Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

ពលរដ្ឋ​ នៅ​កំពង់ឆ្នាំង​ ស្នើ​ឲ្យ​ អាជ្ញាធរ​ ទប់ស្កាត់​សកម្មភាព​ កាប់​រាន​ដី​ព្រៃ​ និង​ចោរកម្ម

ពលរដ្ឋ​ នៅ​កំពង់ឆ្នាំង​ ស្នើ​ឲ្យ​ អាជ្ញាធរ​ ទប់ស្កាត់​សកម្មភាព​ កាប់​រាន​ដី​ព្រៃ​ និង​ចោរកម្ម

ប្រជា​សហគមន៍​ មក​ពី​ស្រុក​ទឹកផុស និង​ស្រុក​សាមគ្គីមានជ័យ  ខេត្ត​កំពង់ឆ្នាំង ជាង ៥០​នាក់ បាន​ជួប​ប្រជុំ​គ្នា​ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ស្ថិត​នៅ​ភូមិ​តានៃ ឃុំ​ជៀប ស្រុក​ទឹកផុស ដើម្បី​ពិភាក្សា​ អំពី​ បញ្ហា​ដីធ្លី​ ព្រៃ​ឈើ និង​បញ្ហា​ សន្តិសុខ​ សុវត្ថិភាព​ នៅ​ថ្នាក់​ភូមិ​ឃុំ។

ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ០៧ កុម្ភៈ ២០១៤
ពួក​គាត់​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ យក​ចិត្ត​ទុក​ដាក់ និង​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​បញ្ហា​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់។
ក្រុម​ប្រជា​សហគមន៍​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ បាន​លើក​ឡើង​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ កាប់​ឈើ​ដុត​ធ្យូង ឬ​ឧស​គីប និង​បញ្ហា​ចោរកម្ម កំពុង​កើត​មាន​ច្រើន​នៅ​តាម​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​ទឹកផុស និង​ស្រុក​សាមគ្គីមានជ័យ។
ប្រជា​សហគមន៍​រស់​នៅ​ឃុំ​ជៀប ម្នាក់ លោក គង់ ប៊ុនធឿន មាន​ប្រសាសន៍​ថា កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ប្អូន​ថ្លៃ​របស់​លោក​បាត់​គោ​ចំនួន ៥​ក្បាល និង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត​ក៏​បាន​បាត់​ដែរ ហើយ​កំពុង​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ។ ចំណែក​សកម្មភាព​កាប់​រាន​ដី​ព្រៃ និង​កាប់​ឈើ​វិញ ក៏​កំពុង​តែ​កើត​មាន​ច្រើន​ដែរ ដូច​ជា នៅ​ចំណុច​អូរ​អន្លង់ជ្រូក ភ្នំ​សុរិយា ជាងលាង និង​ចំណុច​រលៀសគុយ ជា​ដើម៖ «ការ​កាប់​បំផ្លាញ​ហ្នឹង​មាន​រណា​យន្ត​អី​មាន​ឈ្មួញ​ខ្លះ អ្នក​ធ្វើ​ផ្ទះ​សម្បែង​ខ្លះ ហើយ​អ្នក​កាប់​ឧស​ស្ទែរ (ឧស​គីប) វា​ចន្លោះ​ប្រហោង​ហ្នឹង ប្រជាពលរដ្ឋ​ខ្លាច​រងា​ណាស់​រាល់​ថ្ងៃ ដោយសារ​អី គឺ​ដោយសារ​រឿង​ចោរកម្ម ហើយ​អស់​ព្រៃ​ឈើ​ហ្នឹង ហើយ​ខ្លាច​អស់​ដល់​ដី​ទៀត​បាទ»
ចំណែក​តំណាង​សហគមន៍​ម្នាក់​ទៀត​មក​ពី​ស្រុក​សាមគ្គីមានជ័យ លោក ញ៉េប វន បញ្ជាក់​ថា សម្រាប់​ស្រុក​របស់​លោក បញ្ហា​សន្តិសុខ និង​ដីធ្លី មិន​បាន​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​បញ្ហា​ព្រៃ​ឈើ​នៅ​តាម​សហគមន៍។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ប្រជា​សហគមន៍​នេះ អនុ​ប្រធាន​ការិយាល័យ​បរិស្ថាន​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ឆ្នាំង លោក យឹម ណារិទ្ធិ មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​សហគមន៍​នេះ ក្រុម​ការងារ​របស់​លោក​បាន​ចុះ​អង្កេត​ផ្ទាល់​ទៅ​លើ​ទីតាំង​ដែល​បាន​រាយការណ៍​ទាំង​នោះ​ភ្លាម ក៏ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «កន្លង​មក​តែង​តែ​ឮ​អ៊ីចឹង។ ដល់​ពេល​ទៅ​ត្រួត​ពិនិត្យ​ទៅ ភាគ​ច្រើន​វា​នៅ​តាម​ដី​របស់​គាត់​ហ្នឹង ដោយសារ​គាត់​អត់​មុខ​របរ​អី គាត់​ទៅ​កាប់​អា​ជិតៗ​ហ្នឹង ហើយ​ដល់​ជញ្ជូន​អ៊ីចឹង​ទៅ យើង​ចេះ​តែ​ឃើញ ហើយ​បញ្ហា​មួយ​ទៀត​បើ​នៅ​ក្នុង​ដែន (ដែន​ជម្រក​សត្វ​ព្រៃ) វា​អត់​មាន»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ទឹកផុស លោក សោម វឺន និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ទៀត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ភូមិ​ឃុំ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ។
មន្ត្រី​គម្រោង​នៃ​អង្គការ​បង្កើន​សមត្ថភាព​សហគមន៍ ដើម្បី​អភិវឌ្ឍន៍ អ្នកស្រី នាង សុភ័ណ្ឌ ថ្លែង​ថា ការ​ជួប​ប្រជុំ​របស់​សហគមន៍​នា​ពេល​នេះ គឺ​ជា​ប្រការ​មួយ​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ​ក្នុង​សហគមន៍។ អ្នកស្រី​បន្ត​ថា តាម​ការ​ចូល​រួម​ស្ដាប់​របស់​អ្នកស្រី​មួយ​ព្រឹក​ពេញ​ពី​តំណាង និង​ប្រជា​សហគមន៍​ផ្ទាល់ ឃើញ​ថា បញ្ហា​ព្រៃ​ឈើ​កើត​មាន​ស្ទើរ​គ្រប់​ឃុំ​ទាំងអស់​នៃ​ស្រុក​ទាំង​ពីរ៖ «ឥឡូវ​ហ្នឹង​បញ្ហា​ទាំងអស់​ហ្នឹង​វា​ពាក់ព័ន្ធ​រឿង​អា​មន្ត្រី​បរិស្ថាន​ហ្នឹង​ខ្លាំង​មែន​ទែន ហើយ​អ៊ីចឹង​បាន​ខាង​អនុ​ប្រធាន​គេ​មក​ចូល​រួម​ទៅ ដូច​ថា គេ​ផ្ដល់​យោបល់​ឲ្យ​ពួក​គាត់ អ៊ីចឹង​មាន​ន័យ​ថា ឥឡូវ​ហ្នឹង​គេ​ដាក់​វិធាន​ការ​ខ្លាំង​ទៅ​លើ​មន្ត្រី​របស់​គេ​ហ្នឹង។ ឥឡូវ​ឮ​ថា មាន​មន្ត្រី​ខ្លះ​ហ្នឹង​កំពុង​ដាក់​ពាក្យ​ឈប់​ហើយ»
កន្លង​មក មាន​ប្រជា​សហគមន៍​ជា​ច្រើន​បាន​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ដីធ្លី ជា​ពិសេស​ព្រៃ​ឈើ នៅ​ស្រុក​ទឹកផុស និង​ស្រុក​សាមគ្គីមានជ័យ ក៏ប៉ុន្តែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ តែង​តែ​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​របស់​ប្រជា​សហគមន៍​នេះ៕



No comments:

Post a Comment