Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

អង្គការ​ អន្តរជាតិ​ រិះគន់​ កម្ពុជា​ ចំពោះ​ ការ​ដំឡើង​តំណែង​ យោធា​ និង​ប៉ូលិស​ ច្រើន​ហួស​ហេតុ

ចន សីសហ្វតុន (John Sifton) ៦១០
នាយក​ផ្នែក​អ្នក​តស៊ូ​មតិ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) 
លោក ចន សីសហ្វតុន (John Sifton)។ Photo courtesy of hrw.org

មន្ត្រី​ អង្គការ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​លើក​តម្កើង​ មន្ត្រី​យោធា និង​ប៉ូលិស​ មួយ​ចំនួន ដែល​ជា​សមាជិក​ គណបក្ស​ កាន់​អំណាច តាម​រយៈ​ ការ​ដំឡើង​ឋានន្តរស័ក្តិ​ កាល​ពី​ពេល​ថ្មី​នេះ។ មន្ត្រី​ សិទ្ធិ​មនុស្ស​ ដដែល​អះអាង​ថា ចំនួន​ឧត្តមសេនីយ៍​ នៅ​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​ ឧត្តមសេនីយ៍​ នៅ​សហរដ្ឋ​អាមេរិក។

ដោយ យន់ សាមៀន / អាស៊ីសេរី | ០៦ កុម្ភៈ ២០១៤
រដ្ឋាភិបាល​កាល​ពី​ដើម​ឆ្នាំ​២០១៤ នេះ បាន​ដំឡើង​ឋានន្តរស័ក្តិ​ដល់​យោធា និង​ប៉ូលិស​ជាន់​ខ្ពស់​ជាង ២០​នាក់ ពី​ឧត្តមសេនីយ៍ឯក ទៅ​ជា​នាយ​ឧត្តមសេនីយ៍ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ហិង្សា បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៧​នាក់​ស្លាប់ និង​រង​របួស​ជិត ១០០​នាក់។
ការ​ដំឡើង​ឋានន្តរស័ក្តិ​គាប់​ជួន​ពេល​ដែល​កម្ពុជា កំពុង​ជួប​ប្រទះ​វិបត្តិ​នយោបាយ​នេះ ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​មួយ​ចំនួន​រិះគន់​ថា ជា​ទង្វើ​ដើម្បី​លើក​ទឹក​ចិត្ត​យោធា និង​ប៉ូលិស ដែល​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​ខ្វល់ខ្វាយ​ពី​ជោគវាសនា​អនាគត​របស់​ពលរដ្ឋ​ខ្មែរ។
នាយក​ផ្នែក​អ្នក​តស៊ូ​មតិ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ចន សីសហ្វតុន (John Sifton) មាន​ប្រសាសន៍​ថា យោធា​កម្ពុជា មាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​ដែល​មិន​ទាន់​អាច​ដោះស្រាយ​រួច ដូច​ជា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​អំពើ​និទ្ទណ្ឌភាព។ លោក​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក កម្ពុជា មាន​ចំនួន​ឧត្តមសេនីយ៍​ច្រើន​ជាង​ប្រទេស​មួយ​ចំនួន ដែល​យោធា​ច្រើន​ជាង​កម្ពុជា រហូត​ទៅ​ដល់ ៥​ដង។
លោក ចន សីសហ្វតុន៖ «យោធា​កម្ពុជា មាន​បញ្ហា​ច្រើន​ណាស់ ជា​ឧទាហរណ៍ អំពើ​ពុក​រលួយ និង​ការ​ប្រើប្រាស់​ការ​បង្ក្រាប​ដោយ​ហិង្សា​លើសលប់។ មាន​បញ្ហា​ជា​ច្រើន​ណាស់​ដែល​ត្រូវ​តែ​ដោះស្រាយ។ ប្រសិន​បើ​មាន​ការ​ដំឡើង​តំណែង គួរ​តែ​ត្រូវ​ដំឡើង​តំណែង​ឲ្យ​យោធា​ណា​ដែល​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ។ ខ្ញុំ​ដឹង​ថា កេរ្តិ៍​ឈ្មោះ​យោធា​កម្ពុជា ល្បី​ខាង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ គ្មាន​មន្ត្រី​យោធា​ត្រូវ​បាន​កាត់​ទោស​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូច្នោះ​ការ​ដំឡើង​តំណែង​ទាំង​ឡាយ​ណា​នៅ​ពេល​នេះ គ្រាន់​តែ​សារ​មួយ​ថា គណបក្ស​ប្រជាជន​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ដំឡើង​តំណែង​ឲ្យ​មន្ត្រី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​មិន​ខ្វល់​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព និង​ចម្រើន​រុងរឿង​ឡើយ»
