សមាជិកគណៈមេធាវីបារាំង និងសមាជិកគណៈមេធាវីកម្ពុជា សរុបជាង១០០នាក់ នៅក្នុងជំនួបប្រជុំអន្ដរជាតិអាស៊ីលើកទី២ ឆ្នាំ២០១៤
RFI/Im Rachna
គណៈ មេធាវី បារាំង រៀបចំ ជំនួបប្រជុំ អន្ដរជាតិអាស៊ី ៣ថ្ងៃ នៅទីក្រុងភ្នំពេញ
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ កុម្ភៈ មេធាវីជនជាតិបារាំង ជាង១០០នាក់ និងសមាជិក គណៈមេធាវី កម្ពុជា ជាង២០នាក់ ត្រូវជួបជុំគ្នា នៅក្នុងជំនួបប្រជុំអន្ដរជាតិ អាស៊ី លើកទី២ នៅទីក្រុងភ្នំពេញ។ ជាកិច្ចប្រជុំ ដែលអនុញ្ញាត ឲ្យមេធាវី បារាំង និងខ្មែរ ពិភាក្សា ស្វែងយល់ និងផ្លាស់ប្ដូរយោបល់គ្នា អំពីតម្រូវការ និងការប្រឈមនានា ជុំវិញវិស័យគតិយុត្តិ នៃធុរកិច្ច នៅកម្ពុជា និងអាស៊ាន។
គណៈមេធាវីបារាំង រៀបចំជំនួបប្រជុំអន្ដរជាតិអាស៊ី លើកទីពីរ នៅទីក្រុងភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពីមេធាវីបារាំងជាង១០០នាក់ និងមេធាវីខ្មែរប្រមាណ២០នាក់។ នៅក្នុងកិច្ចប្រជុំ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨កុម្ភៈ មេធាវីទាំងជាង១០០នាក់នេះ នឹងពិភាក្សា ស្វែងយល់ និងផ្លាស់ប្ដូរយោបល់គ្នា អំពីបរិយាកាសគតិយុត្តិនៃធុរកិច្ចនៅកម្ពុជា និងអាស៊ាន ការប្រកបអាជីពមេធាវីនៅបរទេស ក៏ដូចជាតម្រូវការរបស់សហគ្រាស និងវិនិយោគិនបរទេស ក្នុងផ្នែកការផ្ដល់ប្រឹក្សាច្បាប់។
លោក Pierre-Olivier Sur ដែលធ្លាប់ធ្វើជាសហមេធាវីការពារក្ដីក្នុងសំណុំរឿង០០១ នៃសាលាក្ដីខ្មែរក្រហមកម្ពុជា បានឲ្យដឹងផងដែរថា កម្ពុជា ជាប្រទេសដែលអនុវត្តប្រព័ន្ធច្បាប់ Civil Law និងជាប្រទេសដែលស្ថិតនៅត្រង់ចំណុចកណ្ដាលនៃទ្វីបអាស៊ី។ កត្តាទាំងនេះ អនុគ្រោះច្រើនណាស់ ដល់ការជួបជុំ របស់មេធាវីបារាំង ដែលកំពុងតែធ្វើការនៅតាមបណ្ដាប្រទេសជាច្រើនផ្សេងៗគ្នា នៅអាស៊ី។
នៅក្នុងជំនួបប្រជុំក្នុងទីក្រុងភ្នំពេញនៅឆ្នាំនេះ ប្រធានគណៈមេធាវីបារាំង លោក Pierre-Oliver Sur សម្ដែងសុទិដ្ឋិនិយមថា សមាជិករបស់ខ្លួន ដែលជាមេធាវីបារាំង ប្រាកដជាទទួលបានបទពិសោធល្អៗជាច្រើន ពាក់ព័ន្ធនឹងបរិយាកាសគតិយុត្តិនៅកម្ពុជា និងអាស៊ាន ដើម្បីជាទុនក្នុងការបង្កើតបណ្ដាញការងារនៅទីនេះ។
សូមជម្រាបជូនថា គណៈមេធាវីបារាំង ធ្លាប់រៀបចំកម្មវិធីជំនួបប្រជុំអន្ដរជាតិអាស៊ីនេះ នៅប្រទេសវៀតណាមម្ដងហើយ កាលពីឆ្នាំ២០១៣កន្លងទៅ៕
No comments:
Post a Comment