Paris Peace Accords 23 Oct. 1991

Friday, February 7, 2014

ព្រះសង្ឃ និង​មន្ត្រី​ សង្គម​ស៊ីវិល ជាង​១០០​ស្ថាប័ន បួងសួង​ព្រះអង្គ​ដង្កើ​ បន្ទន់ចិត្ត ​តុលាការ ​ឲ្យ​ដោះលែង អ្នក​ជាប់​ឃុំ ​២៣​នាក់​​


ពិធីបួងសួង ដែលចូលរួមដោយព្រះសង្ឃ និងមន្រ្តីសង្គមស៊ីវិល កាលពីព្រឹកមិញ នៅមុខព្រះអង្គដង្កើ (រូបថត៖ សុភាព)

ក្រុមមន្ត្រីសង្គមស៊ីវិល ចូលរួមក្នុងពិធីបួងសាងកាលពីព្រឹកមិញ (រូបថត៖​ សុភាព)


ព្រះសង្ឃ និង​មន្ត្រី​ សង្គម​ស៊ីវិល ជាង​១០០​ស្ថាប័ន បួងសួង​ព្រះអង្គ​ដង្កើ​ បន្ទន់ចិត្ត ​តុលាការ ​ឲ្យ​ដោះលែង អ្នក​ជាប់​ឃុំ ​២៣​នាក់​​


ដោយ៖​ ណាត សុភាព​​ / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014

ព្រះសង្ឃ​២៣​អង្គ និង​មន្ត្រី​សង្គម​ស៊ីវិល​ជាង​១០០​ស្ថាប័ន ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ព្រះអង្គ​ដង្កើ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ  ដើម្បី​បួងសួង​ដល់​វត្ថុស័​កិ្ត​សិទ្ធ​ក្នុង​លោក ឲ្យ​បន្ទន់ចិត្ត​មន្ត្រី​សាលា ឧទ្ធរណ៍ ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​ឲ្យមាន​សេរីភាព​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​។​
​ក្នុង​ពិធី​បួងសួង​មាន ប្រលែង​ចាប បង្ហោះ​ប៉ោង​ប៉ោង ដោយ​បិទ​រូបថត​លោក វ​ន់ ពៅ លោក ថេង សាវឿន និង​សកម្មជន​ដីធ្លី​បឹងកក់ លោក ចាន់ ពុទ្ធិ​ស័ក្តិ​។ ក្នុងនោះ​ក៏​មាន​ភ្ជាប់​សារ​មួយ​ចំនួន ទៀត​ដូចជា «សូម អស់​ទេវតា វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ទាំង​២៣​នាក់ និង​សូម​អស់​ទេវតា អា​រុក្ខ​អារក្ស​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក បំភ្លឺ​ផ្លូវ​ដល់​ប្រធាន​តុលាការ ឲ្យ​គាត់​ភ្លឺស្វាង ដឹង​ខុស និង​ត្រូវ និង​ផ្តល់​ភាពយុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​»។​
​នាយិកា​អង្គការ​សីល​ការ​លោកស្រី ​ធីតា ​ឃឹះ មានប្រសាសន៍​ថា ​សង្គម​ស៊ីវិល​ជាង​១០០​ស្ថាប័ន ជួបជុំគ្នា​នៅ​មុខ​ព្រះអង្គ​ដង្កើ​ គឺ​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិបន្ទន់ចិត្ត​ប្រធាន​សាលាឧទ្ធរណ៍ ដោះលែង​មនុស្ស​២៣​នាក់ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ត្រពាំង​ផ្លុង ឲ្យមាន​សេរីភាព និង​មាន​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​ពួកគេ «​​ជំនឿ​ថា វត្ថុ​ស័ក្តិសិទ្ធិ​នៅក្នុង​ប្រទេស​កម្ពុជា​យើង និង​នៅលើ​ពិភពលោក​នេះ នឹង​ធ្វើ​យ៉ាងណា​សូម​ឲ្យ​អ្នក​ដឹកនាំ​របស់​យើង ក៏​ដូចជា​ប្រធាន​តុលាការ អនុវត្ត​ទៅ​ច្បាប់ និង​ផ្តល់​យុត្តិធម៌ ដល់​អ្នក​២៣​នាក់​»​។​
អនុប្រធាន​អង្កេត​សិទ្ធិមនុស្ស​ និង​ជំនួយ​ផ្នែក​ច្បាប់​នៅ​អង្គការ​អាដហុក​លោក ​ណៃ ​វ៉ាន់ដា មានប្រសាសន៍ថា តុលាការ​គួរ​ដោះលែង​អ្នក​ទាំង​២៣​នាក់ ​ឲ្យមាន​សេរីភាព ដោយ​ធ្វើ​ការស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់ ព្រោះ​អ្នក​ទាំងនោះ​មិន​មាន​ទោស​កំហុស​អ្វី​នោះទេ​ «​យើង​បាន​ទទួល​ព័ត៌មាន​ថា នៅ​ថ្ងៃ​១១​នេះ នឹង​ធ្វើការ​សវនាការ អ៊ីចឹង​យើង​សំនូមពរ​ឲ្យ​មន្ត្រី​តុលាការ គាត់​ពិចារណា​ក្នុង​ការដោះលែង នៅ​ថ្ងៃ​១១​នោះ​តែម្តង ព្រោះ​គាត់​មិន​មាន​ទោស​កំហុស​អ្វី​ទេ​»​។​

