ប្រធាន ពន្ធនាគារ ខេត្តបាត់ដំបង រងការចោទ ថារារាំង មេធាវី ចូលជួប កូនក្ដី
ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ០៧ កុម្ភៈ ២០១៤
មេធាវីអង្គការក្រៅរដ្ឋាភិបាល បានហៅការអនុវត្តច្បាប់របស់ពន្ធនាគារខេត្តបាត់ដំបង ថាមាននីតិវិធីចម្លែកខុសពីបណ្ដាពន្ធនាគារជាច្រើនផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ហើយពន្ធនាគារនេះពុំបានគោរពតាមសេចក្ដីណែនាំមួយរបស់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដែលបានដាក់ជូនតុលាការ កាលពីខែមេសា ឆ្នាំ២០១៣។
មេធាវីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក ជិន លីដា ថ្លែងថា កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ រូបលោក និងមេធាវីម្នាក់ទៀត បានធ្វើដំណើរទៅពន្ធនាគារខេត្តបាត់ដំបង ដើម្បីចូលទៅជួបកូនក្ដី បីនាក់ ប៉ុន្តែខកខានពុំបានជួបនោះឡើយ ដោយសារតែ លោក សំអុល ធារិទ្ធិ ជាប្រធានពន្ធនាគារ ហាមឃាត់ ហើយតម្រូវមេធាវីសរសេរលិខិតស្នើសុំទៅប្រធានពន្ធនាគារជាមុន ទើបអាចចូលជួបកូនក្ដីបាន៖ «ការដែលយើងសុំជួបហ្នឹង យើងចង់ប្រាប់ពីសវនាការនៅសាលាឧទ្ធរណ៍ ហើយសាកសួរពន្ធនាគារមើលមានបានទទួលដីកាកោះអីពីសាលាឧទ្ធរណ៍អត់? បន្ទាប់ ខ្ញុំចង់ប្រាប់គាត់ពីនីតិវិធីនៅសាលាឧទ្ធរណ៍យ៉ាងម៉េចអីយ៉ាងម៉េច។ ការងារនេះជាការងារមេធាវី និងកូនក្ដីសុទ្ធសាធ វាអត់មានពាក់ព័ន្ធការងារចុះទៅឃ្លាំមើល ឬក៏ចុះពិនិត្យស្ថានភាពពន្ធនាគារអីទេ»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំបញ្ជាក់ពី លោក សំអុល ធារិទ្ធិ ប្រធានពន្ធនាគារខេត្តបាត់ដំបង តាមទូរស័ព្ទ ប៉ុន្តែពុំមានអ្នកទទួលនោះឡើយ។
អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង លោក ស៊ុន តឹក ថ្លែងថា ឈរលើគោលការណ៍ច្បាប់ មេធាវីមានសិទ្ធិចូលជួបកូនក្ដីនៅក្នុងពន្ធនាគារ ដោយពុំបាច់មានលិខិតស្នើសុំនោះឡើយ។ ម្យ៉ាងវិញទៀត លោកថា ប្រធានពន្ធនាគាររូបនេះបានអនុវត្តផ្ទុយពីខ្លឹមសាររបស់ក្រសួងមហាផ្ទៃ ដែលកំពុងរៀបចំកែប្រែពីពន្ធនាគារ ទៅជាមជ្ឈមណ្ឌលអប់រំ និងកែប្រែ៖ «ប្រធានមួយនេះឯងដែលគាត់តឹងជាងគេទូទាំងប្រទេស នៅកោះកុង ក៏អ៊ីចឹងដែរ អ៊ីចឹងដើម្បីឲ្យសមតាមការកែប្រែរបស់ក្រសួងមហាផ្ទៃ យើងត្រូវធ្វើឲ្យសមជាមណ្ឌលកែប្រែ»។
បច្ចុប្បន្ននេះ ក្រុមមេធាវី និងក្រុមមន្ត្រីអង្គការនានា កំពុងជួបផលលំបាកខ្លាំងនៅពេលពួកគេមានបំណងសុំចូលជួបកូនក្ដី និងអ្នកទោសនៅក្នុងពន្ធនាគារ ខេត្តបាត់ដំបង។ ប្រភពបញ្ជាក់ថា រយៈពេលកន្លងមក លោក សំអុល ធារិទ្ធិ ធ្លាប់ទំនាស់ និងមានការថ្នាំងថ្នាក់ជាមួយមេធាវីផ្សេងទៀត នៅពេលពួកគេសុំចូលជួបកូនក្ដីនៅក្នុងពន្ធនាគារ។
បញ្ហានេះ បានធ្វើឲ្យប្រធានពន្ធនាគាររូបនេះ ខឹងរាលដាលទៅដល់មេធាវី ជាទូទៅដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការចូលជួបកូនក្ដីនៅក្នុងពន្ធនាគារ។ ប្រភពខ្លះទៀតលើកឡើងថា លោក សំអុល ធារិទ្ធិ បានអនុវត្តដូច្នេះ ដោយអាងខ្លួនមានខ្នងការពារជាមន្ត្រីថ្នាក់លើ ធ្វើការនៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
កាលពីខែមេសា ឆ្នាំ២០១៣ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានចេញដំណឹងទៅឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។ លិខិតនោះមានខ្លឹមសារថា ដើម្បីចៀសវាងកំហុសឆ្គងផ្នែកផ្លូវច្បាប់ មហាអយ្យការអមសាលាឧទ្ធរណ៍ សូមឲ្យព្រះរាជអាជ្ញាអនុញ្ញាតមេធាវីគ្រប់រូបចូលជួបកូនក្ដីនៅក្នុងពន្ធនាគារ ដោយអនុវត្តតាមមាត្រា១៤៩ និងមាត្រា៥១០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមានចែងអំពីសិទ្ធិរបស់ជនជាប់ឃុំក្នុងការជួបសន្ទនាជាសម្ងាត់ជាមួយមេធាវីរបស់ពួកគេ៕
No comments:
Post a Comment