អ្នកវិភាគ៖ ការចរចាជាថ្មី រវាង គណបក្ស ឈ្នះឆ្នោតទាំងពីរ ជាសញ្ញា បញ្ចប់ជម្លោះ នយោបាយ
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
អ្នកវិភាគនយោបាយ និងអ្នកតាមដានព្រឹត្តិការណ៍សង្គម នៅថ្ងៃចន្ទនេះ យល់ថា ការចរចាជាថ្មីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជាសញ្ញាវិជ្ជមានមួយ សម្រាប់បញ្ចប់ជម្លោះ នយោបាយនៅកម្ពុជា។
គណបក្សឈ្នះឆ្នោតទាំងពីរ នឹងជួបចរចា នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែកុម្ភៈ ស្អែកនេះ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច យល់ថា ការចរចាជាថ្មីទៀតនេះ គណបក្សទាំងពីរគួរកំណត់យករបៀបវារៈឲ្យបានច្បាស់លាស់ដាក់លើតុ នោះកម្ពុជានឹងរួចផុតពីការជាប់គាំងនយោបាយ «អ្នកនយោបាយ ត្រូវតែកែ គជប នេះឯង ដើម្បីកុំឲ្យបោះឆ្នោតមកម្តងៗមានបញ្ហា តែដើម្បីកែ គជប ទាល់តែអ្នកនយោបាយ ចូលក្នុងសភាសិន ប៉ុន្តែរាល់ចូលក្នុងសភា សូមឲ្យអ្នកនយោបាយទាំងពីរគណបក្សហ្នឹង ចងរបៀបវារៈនយោបាយថា អំឡុងពេលសភាដំណើរការនេះ នីតិកាលទី៥នេះ មិនត្រូវកែវិសោធនកម្មបានទេ។ ហេតុអ្វីយើងចង់បែបហ្នឹង? ពីព្រោះគណបក្សសង្គ្រោះជាតិ មិនអាចវិសោធនកម្មបានទេ ឯគណបក្សប្រជាជន លោកអាចវិសោធនកម្មបាន ព្រោះត្រូវការតែ៦២ទេ ភាគច្រើនដាច់ខាត ឯគណបក្សសង្គ្រោះជាតិ លោកមានដល់ត្រឹម៥៥ ហើយគណបក្សប្រជាជនលោក មាន៦៨»។
សេចក្តីជូនដំណឹងរបស់គណបក្សង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ បានឲ្យដឹងថា ចំណុចដែលគណបក្សសង្គ្រោះជាតិ លើកឡើងនៅថ្ងៃទី១៨ ខែកុម្ភៈស្អែកនេះ គឺទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាព គជប និងរៀបចំការបោះឆ្នោតមុនអាណត្តិជាដើម។
ឆ្លើយតបភ្លាមៗនេះ សេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សកាន់អំណាចមួយនេះត្រៀមខ្លួនជាស្រេច ជួបចរចាជាមួយ គណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំបង្កើតយន្តការកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខផងដែរ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ហៅថា (និចហ្វិច) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការកំណត់យកថ្ងៃទី១៨ ខែកុម្ភៈ ពិភាក្សា រកដំណោះស្រាយ បញ្ហាជាប់គាំងនយោបាយ ជាសញ្ញាវិជ្ជមានមួយ សម្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងប្រទេសជាតិ «ខ្ញុំគិតថា នេះជាព័ត៌មានវិជ្ជមានមួយកើតឡើង សម្រាប់ពលរដ្ឋ លោកហាក់ដូចជាចង់ឲ្យមាន ជួបតាមបែបបើកចំហ ដើម្បីឲ្យមានតម្លាភាព ដើម្បីកុំឲ្យគណបក្សដែលជួបហើយ ចេញមកវិញ និយាយខុសគ្នា និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើល ការបោះឆ្នោតមួយទៀត ហៅកាត់ថាខុមហ្វ្រែល លោក គល់ បញ្ញា យល់ថា ការចរចាលើកនេះ ទំនងជាបញ្ចប់បាននៃការជាប់គាំងនយោបាយ។ ប៉ុន្តែលោកបញ្ជាក់ថា បើការចរចានោះ គណបក្សទាំងពីរ នៅតែប្រកាន់យករៀបវារៈផ្ទុយគ្នា នឹងធ្វើឲ្យកម្ពុជាខាតបង់នូវអត្ថប្រយោជន៍ច្រើនពីសហគមន៍អន្តរជាតិ «បញ្ហាអញ្ចឹង គឺថាវាប៉ះពាល់ដល់រដ្ឋាភិបាល គេអាចមិនទទួលស្គាល់ពេញលេញអញ្ចឹង តែទុកយូរទៅវាអាចបញ្ហាកាន់តែក្នុងការខ្ចីប្រាក់ ទាក់ទាញការជួយឧបត្ថម្ភ ឬក៏ការគាំទ្រផ្សេងៗ ពីសហគមន៍អន្តរជាតិមួយចំនួន អាចមានការលំបាក់»។
តាមគម្រោងសមាសភាព នៃការចរចាលើកនេះ គឺគណបក្សសង្គ្រោះជាតិ រួមមានលោក សុន ឆ័យ លោក យ៉ែម បុញ្ញឫទ្ធិ និងលោកគួយ ប៊ុនរឿន។ ចំណែកសមាសភាពរបស់គណបក្សប្រជាជនកម្ពុជារួមមាន លោក ព្រុំ សុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ៕
No comments:
Post a Comment