Paris Peace Accords 23 Oct. 1991

Thursday, February 20, 2014

HRW អំពាវនាវ​ ឲ្យ​មន្ត្រី​ អូស្ត្រាលី​​ យក​បញ្ហា​សិទ្ធិ​មនុស្ស​ មក​ជជែក​ ជាមួយ​ កម្ពុជា

HRW អំពាវនាវ​ ឲ្យ​មន្ត្រី​ អូស្ត្រាលី​​ យក​បញ្ហា​សិទ្ធិ​មនុស្ស​ មក​ជជែក​ ជាមួយ​ កម្ពុជា


ដោយ កែវ និមល / អាស៊ីសេរី | ២០ កុម្ភៈ ២០១៤
អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ អំពាវនាវ​ឲ្យ​លោកស្រី ជូលី ប៊ីស្សប (Julie Bishop) រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ក្នុង​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​ជជែក​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ផង។
លោកស្រី ជូលី ប៊ីស្សប មាន​គម្រោង​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ កុម្ភៈ។ ក្នុង​លិខិត​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចេញ​ផ្សាយ​ថ្ងៃ​ទី​១៧ កុម្ភៈ បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​នេះ លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី មាន​គម្រោង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ជួប​ពិភាក្សា​ការងារ​ដោយ​ឡែក​ជាមួយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស ព្រមទាំង​ជួប​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។
លិខិត​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សរសេរ​ថា វិបត្តិ​កើត​មាន​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ផ្ដល់​ឱកាស​ឲ្យ​ប្រទេស​អូស្ត្រាលី ប្រើ​ពេល​វេលា​ទស្សនកិច្ច​នេះ​ដើម្បី​ដើរ​តួនាទី​សំខាន់​មួយ​អូសទាញ​ប្រទេស​កម្ពុជា ឲ្យ​វិល​មក​កាន់​គន្លង​ការ​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​មនុស្ស។ លិខិត​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បើ​សិន​ជា​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បាន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​មក​ជជែក គឺ​អូស្ត្រាលី​មិន​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​បញ្ហា​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា កាន់​តែ​ស្មុគស្មាញ​ឡើង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​លើក​ទឹក​ចិត្ត​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ទៅ​វិញ​ទេ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ចង់​បាន និង​ច្បាប់​អន្តរជាតិ​ត្រូវ​ការ។
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​បាន​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​លិខិត​របស់​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទាក់ទង​ការ​អញ្ជើញ​មក​ទស្សនកិច្ច​កម្ពុជា របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នេះ​នៅ​ឡើយ​ទេ។
សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​អំពី​បញ្ហា​នេះ...



No comments:

Post a Comment