"របបខ្មែរក្រហម អាចជា មូលហេតុ បង្កឲ្យមាន ជំងឺទឹកនោមផ្អែម កើនឡើង នៅកម្ពុជា"
ការស្រាវជ្រាវថ្មីមួយ បានអោយដឹងថា របបខ្មែរក្រហម អាចជាមូលហេតុចម្បងមួយ ដែលបង្កអោយមាន ជំងឺទឹកនោមផ្អែម កើនឡើង នៅប្រទេសកម្ពុជា។
ដោយ ជុន ច័ន្ទបុត្រ / អាស៊ីសេរី | ០១ កុម្ភៈ ២០១៤
ការសន្និដ្ឋានថ្មីនេះ ត្រូវបានផ្សាយដោយវិទ្យុអន្តរជាតិ ភី.អា.អាយ (PRI) របស់សហរដ្ឋអាមេរិកនៅចុងសប្ដាហ៍នេះ។ ការស្រាវជ្រាវបានរកឃើញថា ជំងឺទឹកនោមផ្អែមបានកើនឡើងនៅប្រទេសកម្ពុជា តែអ្វីដែលគេកត់សម្គាល់ថាជារឿងប្លែកនោះ គឺជំងឺនេះមានកើតទៅលើមនុស្សអាយុខ្ទង់ ៣០ឆ្នាំ ដែលជាវ័យក្មេងបន្តិចចំពោះជំងឺនេះ។
លោក លីម កឺគី (Lim Keuky) ដែលជាប្រធានសមាគមជំងឺទឹកនោមផ្អែមនៅកម្ពុជា បានធ្វើការសន្និដ្ឋានថា ការដែលនៅកម្ពុជា មនុស្សវ័យខ្ទង់ ៣០ឆ្នាំ ចាប់ផ្ដើមកើតជំងឺទឹកនោមផ្អែមទាំងវ័យនៅក្មេងដូច្នេះ ក៏ព្រោះតែពួកគាត់បានចាប់កំណើតក្នុងរយៈពេលដែលម្ដាយកំពុងខ្វះស្បៀងអាហារពេលដែលគាត់កំពុងពរពោះ។ ដោយម្ដាយមិនមានអាហារចិញ្ចឹមរាងកាយបានត្រឹមត្រូវ ទារកដែលនៅក្នុងផ្ទៃក៏មិនបានលូតលាស់ត្រឹមត្រូវ ជាពិសេសលំពែងរបស់ទារកនៅក្នុងផ្ទៃ ដែលមានមុខងារផលិតជាតិអាំងស៊ុយលីន សំរាប់ការពារជំងឺទឹកនោមផ្អែមមិនអាចលូតលាស់បានត្រឹមត្រូវ និងមិនអាចបំពេញមុខងាររបស់ខ្លួនបានគត់មត់ ហើយបង្កអោយមានជំងឺទឹកនោមផ្អែមតែម្តង៕
No comments:
Post a Comment