អ្នកស្រី ប្រាក់ សុ​វណ្ណា​រី  ភរិយា លោក វ​ន់ ពៅ ឲ្យដឹងថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អ្នកស្រី​បាន​ទៅសួរសុខទុក្ខ​លោក វ​ន់ ពៅ នៅ​ពន្ធនាគារ ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​។ អ្នកស្រី​ថា ស្វាមី​គាត់មាន​ជំងឺ​ធ្ងន់ធ្ងរ ស្លេកស្លាំង ស្គម និង​របួស​គ្រាំ​ក្នុង​ទៀតផង​។​
​អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ឲ្យដឹងទៀតថា លោក វ​ន់ ពៅ បាន​ផ្តាំផ្ញើ​តាម​អ្នកស្រី ឲ្យ​អំពាវនាវទៅ​អង្គការ​ជាតិ និង​អន្តរជាតិ ជួយ​ធានា​លោក បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ​ឲ្យបាន​ទាន់​ពេលវេលា បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ត្រូវ​បាត់បង​ជីវិត​ក្នុង មណ្ឌល​អប់រំ ម​៣ នោះ​ «​គាត់​បាន​និយាយថា គាត់​មិន​ចង់​ស្លាប់​នៅក្នុង​ពន្ធនាគារ​ទេ គាត់​ចង់​រស់នៅ​ជិត​គ្រួសារ ចង់​ជួយ​មាតុភូមិ​របស់​គាត់ បន្តទៅទៀត​។ គាត់​មិន​ចង់ឲ្យ​ខ្លួន​ប្រាណ​គាត់ នៅពេល​ដែល​គាត់​ស្លាប់ ស្លាប់​នៅក្នុង​ពន្ធនាគារ ស្លាប់​មិន​មាន​អ្នក​មើល​ឃើញ​គាត់​ទេ​។ គាត់​ចង់​ព្យាបាល​ខ្លួន​គាត់​ឲ្យបាន​ជា​ហើយ គាត់​ចង់​ជួយ​ប្រទេស​គាត់​តទៅទៀត​»​។​
​ទាក់ទង​និង​ករណី​នេះ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​ប្រធាន​សាលាឧទ្ធរណ៍​លោក យូ ប៊ុនឡេង បានទេ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​ប្រធាន​សមាគម IDEA លោក​ វន់ ​ពៅ និង​មនុស្ស​២២​នាក់​ទៀត ដែល​សមត្ថកិច្ច​ចាប់​ឃុំ ក្នុង​យុទ្ធនាការ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២ និង ទី​៣​ខែ​មករា ខណៈ កម្មករ​ធ្វើ​បាតុកម្មអហិង្សា ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​
​ការប៉ះទង្គិច​ដូចគ្នា នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា បាន​បណ្តាលឲ្យ​កម្មករ​៥​នាក់​ស្លាប់ ជិត​៤០​នាក់​រងរបួស និង​២៣​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​ទៅ​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ ម​៣​ ក្នុង​ខេត្ត​កំពង់ចាម​។ ក្រោយ​ពី​សាលាដំបូង បាន​បដិសេធ​សំណើ​សុំ​កូនក្តី​ឲ្យនៅ​ក្រៅ​ឃុំ ក្រុម​មេធាវី​ការពារ​ក្តី ជន​ទាំង​២៣​នេះ ធ្លាប់​ឲ្យដឹង​ថា​សាលាឧទ្ធរណ៍ អាច​នឹង​បើក​សវនាកា​រលើ​សំណុំរឿង​សុំ​ក្រៅ​ឃុំ​ នៅ​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ ខាងមុខនេះ​៕



No comments:

Post a Comment