កម្ពុជា ជាប់ចំណាត់ថ្នាក់ យ៉ាងទាប ក្នុងសន្ទស្សន៍ សេរីភាពសារព័ត៌មាន ឆ្នាំ២០១៣
ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ១៣ កុម្ភៈ ២០១៤
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយកំណត់ត្រាសង្ខេបមួយ ស្ដីពីនិយតកម្ម គឺភាពត្រឹមត្រូវក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។ ការចេញផ្សាយកំណត់ត្រាសង្ខេបរបស់ស្ថាប័នសិទ្ធិមនុស្សមួយនេះ ធ្វើឡើងក្នុងពេលដែលកម្ពុជា ត្រូវបានចំណាត់ថ្នាក់យ៉ាងទាប ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានដោយអង្គការសារព័ត៌មានគ្មានព្រំដែន ក្នុងឆ្នាំ២០១៣ ហើយដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។
កំណត់ត្រាសង្ខេបជាភាសាខ្មែរកម្រាស់ ២១ទំព័រ ដែលចេញផ្សាយនៅថ្ងៃទី១៣ កុម្ភៈ មានគោលបំណងបង្ហាញអំពីទិដ្ឋភាពទូទៅ នៃការធ្វើនិយតកម្មប្រព័ន្ធផ្សព្វផ្សាយ និងឥទ្ធិពលដែលកើតចេញពីនិយតកម្មនេះ ទៅលើសេរីភាពបញ្ចេញមតិនៅកម្ពុជា។
ទិដ្ឋភាពទូទៅនៃធាតុផ្សំសំខាន់ៗរបស់និយតកម្មប្រព័ន្ធផ្សព្វផ្សាយបែបព័ត៌មានប្រពៃណី ដែលត្រូវបានលើកឡើងក្នុងកំណត់ត្រាសង្ខេបនេះ រួមមាន បញ្ហាការផ្តល់អាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយ ការគ្រប់គ្រងលើមាតិកាសារព័ត៌ មានវិធានសម្រាប់ម្ចាស់កម្មសិទ្ធិ ការរឹតត្បិតទៅលើអ្នកអាជីពសារព័ត៌មាន និងសេរីភាពទទួលបានព័ត៌មាន ជាដើម។
ទាក់ទងនឹងការគ្រប់គ្រងលើមាតិកាសារព័ត៌មានវិញ កំណត់ត្រាសង្ខេបបានលើកឡើងថា បើទោះជាច្បាប់នៅកម្ពុជា បានហាមប្រាមដល់ការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយក៏ដោយ ប៉ុន្តែបញ្ញត្តិទាំងនេះត្រូវបានបំពាន ដោយសារតែមានការរឹតត្បិតលើមាតិកាសារព័ត៌មានជាបន្តបន្ទាប់ តាមរយៈការប្រើប្រាស់បទបញ្ញត្តិច្បាប់មួយចំនួន រួមមានបញ្ញត្តិបទបរិហារកេរ្តិ៍ ជាដើម។
លើសពីនេះ កំណត់ត្រាសង្ខេបក៏បានលើកឡើងដែរថា និយតកម្មដែលធានាឲ្យមានម្ចាស់កម្មសិទ្ធិចម្រុះបែប ត្រូវបានចាត់ទុកថា ជាធាតុផ្សំចាំបាច់សម្រាប់សារព័ត៌មានដែលមានលក្ខណៈសេរី និងមិនត្រូវបានរារាំង។ កំណត់ត្រាបន្តថា ភាពចម្រុះបែបនៅកម្ពុជា មានតិចតួចណាស់ ហើយក៏មិនទាន់មាននិយតកម្មណាត្រូវបានបង្កើតឡើង ដើម្បីជំរុញឲ្យមានភាពចម្រុះបែបនេះដែរ។ កំណត់ត្រាក៏បានកត់សម្គាល់ដែរថា ការដែលកម្ពុជា គ្មានច្បាប់ហាមសមាជិករដ្ឋាភិបាល ឬបក្សកាន់អំណាច ឬគណបក្សនយោបាយ ធ្វើជាម្ចាស់កម្មសិទ្ធិនៃស្ថាប័នសារព័ត៌មាន បានធ្វើឲ្យសារព័ត៌មាននៅកម្ពុជា ភាគច្រើនស្ថិតក្រោមឥទ្ធិពលដោយផ្ទាល់ ឬដោយប្រយោលរបស់គណបក្សប្រជាជនកម្ពុជា ដូចជា ទូរទស្សន៍ ស៊ី.ធី.អិន (CTN) និងម៉ាយធីវី (MyTV) របស់ លោក គិត ម៉េង ដែលស្និទ្ធនឹង លោក ហ៊ុន សែន ទូរទស្សន៍បាយ័ន របស់កូនស្រីលោកនាយករដ្ឋមន្ត្រី និងទូរទស្សន៍អប្សរា ដែលមានកូនប្រុស លោក សាយ ឈុំ និងលោក សុខ អាន ជាអ្នកកាន់កាប់។
មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមណា បានឲ្យដឹងថា នៅកម្ពុជា សព្វថ្ងៃពុំទាន់មានស្ថាប័នឯករាជ្យជាក់លាក់ណាមួយ ដើម្បីពិនិត្យមើលអំពីការផ្តល់អាជ្ញាប័ណ្ណលើប្រព័ន្ធផ្សព្វផ្សាយនៅឡើយទេ គឺមានតែក្រសួងព័ត៌មាន ដែលចំណុះឲ្យរដ្ឋាភិបាលប៉ុណ្ណោះ។ កញ្ញាបន្តថា ចំនួនស្ថាប័នសារព័ត៌មានឯករាជ្យនៅកម្ពុជា នៅមានកម្រិត ហើយស្ថាប័នសារព័ត៌មានភាគច្រើន គឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
កញ្ញា សន រ៉ាមណា៖ «ខាងគណបក្សប្រឆាំង ឬអ្នកដែលមានទំនោរគាំទ្រគណបក្សប្រឆាំង ឬក៏សូម្បីតែអង្គការផ្ទាល់ខ្លួនឯងដែរ ស្នើសុំអាជ្ញាប័ណ្ណដើម្បីបង្កើតជាវិទ្យុទូរទស្សន៍ ឬក៏សារព័ត៌មានអីហ្នឹង គឺតែងតែមិនត្រូវបានអនុញ្ញាតអ៊ីចឹង អ៊ីចឹងបានជាក្នុងកំណត់ត្រាសង្ខេបហ្នឹង យើងចង់ប្រៀបធៀបមើលជាមួយប្រទេសគេ ឲ្យសាធារណជនឃើញថា ប្រទេសយើងហ្នឹងនៅខ្វះចំណុចណាខ្លះអីខ្លះ ហើយនៅប្រទេសគេគេមានអីដែលធ្វើល្អហើយ យើងអាចយកគំរូតាមអ៊ីចឹង»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍នៅថ្ងៃទី១៣ កុម្ភៈ ថា ក្រសួងព័ត៌មាន មិនមែនជាស្ថាប័នសម្រាប់គ្រប់គ្រងសារព័ត៌មាននោះទេ វាគ្រាន់តែជាស្ថាប័នសម្រាប់បង្កភាពងាយស្រួលដល់អ្នកកាសែត ក្នុងការស្វែងរកព័ត៌មានប៉ុណ្ណោះ ហើយគ្មានសិទ្ធិត្រួតត្រាលើសារព័ត៌មាននោះឡើយ។ លោកថា ចំពោះស្ថាប័នសារព័ត៌មានមួយចំនួនដែលផ្សាយគាំទ្រគណបក្សកាន់អំណាចនោះ គឺជាសិទ្ធិរបស់គេ៖ «អាហ្នឹងរឿងគេ គេមានសិទ្ធិរបស់គេតើ គេធ្វើមកបន្ទាប់មកគេសម្រេចទៅជួយបក្សណាជួយទៅ ប៉ុន្តែនៅក្នុងពេលឃោសនា យើងមិនលើកអំពីបញ្ហាគណបក្សទេ ក្នុងរយៈពេលនៃការឃោសនា ហើយបើផ្សាយគណបក្សណា វិទ្យុហ្នឹងត្រូវទទួលផ្សាយឲ្យគណបក្សគ្រប់គ្នាក្នុងពេលយុទ្ធនាការឃោសនា ហើយបើផ្សាយគិតលុយ ត្រូវគិតលុយស្មើគ្នាទាំងអស់»។
អង្គការសារព័ត៌មានគ្មានព្រំដែន កាលពីដើមសប្ដាហ៍នេះបានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន បង្ហាញថា កម្ពុជា ទទួលបានចំណាត់ថ្នាក់យ៉ាងទាបក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មាន សម្រាប់ឆ្នាំ២០១៣ កន្លងមក ពោល គឺទទួលបានចំណាត់ថ្នាក់លេខ១៤៣ ក្នុងចំណោមប្រទេសចំនួន១៧៩ គឺបានធ្លាក់ចុះជាងឆ្នាំ២០១២ ទៅទៀត ដែលនៅកាលនោះ កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១១៧។ ការធ្លាក់ចុះនូវចំណាត់ថ្នាក់យ៉ាងគំហុកនេះ ត្រូវបានកំណត់ត្រាសង្ខេបមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សន្និដ្ឋានថា កង្វះខាតនៃការគ្រប់គ្រងសារព័ត៌មានឯករាជ្យនៅកម្ពុជា ពិតជាកត្តាមួយរួមចំណែកក្នុងការធ្លាក់ដាំដូងដូចនេះ។
តែទោះជាយ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ទោះជាចំណាត់ថ្នាក់របស់កម្ពុជា ធ្លាក់ចុះ តែបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសអាស៊ានមួយចំនួនវិញ កម្ពុជា នៅមានសេរីភាពគ្រាន់បើជាងគេនៅឡើយ៕
No comments:
Post a Comment