Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

មេ​ដឹក​នាំ​ បក្ស​ប្រឆាំង​ អំពាវនាវ​ ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ ទាំងអស់​ រួប​រួម​គ្នា​ ឡើង​វិញ

សម រង្ស៊ី កឹម សុខា ៦១០
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (អង្គុយ) និង​លោក កឹម សុខា (កាន់​មេក្រូ) ថ្លែង​ក្នុង​ពិធី​ជួប​អ្នក​គាំទ្រ​នា​ទីស្នាក់ការ​គណបក្ស​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

មេ​ដឹក​នាំ​ បក្ស​ប្រឆាំង​ អំពាវនាវ​ ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ ទាំងអស់​ រួប​រួម​គ្នា​ ឡើង​វិញ

ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ១៣ កុម្ភៈ ២០១៤
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ទាំងអស់ ត្រូវ​បង្រួប​បង្រួម​គ្នា​ឡើង​វិញ ដើម្បី​រួម​គ្នា​កសាង​អភិវឌ្ឍ​ប្រទេស ពីព្រោះ​ខ្មែរ​បែក​បាក់​គ្នា​នេះ ធ្វើ​ឲ្យ​ប្រទេស​ប្រឈម​នឹង​មហន្តរាយ។ ការ​ផ្ញើ​សារ​នយោបាយ​ចង់​ឲ្យ​មាន​ការ​បង្រួប​បង្រួម​គ្នា​នេះ នៅ​ខណៈ​ដែល​ស្ថានភាព​ជាប់​គាំង​នយោបាយ កំពុង​អូស​បន្លាយ​មាន​រយៈពេល​ជិត ៧​ខែ​មក​ហើយ ហើយ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ថា បញ្ហា​ជាប់​គាំង​នយោបាយ​នឹង​ត្រូវ​ដោះស្រាយ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា មាន​ឯកភាព​ជាតិ​តែ​មួយ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ជាង ១​ពាន់​នាក់ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ការ​បង្រួប​បង្រួម​គ្នា​នៅ​ពេល​នេះ គឺ​មិន​ទាន់​ហួស​ពេល​ទេ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី។ លោក សម រង្ស៊ី បាន​រំឭក​ពី​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​ចង់​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​មាន​ការ​ផ្សះផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ​ខ្មែរ​តែ​មួយ។
«សំឡេង»
លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ជា​ថ្មី​ថា លោក និង​លោក សម រង្ស៊ី មិន​បែក​បាក់​គ្នា​នោះ​ឡើយ។ ពួក​លោក​ទាំង​ពីរ​សុខ​ចិត្ត​បូជា​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គម​សព្វថ្ងៃ។
«សំឡេង»
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ដឹក​នាំ​ការ​ចរចា​តំណាង​ឲ្យ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា មាន​ប្រសាសន៍​ថា បើ​សិន​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឆន្ទៈ​ពិត​ប្រាកដ​នោះ គឺ​ការ​ចរចា​នឹង​កើត​ឡើង​ម្ដង​ទៀត ដើម្បី​ឈាន​ទៅ​ដល់​ការ​រួប​រួម​គ្នា។
«សំឡេង»
គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ដោយ​ស្វាគមន៍ និង​ស្នើសុំ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​តំណាង​របស់​ខ្លួន​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រៀប​ចំ​យន្តការ​បន្ត សម្រាប់​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ខាង​មុខ តាម​ស្មារតី​កិច្ច​ប្រជុំ​កំពូល​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។
សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ដែល​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ កែ​ទម្រង់​លើ​ការ​បោះ​ឆ្នោត មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំងអស់។
គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ចរចា​អស់​រយៈពេល​ជាច្រើន​ដង​មក ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ជាច្រើន​លើក ដើម្បី​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ រហូត​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ប្រដាប់​ដោយ​អាវុធ​បាន​បោស​សម្អាត​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​៤ មករា។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មក​ទល់​ពេល​នេះ មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​បាន​លើក​ពី​ការ​បើក​ទ្វារ​ចំហ​រៀងៗ​ខ្លួន ក្នុង​ការ​ជួប​ជុំ​គ្នា​ចរចា​រក​ដំណោះស្រាយ​នយោបាយ តែ​ជាក់ស្ដែង ការ​ងាក​មក​រក​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​នៅ​ឃ្លាត​ពី​គ្នា​ឡើយ។
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មូលហេតុ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូល​ជួប​ចរចា​គ្នា​នោះ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស បាន​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​បាតុកម្ម​ជាដើម។ ក៏ប៉ុន្តែ បញ្ហា​មិន​ចុះ​សម្រុង​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នេះ អាច​ផ្លាស់​ប្ដូរ​នៅ​នាទី​ចុង​ក្រោយ​ក៏​ថា​បាន ពីព្រោះ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​អំពី​ការ​ចង់​បង្រួប​បង្រួម​ជាតិ​នេះ៕



No comments:

Post a Comment