សមាគម អាដហុក ជំរុញស្ថាប័ន អនុវត្តច្បាប់ ចាត់វិធានការ លើជនប្រព្រឹត្ត ដែលប៉ុនប៉ង ធ្វើឃាត បុគ្គលិកខ្លួន
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014
សមាគមការពារសិទ្ធិមនុស្សអាដហុក ជំរុញស្ថាប័នអនុវត្តច្បាប់ ចាត់វិធានការទៅលើជនប្រព្រឹត្ត ដែលបានប៉ុនប៉ងធ្វើឃាតទៅលើបុគ្គលិករបស់ខ្លួនចំនួនបីរូប ប្រចាំនៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែមករា កន្លងទៅ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចេញផ្សាយនៅថ្ងៃទី០៧ខែកុម្ភៈនេះ ឲ្យដឹងថា កាលពីថ្ងៃទី០៨ខែមករា ឆ្នាំ២០១៤ អ្នកសម្របសម្រួលរបស់សមាគមអាដហុកប្រចាំនៅខេត្តមណ្ឌលគិរី លោក សុក រដ្ឋា និងសហការីរបស់លោក ២រូបទៀត ត្រូវបានអ្នកការពារក្រុមហ៊ុន Vila Development ឈ្មោះ ប៉ែន សុខម ប្រើប្រាស់រថយន្តម៉ាក Tocama ពាក់ស្លាកលេខកំពង់ចាម 2A-5873 ប៉ុនប៉ងធ្វើឃាត។ សេចក្តីប្រកាសព័ត៌មានបន្តថា បន្ទាប់ លោក សុក រដ្ឋា និងសហការី បានដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្តមណ្ឌលគិរីនោះ ក៏មានសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងរឿងក្តីនេះ និងតំណាងក្រុមហ៊ុន បានព្យាយាមសម្របសម្រួលផ្តល់សំណង ដើម្បីបញ្ចប់សំណុំរឿងនេះ ប៉ុន្តែត្រូវលោកសុក រដ្ឋា និងសហការី បដិសេធ។
សេចក្តីប្រកាសព័ត៌មាន បន្តថា នៅថ្ងៃទី០៧ខែកុម្ភៈនេះ លោកសុក រដ្ឋា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី បានចូលបំភ្លឺ អំពី ករណីប៉ុនប៉ងធ្វើឃាតនេះ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ហើយបានជំរុញឲ្យស្នងការនគរបាលខេត្ត បញ្ជូនសំណុំរឿងនេះ ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់វិធានការផ្លូវច្បាប់។
វីអូឌី មិនអាចទាកទងសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងសុំការបំភ្លឺពី លោក ប៉ែន សុខម អ្នកការពារក្រុមហ៊ុន Vila Development ដែលរងការចោទបាននៅឡើយទេ៕
No comments:
Post a Comment