គំនរសំរាមត្រូវគេគរចោលគ្មានអ្នកប្រមូលតាមដងមហាវិថីព្រះមុនីរ៉េត ក្បែរផ្សារដើមគ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤។
តើ ការដំឡើងប្រាក់ខែ ឲ្យកម្មករ ប្រមូលសំរាម ជាកាតព្វកិច្ច របស់ នរណា?
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ០៤ កុម្ភៈ ២០១៤
តើការដំឡើងប្រាក់ខែឲ្យកម្មករប្រមូលសំរាមជាកាតព្វកិច្ចរបស់នរណា?
ជាការពិតណាស់ ការដំឡើងប្រាក់ខែឲ្យកម្មករ ជាទូទៅម្ចាស់ក្រុមហ៊ុនជាអ្នកទទួលរ៉ាប់រង។ ប៉ុន្តែ សម្រាប់ក្រុមហ៊ុន ស៊ីនទ្រី ដែលទទួលសិទ្ធិផ្តាច់មុខប្រមូលសំរាមក្នុងរាជធានីភ្នំពេញ បញ្ជាក់ថា ការដំឡើងប្រាក់ខែឲ្យកម្មករបាននោះ គឺអាស្រ័យទៅលើអ្នកទិញសេវាកម្មពីក្រុមហ៊ុន។
ប្រធានក្រុមហ៊ុន ស៊ីនទ្រី លោក សេង សាវី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ កុម្ភៈ ថា ការដំឡើងប្រាក់ខែឲ្យកម្មករអាចធ្វើបាន។ តែចំណោទនៅត្រង់ថា តើបានលុយមកពីណាត្រូវយកទៅបន្ថែមឲ្យកម្មករទាំងនោះ? បើថ្លៃសេវាកម្មដឹកជញ្ជូនសំរាមតាមផ្ទះ និងកន្លែងអាជីវកម្មផ្សេង មិនបានឡើងថ្លៃ។
«សំឡេង»
លោកបន្តថា ក្រោយពីដោះស្រាយរឿងជម្លោះប្រាក់ខែចប់ជាមួយកម្មករ ខាងក្រុមហ៊ុននឹងស្នើសុំជួបចរចាពិសេសមួយជាមួយថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យស្ថាប័ននេះដំឡើងថ្លៃសេវាដឹកជញ្ជូនសំរាមបន្ថែម ទើបក្រុមហ៊ុនអាចទូទាត់ប្រាក់ទាំងនោះ ទៅបើកប្រាក់បន្ថែមឲ្យកម្មករបាន បើមិនដូច្នោះទេ ក្រុមហ៊ុនអាចនឹងក្ស័យធន។
ជាទូទៅ សម្រាប់ផ្ទះជាន់ផ្ទាល់ដីដែលគ្មានអាជីវកម្ម ត្រូវបង់ថ្លៃសេវាដឹកសំរាមក្នុងមួយខែ ១ដុល្លារ។ សម្រាប់ផ្ទះជាន់លើវិញ ត្រូវបង់ថ្លៃ ០,៨ដុល្លារក្នុងមួយខែ។ ដោយឡែកផ្ទះមានអាជីវកម្ម ឬផ្ទះរកស៊ីភោជនីយដ្ឋាន ក្រុមហ៊ុន សណ្ឋាគារទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបង់ថ្លៃសេវាដឹកសំរាមចាប់ពី ២ដុល្លារ ដល់រាប់រយដុល្លារក្នុងមួយខែ ទៅតាមទំហំចំនួនសំរាមជាក់ស្តែងដែលបានកំណត់ដោយសាលាក្រុង។
ការទាមទារដំឡើងប្រាក់ខែរបស់កម្មករប្រមូលសំរាម ស៊ីនទ្រី អាចជាសម្ពាធមួយថ្មីទៀតដល់ពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវត្រៀមលុយបន្ថែមបង់ទៅឲ្យក្រុមហ៊ុនលើសេវាកម្មដឹកសំរាម។
យ៉ាងណា ពលរដ្ឋម្នាក់ គឺកញ្ញា មាឃ សូផា ដែលធ្វើការនៅក្រុមហ៊ុនមួយក្នុងក្រុងភ្នំពេញ បានរិះគន់ថា ការដំឡើងប្រាក់ខែឲ្យកម្មករប្រមូលសំរាម មិនជាប់ពាក់ព័ន្ធនឹងការដំឡើងថ្លៃសេវាដឹកសំរាមទេ។ កញ្ញាបន្តថា ក្រុមហ៊ុនត្រូវដកថ្លៃចំណេញរបស់ខ្លួន ដើម្បីទូទាត់លើការដំឡើងប្រាក់ខែឲ្យកម្មករ មិនមែនមកគាបសង្កត់ ឬត្រូវដំឡើងថ្លៃពីអតិថិជនឡើយ។
