Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

តុលាការ​ កំពង់ស្ពឺ​ សម្រេច​ ឲ្យ​ថ្នាក់​ដឹក​នាំ​ សហជីព​កម្មករ​ ៥​នាក់​ នៅ​ក្រៅ​ឃុំ​ បណ្ដោះ​អាសន្ន

តុលាការ​កំពង់ស្ពឺ ៣០៥

សាលាដំបូង ខេត្តកំពង់ស្ពឺ (រូបថត អាស៊ីសេរី​)

តុលាការ​ កំពង់ស្ពឺ​ សម្រេច​ ឲ្យ​ថ្នាក់​ដឹក​នាំ​ សហជីព​កម្មករ​ ៥​នាក់​ នៅ​ក្រៅ​ឃុំ​ បណ្ដោះ​អាសន្ន

តុលាការ​ ខេត្ត​កំពង់ស្ពឺ បាន​បិទ​ ការ​ស៊ើប​អង្កេត​ លើ​ករណី​បាតុកម្ម​ បង្ក​ឲ្យ​ផ្ទុះ​ហិង្សា​ នៅ​រោងចក្រ សាប្រ៊ីណា (Sabrina) រួច​ហើយ កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ, បន្ទាប់​ពី​បញ្ចប់​ ការ​សាកសួរ​ ថ្នាក់​ដឹក​នាំ​ សហជីព ១៦​នាក់ ពាក់ព័ន្ធ ​ពី​បទ​ផ្ដើម​គំនិត​ ក្នុង​អំពី​ហិង្សា​ ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​ផ្ដើម​គំនិត​ ក្នុង​អំពើ​ធ្វើ​ ឲ្យ​ខូចខាត​ ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។

ដោយ ទេព សុរ៉ាវី / អាស៊ិសេរី | ០៦ កុម្ភៈ ២០១៤

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក ឆឹម ឬទ្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ថា លោក​បាន​បិទ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​បាតុកម្ម​នៅ​រោងចក្រ សាប្រ៊ីណា រួច​ហើយ ក្រោយ​ពី​សាកសួរ​ថ្នាក់​ដឹក​នាំ​សហជីព​សេរី​កម្មករ ៥​នាក់​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ។
លោក​បន្ត​ថា តុលាការ​មិន​អាច​រំលង​នីតិវិធី​ស៊ើបសួរ​បាន​ទេ ដរាប​ណា​ជន​ជាប់​ចោទ​ទាំងអស់​ត្រូវ​ចូល​មក​បំភ្លឺ​នៅ​តុលាការ។ ចំពោះ​ការ​ចូល​បំភ្លឺ​របស់​ថ្នាក់​ដឹក​នាំ​សហជីព​សេរី​កម្មករ ៥​នាក់ កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ តុលាការ​បាន​សាកសួរ​ពី​អង្គ​ហេតុ​ខ្លះ ហើយ​សម្រេច​ចេញ​ដីកា​ដាក់​ពួក​គេ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដោយ​មិន​បាន​ឃុំ​ពួក​គេ​ក្នុង​ពន្ធនាគារ​ទេ។
បន្ថែម​លើ​នេះ លោក​បញ្ជាក់​ថា លោក​នឹង​ត្រៀម​រៀប​ចំ​បញ្ជូន​សំណុំ​រឿង ស៊ើប​អង្កេត​រួច​នេះ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​នៅ​ពេល​ខាង​មុខ តែ​មិន​ទាន់​កំណត់​ពេល​ឲ្យ​ច្បាស់​នៅ​ឡើយ៖ «វា​អត់​មាន​អី​ធ្ងន់ធ្ងរ​ទេ ព្រោះ​មាន​ការ​សម្រប​សម្រួល​ខាង ភាគី​រោងចក្រ​ហ្នឹង ខាង​នេះ​នឹង គឺ​បាន​ធ្វើ​ចប់​សព្វគ្រប់​រួច​ហើយ គឺ​បាន​ព្រមព្រៀង​គ្នា​ច្រើន ហើយ​បណ្ដឹង​អាជ្ញា​ហ្នឹង​ក៏​ព្យាយាម​ពន្លត់​តាម​ផ្លូវ​តុលាការ​ហ្នឹង​ដែរ។»
ថ្នាក់​ដឹក​នាំ​សហជីព​សេរី​កម្មករ ៥​នាក់ ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​នោះ រួម​មាន លោក យ៉ាន់រ័ត្ន កែវពិសី លោក ថន ថុល អ្នកស្រី សំ ស្រីមុំ។ អ្នក​ទាំង​៣ ជា​អគ្គលេខាធិការ​រង​សហជីព​សេរី​កម្មករ។រីឯ ២​នាក់​ទៀត ជា​សមាជិក​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ សាប្រ៊ីណា។
ជុំវិញ​រឿង​នេះ លោក យ៉ាន់រ័ត្ន កែវពិសី ដែល​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ សង្ឃឹម​ថា​ការ​ចូល​បំភ្លឺ​របស់​គាត់​នេះ នឹង​អាច​ជំរុញ​ឲ្យ​រឿង​ក្តី​នេះ​ឲ្យ​ឆាប់​ចប់ ក្រោយ​ពី​មាន​ព័ត៌មាន​លេច​ឮ​ថា ក្រុមហ៊ុន​បាន​ដក​ពាក្យ​បណ្ដឹង​លើ​ពួក​គាត់៖ «ក្រោយ​មក​ខាង​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន បាន​ឲ្យ ៨​នាក់ នៅ​ក្នុង​ឃុំ​ហ្នឹង​នៅ​ក្រៅ​ឃុំ​ដែរ អ៊ីចឹង​រឿង​ហ្នឹង​បញ្ចប់​ហើយ»
កាល​ពី​ថ្ងៃ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៣ កម្មករ​រោងចក្រ​កាត់​ដេរ សាប្រ៊ីណា ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ ជិត ២​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​បន្ថែម។ កូដកម្ម​នោះ​បាន​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា ធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ ២​នាក់​រលូត​កូន និង​កម្មករ​ជាច្រើន​រង​របួស។
ភ្លាម​នោះ ក្រុមហ៊ុន​បាន​ប្ដឹង​ថ្នាក់​ដឹក​នាំ​សហជីព​សេរី​កម្មករ ១៦​នាក់ ទៅ​តុលាការ។ ក្នុង​នោះ​មាន ៨​នាក់ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​ផ្ដើម​គំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។ អ្នក​ទាំង ៨​នាក់​នោះ ត្រូវ​តុលាការ​ខេត្ត​កំពង់ស្ពឺ សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣ ក្រោយ​ពី​បាន​ឃុំ​ខ្លួន ៤​ខែ​រួច​មក៕



No comments:

Post a Comment