១០-មេសា-២០១២៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី
កម្ពុជា មិនទាន់ពិភាក្សា អំពី សំណើ សុំទទួលយក ជនភៀសខ្លួន ពី អូស្ត្រាលី
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ២៥ កុម្ភៈ ២០១៤
រដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលី នៅមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីបញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹងសំណើរបស់អូស្ត្រាលី ស្នើឲ្យកម្ពុជា ជួយទទួលយកជនភៀសខ្លួនមួយចំនួន ដែលមានបំណងសុំសិទ្ធិជ្រកកោននៅអូស្ត្រាលីនៅឡើយទេ។ មន្ត្រីអង្គការសិទ្ធិមនុស្សរិះគន់រដ្ឋាភិបាលអូស្ត្រាលីថា មិនបានបំពេញកាតព្វកិច្ចអន្តរជាតិជួយជនភៀសខ្លួន ហើយថាកម្ពុជា មិនទាន់មានលទ្ធភាពទទួលយកជនភៀសខ្លួននៅឡើយទេ ដោយសារបញ្ហាសុវត្ថិភាពនិងសេដ្ឋកិច្ច។
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍នៅរសៀលថ្ងៃទី២៥ កុម្ភៈ ថា រដ្ឋាភិបាលមិនទាន់បានពិភាក្សាគ្នាអំពីបញ្ហាដែលប្រទេសអូស្ត្រាលី ស្នើសុំឱ្យប្រទេសកម្ពុជា ទទួលយកជនភៀសខ្លួនទេ។ លោកថា នៅមិនទាន់មានការវិវត្តន៍អ្វីនៅឡើយទេ ពីព្រោះនេះជាបញ្ហាទីមួយហើយនៅថ្មីពេក។ រដ្ឋាភិបាលកំពុងពិចារណានៅឡើយ។
លោក ផៃ ស៊ីផាន៖ «ឥឡូវនេះមិនមែនយើងទទួលយក ឬមិនទទួលយកទេ។ យើងកំពុងសិក្សាអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយរបស់យើងប៉ុណ្ណឹង។ យើងមិនចង់ឱ្យប្រទេសរបស់យើងក្លាយជាទិសដៅនៃជនភៀសខ្លួននយោបាយ ដែលធ្វើឱ្យល្អក់កករជាមួយនឹងការងារកិច្ចការទំនាក់ទំនងល្អ សហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង»។
ទាក់ទងនឹងបញ្ហានេះ ពលរដ្ឋនៅខេត្តកណ្ដាលមួយរូប គឺកញ្ញា ស្រី ម៉ៅ មើលឃើញថា ប្រទេសកម្ពុជា នៅមិនទាន់បានរៀបចំខ្លួនរួចស្រេចសម្រាប់ទទួលជនភៀសខ្លួនទេ ដូចនៅប្រទេសផ្សេងទៀតទេ ព្រោះសន្តិសុខសុវត្ថិភាពសង្គម ការរៀបចំដីធ្លីសម្រាប់រស់នៅសមរម្យ ការគាំពារសុខភាពរបស់ពលរដ្ឋកម្ពុជា ខ្លួនឯង នៅមិនទាន់ធានា ហើយមានសេដ្ឋកិច្ចនៅមានអតុល្យភាពនៅឡើយ។
រីឯពលរដ្ឋម្នាក់ទៀតនៅភ្នំពេញ គឺលោក អ៊ា អយ មានប្រសាសន៍ថា ប្រទេសកម្ពុជា នៅក្រីក្រនៅឡើយ ហើយប្រសិនបើទទួលយកក៏រដ្ឋាភិបាលមិនត្រូវទទួលយកគ្រប់ករណីដោយទូលាយដែរ គឺយកតែករណីដែលមកពីប្រទេសមានការបំបាត់សិទ្ធិសេរីភាព។
ប្រទេសកម្ពុជា ធ្លាប់រងការរិះគន់ពីសហគមន៍ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ នៅពេលដែលបញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា ទៅប្រទេសវៀតណាម និងការបញ្ជូនជនភៀសខ្លួនជាតិអ៊ុយហ្គរ៍ ទៅប្រទេសចិនវិញ ហើយបាត់ដំណឹងរហូតមក។
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ករណីនោះ គឺរដ្ឋាភិបាលធ្វើទៅតាមច្បាប់របស់ខ្លួន។
ទាក់ទងនឹងសំណើសុំរបស់ប្រទេសអូស្ត្រាលី ឱ្យកម្ពុជាទទួលយកជនភៀសខ្លួននេះ មន្ត្រីនាំពាក្យស្ថានទូតអូស្ត្រាលី ប្រចាំរាជធានីភ្នំពេញ គឺលោក សៃម៉ុន ហ្វេលឡូស (Simon Fellows) មិនបានផ្ដល់អត្ថាធិប្បាយអ្វីពិស្ដារទេ ហើយតាមរយៈអ៊ីម៉េល នៅថ្ងៃទី២៥ កុម្ភៈ លោកឱ្យយោងទៅសេចក្ដីប្រកាសព័ត៌មានរបស់លោកកាលថ្ងៃទី២២ កុម្ភៈ ដែលក្នុងនោះ មិនបានបញ្ជាក់ច្បាស់ទេពីបញ្ហាជនភៀសខ្លួនទេ។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើជនសុំសិទ្ធិជ្រកកោន និងជនភៀសខ្លួន ដែលប្រទេសអូស្ត្រាលី សុំឱ្យកម្ពុជាទទួលយកទាំងនោះ មកពីប្រទេសណាខ្លះ? មានចំនួនប៉ុន្មាននាក់? ហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលី ស្នើសុំបែបនេះទេ? ហើយកម្ពុជានឹងទទួលបានប្រយោជន៍អ្វីខ្លះទេ?
No comments:
Post a Comment