយ គួ​ង បញ្ជាក់ថា មន្ត្រី​រាជរដ្ឋាភិបាល​តាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​បាងកក បាន​អន្តរាគមន៍ ជួយ​គាត់​ទាន់ពេល និង​បានដាក់​ពាក្យ​ប្តឹង​នៅ​ទីនោះ ព្រមទាំង​រក​មេធាវី​ថៃ​ពីរ​នាក់ ហើយ​ឲ្យ​ជនរងគ្រោះ ឡើងទៅ​ជួប​មេធាវី ដើម្បី​ចាត់ការ​រក​យុត្តិធម៌ និង​ទារ​សំណង​ដល់​ស្ត្រី​រងគ្រោះ។

នៅ​ឆ្នាំ២០១៣ អាដហុក​បាន​កត់ត្រា​ថា យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​កម្ពុជា​៣០នាក់​ បាន​ស្លាប់ ដោយសារតែ​ទាហាន​ថៃ​បាញ់ នៅពេល​ឆ្លងដែន​ខុសច្បាប់ ទៅរក​ការងារ​ធ្វើ និង​ឆ្លងដែន ចូលទៅ​កាប់​ឈើ ក្នុងប្រទេស​ថៃ។ អាដហុក​ក៏បាន​ទទួល​បណ្តឹង នៅ​ឆ្នាំ២០១៣  លើ​ករណី​រំលោភសិទ្ធិ និង​ការកេងប្រវ័ញ្ច​ជួញដូរ​កម្លាំង​ពលកម្ម​លើ​ពលករ​ខ្មែរ  ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ជាង​២០០​ករណី ស្មើនឹង​ចំណួន​មនុស្ស ៥៦០​នាក់។ ក្នុងនោះ ករណី​រំលោភសិទ្ធិ​ពលករ​​ខ្មែរ នៅ​ប្រទេស​ថៃ យ៉ាងហោចណាស់ មាន ៧៥ ករណី ដែលមាន​ជនរងគ្រោះ​ជាង ២០០ នាក់៕



No comments:

Post a Comment