«សំឡេង»
កម្មករ ស៊ីនទ្រី ដែលជាអ្នកប្រតិបត្តិការងារប្រមូលសំរាមផ្ទាល់ជាង ១ពាន់នាក់ បានផ្អាកប្រមូលសំរាម២ថ្ងៃហើយ តាំងពីថ្ងៃទី៣ ខែកុម្ភៈ ដើម្បីតវ៉ាទាមទារដំឡើងប្រាក់ខែគោល ១៥០ដុល្លារពីក្រុមហ៊ុន។
ប្រធានក្រុមហ៊ុន ស៊ីនទ្រី លោក សេង សាវី បញ្ជាក់ថា ការចរចាលើកដំបូងរវាងក្រុមហ៊ុន សាលាក្រុងភ្នំពេញ និងតំណាងកម្មករ ភាគីកម្មករបានបញ្ចុះតម្លៃទាមទារនៅត្រឹម ១១០ដុល្លារ។ ប៉ុន្តែ ក្រុមហ៊ុនហ៊ានឲ្យតែ ៨០ដុល្លារ គឺជាតម្លៃទាបបំផុត ដែលសព្វថ្ងៃទទួលបាន ៦៥ដុល្លារ សម្រាប់អ្នកបោសសំរាម។
តំណាងកម្មករ លោក ប្រាក់ សុខា ឲ្យដឹងថា ការដំឡើងប្រាក់របស់ក្រុមហ៊ុនមានគម្លាតឆ្ងាយពីការទាមទាររបស់កម្មករ ហើយកម្មករមិនអាចទទួលយកបាន និងបន្តបាតុកម្មរហូតដល់មានដំណោះស្រាយ។
«សំឡេង»
យ៉ាងណា ភាគីទាំង២បានជួបចរចាគ្នាម្តងទៀតនៅសាលាក្រុងភ្នំពេញ នៅរសៀលថ្ងៃទី៤ កុម្ភៈ ដើម្បីដោះស្រាយវិវាទនេះ។ យ៉ាងណា លទ្ធផលនៅមិនទាន់ត្រូវបានទម្លាយនៅឡើយទេ។
ស្របពេលដែលក្រុមហ៊ុន និងកម្មករ មិនទាន់ត្រូវរ៉ូវគ្នានោះ គំនរកាកសំណល់ និងសំរាមរាប់ពាន់គំនរនៅតាមដងវិថី និងទីសាធារណៈនានានៅភ្នំពេញ ត្រូវបានគរទុកចោលគ្មានអ្នកប្រមូលដឹកយកទៅចាក់ចោលដូចសព្វមួយដង។ កន្លែងខ្លះមានក្លិនស្អុយអសោចប៉ះពាល់ដល់បរិស្ថាន និងសុខភាព ជាពិសេសសំរាមបានរប៉ាត់រប៉ាយ និងហើរពេញផ្លូវ។
របាយការណ៍របស់ក្រុមហ៊ុន ស៊ីនទ្រី កន្លងមកឲ្យដឹងថា កាកសំណល់ និងសំរាមនៅភ្នំពេញ ក្នុងមួយថ្ងៃមានចំនួន ១.៤០០តោន ដែលក្រុមហ៊ុនប្រមូលដឹកចេញក្រៅទាំងយប់ទាំងថ្ងៃជារៀងរាល់ថ្ងៃ។
ការជួបចរចាគ្នារវាងតំណាងក្រុមហ៊ុន ស៊ីនទ្រី និងតំណាងកម្មករនៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ កុម្ភៈ នេះ ទើបតែបញ្ចប់កាលពីវេលាម៉ោង ៧យប់មុនការផ្សាយបន្តិច។ ជាលទ្ធផល ភាគីទាំងពីរនៅមិនទាន់ត្រូវរ៉ូវគ្នាលើតម្លៃដំឡើងប្រាក់ខែគោលនៅឡើយទេ។ ប៉ុន្តែសាលារាជធានីភ្នំពេញ បានទទូចស្នើសុំឲ្យកម្មករបន្តការងារឡើងវិញ ដើម្បីប្រមូលសំរាមដែលគរទុកស្អុយពេញក្រុង។ រីឯការចរចារឿងដំឡើងប្រាក់ខែនៅតែបន្តចរចាគ្នាដដែល នៅថ្ងៃទី៥ ខែកុម្ភៈ បន្តទៀត។ យ៉ាងណា តំណាងកម្មករនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ព្រោះខ្លាចកម្មករទាំងនោះមិនព្រមចូលធ្វើការតាមការស្នើសុំ ប៉ុន្តែសន្យាថានឹងបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ធ្វើការឡើងវិញនៅថ្ងៃស្អែក៕
No comments:
Post a Comment