លោក ចន សីសហ្វតុន បន្ត​ថា លោក​ស្ដាយ​ណាស់​ដែល​យោធា​ជាន់​ខ្ពស់​របស់​កម្ពុជា សុទ្ធតែ​ឋិត​នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច។ លោក​ថា យោធា​ដែល​មាន​និន្នាការ​នយោបាយ​នេះ មិន​មែន​យោធា​ក្នុង​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​ទំនើប​ឡើយ។ លិខិត​ស្នើសុំ​ដំឡើង​ឋានន្តរស័ក្តិ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ឲ្យ​យោធា ១៩​នាក់ បង្ហាញ​ថា យោធា​ដែល​ត្រូវ​បាន​ដំឡើង​តំណែង​នោះ មួយ​ចំនួន​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ យោធា​ដែល​ត្រូវ​បាន​ទទួល​ឋានន្តរស័ក្តិ​ថ្មី រួម​មាន លោក គៀង សាវុធ ឯល វ៉ាន់សារ៉ាត ខ្វាន់ ស៊ាម ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​អគ្គមេបញ្ជាការ​យោធា លោក ប៉ុល សារឿន ក៏​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដែរ។ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដំឡើង​មន្ត្រី​ជាន់​ខ្ពស់​ប៉ូលិស​ចំនួន ៦​រូប ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ពី​ឧត្តមសេនីយ៍ឯក ទៅ​ជា​នាយ​ឧត្តមសេនីយ៍។
មន្ត្រី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក លោក ចន សីសហ្វតុន បន្ត​ថា យោធា​ដែល​ត្រូវ​ដំឡើង​តំណែង​គួរ​ជា​យោធា​ណា​ដែល​បាន​ដោះស្រាយ​វិបត្តិ​យោធា​កម្ពុជា។ លោក​បន្ត​ថា ការ​បង្កើត​តួនាទី​ឧត្តមសេនីយ៍​ច្រើន​ហួស​ហេតុ ដែល​មិន​សមាមាត្រ​ទៅ​នឹង​ចំនួន​ទាហាន​នោះ វា​ជា​ការ​គួរ​ឲ្យ​អស់​សំណើច​ទៅ​វិញ​ទេ។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា យោធា និង​ប៉ូលិស ដែល​ទទួល​បាន​ការ​ដំឡើង​តំណែង​ថ្មី​នោះ មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ពី​ការ​បង្ក្រាប​ហិង្សា​ឡើយ ប៉ុន្តែ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ការងារ​ល្អ​កន្លង​មក។
«សំឡេង»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន ក៏​បាន​សំដែង​ក្តី​សង្ស័យ​ចំពោះ​ការ​ផ្តល់​តំណែង​ជាន់​ខ្ពស់​ផ្នែក​យោធា ទៅ​ឲ្យ​កូនៗ​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
កាល​ពី​ឆ្នាំ​២០១២ ក្រសួង​ការពារ​ជាតិ បាន​តែង​តាំង លោក ហ៊ុន មានិត កូន​ប្រុស​ទី​២​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​នាយកដ្ឋាន​ចារកិច្ច នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ដំឡើង​ឋានន្តរស័ក្ដិ​ពី​ស័ក្ដិ​បួន​កន្លះ ទៅ​ស័ក្ដិ​ប្រាំ។ ការ​តែង​តាំង​ លោក ហ៊ុន មានិត ជា​ការ​តែង​តាំង​កូន​ប្រុស លោក ហ៊ុន សែន លើក​ទី​២ ឲ្យ​មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កងទ័ព។ កាល​ពី​ឆ្នាំ​២០១១ ក្រសួង​ការពារ​ជាតិ បាន​តែង​តាំង លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ឲ្យ​ក្លាយ​ជា​មេ​បញ្ជា​ការ​រង​កងទ័ព​ជើង​គោក បន្ថែម​លើ​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ជា​មេ​បញ្ជា​ការ​រង​កង​អង្គរក្ស លោក ហ៊ុន សែន។
លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា លោក​មិន​រិះគន់ ឬ​ក៏​សរសើរ​ចំពោះ​ការ​ដំឡើង​តំណែង​នេះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ពិត​ជា​អាច​ស្វែង​យល់​ពី​ការ​ពិត​ដោយ​ខ្លួន​ឯង។
«សំឡេង»
ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ការពារ​ការ​ដំឡើង​តំណែង​នេះ​ក៏ដោយ ក៏​គេ​មើល​ឃើញ​ថា យោធា​បាន​ធ្វើ​សកម្មភាព​ការពារ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ច្រើន​មុន​ទទួល​បាន​តំណែង​ទាំង​នោះ។ ក្រសួង​ការពារ​ជាតិ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ បាន​ប្ដេជ្ញា​ការពារ​លទ្ធផល​បោះ​ឆ្នោត និង​ជាពិសេស​គាំទ្រ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៥​នេះ៕



