អ្នកមានជម្លោះដីធ្លី តំបន់បឹងកក់ ចេញមុខតវ៉ា នៅថ្ងៃស្អែក ទាមទារឲ្យ ដោះលែង អ្នកទាំង ២១នាក់
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃចន្ទ ទី24 ខែកុម្ភៈ ឆ្នាំ2014
អ្នកមានជម្លោះដីធ្លីតំបន់បឹងកក់ ថ្មគោល និងសមាគម Idea ឲ្យដឹងថា នៅថ្ងៃអង្គារ ទី២៥ខែកុម្ភៈ ពួកគាត់នឹងទៅមុខតុលាការកំពូល ដើម្បីជំរុញឲ្យតុលាការពន្លឿនរឿងក្តី និងទម្លាក់បទចោទទាំងអស់ចំពោះ អ្នកទាំង២១នាក់ ដែលជាប់ឃុំខ្លួននៅត្រពាំងផ្លុង ខេត្តកំពង់ចាម។
សកម្មជនដីធ្លីតំបន់បឹងកក់ កញ្ញា សុង ស្រីលាភ ប្រាប់ VODថា នៅថ្ងៃស្អែក អ្នកមានជម្លោះដីធ្លី ទៅតុលាការកំពូលនៅម៉ោង ៨ ព្រឹក ដើម្បីជំរុញឲ្យតុលាការដោះលែងអ្នកទាំង ២១ ជាបន្ទាន់ និងអាចព្យាបាលរបួស និងជួបជុំគ្រួសារវិញ ដោយសារអ្នកជាប់ឃុំទាំងនោះ មិនមានកំហុសដូចការចោទប្រកាន់របស់តុលាការ។
កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូង ដោយបដិសេធបណ្តឹងសុំនៅក្រៅឃុំ របស់អ្នកជាប់ឃុំទាំង២១នាក់ ដែលត្រូវបានអាជ្ញាធរបានចាប់ខ្លួន នៅមុខរោងចក្រយ៉ាកជីង និងផ្លូវវ៉េងស្រង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ដោយលើកហេតុផលថា ការដោះលែងនៅពេលនេះ អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដំណើរការសវនការ និងដោយសារសំណុំរឿងនេះ កំពុងស្ថិតក្នុងនីតិវិធីស៊ើបអង្កេតនៅឡើយ។
អ្នកទាំង២១នាក់ បច្ចុប្បន្នកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែត្រពាំងផ្លុង ខេត្តកំពង់ចាម បន្ទាប់ពីអាជ្ញាធរ បានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិច ពេលកម្មករតវ៉ាទាមទារប្រាក់ឈ្នួលគោល ១៦០ដុលារក្នុងមួយខែ នៅមុខរោងចក្រយ៉ាកជីង និងផ្លូវវ៉េងស្រង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា៕
No comments:
Post a Comment