1 comment:

  1. Anonymous1:12 AM

    ពីព្រោះពួកអាមេធំ​ ៗ នៃគណៈបក្សបីសាច CPP វាធ្វើអាក្រក់ច្រើនពេក ម្ល៉ោះហើយវាមិនទុកចិត្ត
    សូម្បីតែកូនចៅវា ជាពិសេសកងទ័ព កងកម្លាំប្រដាប់អាវុធគ្រប់ប្រភេទ ស្រទាប់ ​ ដូច្នេះ ពួកវាមាន
    តែទិញទឹកចិត្តគេ​ដោយតំឡើងឋានន្តរៈស័កឲគេ បើពុំនោះទេខ្លាចគេធ្វើការបះបោរ ធ្វើរដ្ឋប្រហារ
    ទម្លាក់ពួកវាដូចនៅប្រទេសថៃ ។ ធម្មតា ប្រទេសជាច្រើន បើអ្នកដឹកនាំធ្វើខុសធ្ងន់ធ្ងរ ឬ បាត់ប្រ
    ជាប្រិយ ហើយដែលប្រជាពលលែងគាំទ្រ ទាមទារឲចុះពីអំណាច ឬ បោះឆ្នោតទម្លាក់ តែមិនព្រមចុះ
    ចេញពីអំណាច នៅក្រាញលើអំណាចដោយអាងទៅលើអំណាចទឹកលុយ នោះកងទ័ព បញ្ញាវ័ន្ត​ និង
    ប្រជាបលរដ្ឋនាំគ្នាធ្វើរដ្ឋប្រហារ​ ដើម្បីទម្លាក់ហើយ ។ គេមិនទុកឲក្រាញបានតាមចិត្តនោះឡិយ ដូច្នេះ បីសាច ហ៊ុនសែន ត្រូវតែខំទិញទឹកចិត្តពួកទាំងនោះ ឲនៅស្ងៀមទៅ ។ គំនិតឆ្កែកន្ទុយខ្វៀន
    ឬ បីសាចកញ្រ្ជោងរបៀបនេះ អ្នកណាមើលមិនដឹង ។

    ReplyDelete