ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិ ជួបចរចាគ្នាបន្តនៅវិមានព្រឹទ្ធសភា នៅថ្ងៃទី៣ មីនា ឆ្នាំ២០១៤។
បទវិភាគ៖ តើ បក្ស ជាប់ឆ្នោតទាំងពីរ មានឆន្ទៈ ដោះស្រាយ បញ្ហានយោបាយ ដែរឬទេ?
ដោយ ទីន ហ្សាការីយ៉ា / អាស៊ីសេរី | ១៤ មីនា ២០១៤
ការចរចាគ្នារវាងគណៈកម្មការចម្រុះនៃគណបក្សជាប់ឆ្នោតទាំងពីរ អាចនឹងមិនធ្វើឲ្យបញ្ចប់ការជាប់គាំងនយោបាយបាននៅពេលឆាប់ៗខាងមុខនេះទេ ពីព្រោះថា គណបក្សទាំងពីរហាក់ពុំទាន់បញ្ចេញឆន្ទៈច្បាស់លាស់ក្នុងការបញ្ចប់ជម្លោះនោះទេ។
ការជួបគ្នារវាងគណបក្សទាំងពីរ បានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការជួបចរចាបន្ត និងបង្ហាញពីភាពមិនច្បាស់លាស់អំពីរបៀបវារៈនៃការចរចា។ ការចរចានេះ តាមមើលទៅជាការពន្យារពេលរបស់គណបក្សប្រជាជនកម្ពុជា និងជាយុទ្ធសាស្ត្រផ្ដួលរំលំគ្នាទៅវិញទៅមកទេ។
តើមានហេតុផលអ្វីខ្លះដែលថាគណបក្សទាំងពីរមិនមានបំណងចង់បញ្ចប់ជម្លោះនយោបាយពិតប្រាកដ និងចង់ផ្ដួលរំលំគ្នាទៅវិញទៅមកនោះ?
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទំនងមិនអាចរកចំណុចប្រសព្វឃើញនោះឡើយ ទោះបីគណបក្សទាំងពីរបានកំណត់ជួបចរចាគណៈកម្មការចម្រុះបានមួយរយៈ ដែលធ្វើឲ្យសាធារណជនជាតិ និងអន្តរជាតិ មើលឃើញថា កម្ពុជា អាចដោះស្រាយវិបត្តិនយោបាយបាន។ ក៏ប៉ុន្តែ ការជួបគ្នាចរចានេះ ហាក់ប្រៀបដូចជារឿងសិប្បនិមិត្ត ដើម្បីបន្លំភ្នែកមហាជនប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានខ្វែងគំនិតគ្នានៅក្នុងការចរចារវាងគណៈកម្មការចម្រុះ កាលពីថ្ងៃច័ន្ទ ទី១០ មីនា ដោយតំណាងគណបក្សទាំងពីរមិនបានចេញសេចក្ដីថ្លែងការណ៍រួមនោះទេ។
មូលហេតុសំខាន់ដែលគណបក្សទាំងពីរមិនបានចេញសេចក្ដីថ្លែងការណ៍រួមនោះ នៅត្រង់ថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យគណៈកម្មការចម្រុះលើកយកប្រធានបទកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គឺការកែទម្រង់ ឬសុំប្ដូរសមាសភាពថ្នាក់ដឹកនាំកំពូល គ.ជ.ប និងទាមទារឲ្យស្ថាប័ន គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងជ្រើសតាំងសមាសភាព គ.ជ.ប ត្រូវអនុម័តដោយសំឡេង២ភាគ៣ នៃសមាជិកសភាទាំងមូល។ ក៏ប៉ុន្តែ សំណើនេះ តំណាងគណបក្សប្រជាជនកម្ពុជា បដិសេធដោយសារថា ការបោះឆ្នោតយកសំឡេងភាគច្រើនដាច់ខាត ឬ ៥០% បូក១នោះ ច្បាប់នេះជាសំណើរបស់ លោក សម រង្ស៊ី កាលពីមុន។ ដូច្នេះមិនអាចធ្វើវិសោធនកម្មច្បាប់នេះទៅជា ២ភាគ៣ វិញបានទេ។
ការបែរខ្នងដាក់គ្នានេះ វាបង្ហាញឲ្យឃើញកាន់តែច្បាស់ ដោយសារគណបក្សសង្គ្រោះជាតិ ប្រកាសព្រមានឈប់ការចរចា ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនទទួលសំណួររបស់ខ្លួនដាក់ក្នុងរបៀបវារៈប្រជុំទេនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ការចរចានៃគណបក្សទាំងពីរនេះ ហាក់បីដូចជាយុទ្ធសាស្ត្រនយោបាយផ្ដួលគ្នាទៅវិញទៅមក។ គណបក្សប្រជាជនកម្ពុជា បានប្រើយុទ្ធសាស្ត្របន្ទន់ឥរិយាបថ បើកការចរចាជាមួយគណបក្សសង្គ្រោះជាតិ នេះ ជាយុទ្ធសាស្ត្រពន្យារពេល ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ ស្ងប់ចិត្ត និងទប់ស្កាត់អ្នកគាំទ្រខ្លួនកុំឲ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលឯកបក្ស ពិសេសទៅទៀតនោះ គណបក្សប្រជាជនកម្ពុជា គិតថា ការអូសបន្លាយពេលវេលាយូរ គណបក្សសង្គ្រោះជាតិ នឹងអស់ខ្យល់ ដោយសារបេក្ខជនតំណាងរាស្ត្រគណបក្សនេះគ្មានប្រាក់ខែ ដើម្បីផ្គត់ផ្គង់គ្រួសារ និងគ្មានថវិកាធ្វើសកម្មភាពចុះមូលដ្ឋាន ជាដើម។
ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា អាចរំពឹងថា គណបក្សសង្គ្រោះជាតិ នឹងអាចបែកបាក់ផ្ទៃក្នុងគណបក្សនេះអាចរហែកជាពីរវិញ គឺគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ក៏ថាបាន។
នៅត្រង់ចំណុចនេះ គណបក្សសង្គ្រោះជាតិ បានដឹងយ៉ាងច្បាស់អំពីយុទ្ធសាស្ត្របំបែកបំបាក់នេះ ពីព្រោះគណបក្សសង្គ្រោះជាតិ មានបទពិសោធន៍ និងបានឃើញលទ្ធផលរបស់គណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីមានការបែកបាក់គ្នារវាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ទីបំផុត គណបក្សហ៊្វុនស៊ិនប៉ិច រលាយគ្មានសំឡេងនៅក្នុងសភា។
ក្រៅពីនេះទៀត នៅពេលសហគមន៍ជាតិ និងអន្តរជាតិ បានថ្កោលទោសរដ្ឋាភិបាលដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋជួបជុំគ្នាសម្ដែងមតិ និងថ្កោលទោសចំពោះការប្រើអាវុធប្រហារប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ ស្ថាបនិកម្នាក់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងអំពាវនាវឲ្យសហគមន៍អន្តរជាតិយកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាត់ទោសទៀតផង។ បញ្ហានេះ គណបក្សប្រជាជនកម្ពុជា ចង់ស្ដារកិត្តិយសឡើងវិញ ដោយយកការចរចាជារបាំង និងដើម្បីបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ចង់ដោះស្រាយវិបត្តិនយោបាយរ៉ាំរ៉ៃនេះ និងចង់ទាក់ទាញយកការគំាទ្រពីសហគមន៍អន្តរជាតិឡើងវិញ។ល។
ដោយឡែកចំពោះគណបក្សសង្គ្រោះជាតិ វិញក៏មើលឃើញគុណវិបត្តិរបស់រដ្ឋាភិបាលឯកបក្សក្នុងការដឹកនាំប្រទេសដែរ។ គណបក្សសង្គ្រោះជាតិ បានដឹងយ៉ាងច្បាស់ថា រដ្ឋាភិបាលដឹកនាំប្រទេសពឹងផ្អែកលើថវិកាជំនួយមួយចំនួន ក្នុងការប្រើប្រាស់សកម្មភាពអភិវឌ្ឍន៍ប្រទេស ហើយកាលណាប្រទេសជាម្ចាស់ជំនួយមិនផ្ដល់ជំនួយឲ្យ ដោយគេមើលឃើញរដ្ឋាភិបាលបច្ចុប្បន្នមិនដោះស្រាយវិបត្តិនយោបាយបានសមស្រប និងរំលោភសិទ្ធិមនុស្សនោះ ប្រទេសម្ចាស់ជំនួយមិនផ្ដល់ជំនួយឲ្យ ដូច្នេះគណបក្សសង្គ្រោះជាតិ ព្យាករពេលខាងមុខថា គណបក្សប្រជាជនកម្ពុជា នឹងអស់ខ្យល់ដូចគ្នា។
នៅត្រង់ចំណុចនេះ តើគណបក្សប្រជាជនកម្ពុជា អាចដឹកនាំប្រទេសដោយឯកបក្សបានដែរទេ ប្រសិនបើការចរចារកដំណោះស្រាយមិនឃើញនោះ?
គណបក្សប្រជាជនកម្ពុជា ប្រហែលជាអាចដឹកនាំបានដែរ ទោះបីអាចទៅរួចទាំងត្រដាបត្រដួស ពីព្រោះថា កម្ពុជា មិនអាចរស់នៅផ្ដាច់ខ្លួនពីប្រទេសដទៃ ពិសេសពីប្រទេសម្ចាស់ជំនួយបានទេ។ ការអភិវឌ្ឍប្រទេសអាចនឹងមានសន្ទុះសេដ្ឋកិច្ចយឺត ឬនៅទ្រឹង ទោះបីជារដ្ឋាភិបាលអាចនឹងផ្ដួលខ្លួនទៅលើប្រទេសចិន ជាងពេលណាៗទាំងអស់ក៏ដោយ។ ហើយប្រជាពលរដ្ឋអាចនឹងទទួលរងគ្រោះចំពោះវិបត្តិនយោបាយ ដែលអាចនឹងបង្កអោយមានអតិផរណា ទំនិញឡើងថ្លៃ វិបត្តិដីធ្លី វិបត្តិអត់ការងារ អ្នកវិនិយោគមិនមកបណ្ដាក់ទុនវិនិយោគបន្ថែម និងបញ្ហាផ្សេងៗទៀត។
ជាងនេះទៅទៀត នៅក្នុងបរិបទនយោបាយបច្ចុប្បន្ន បើសិនជាគណបក្សប្រជាជនកម្ពុជា មានឆន្ទៈក្នុងការចរចា និងកែទម្រង់ការបោះឆ្នោតមែននោះ ប្រហែលជាការចរចានេះគណបក្សទាំងពីរដាក់របៀបវារៈជាកញ្ចប់រួមមួយ ហើយបន្តការចរចាក្នុងរយៈពេលខ្លី កំណត់ថ្ងៃជួបចរចារាល់ថ្ងៃ មិនចាំបាច់អូសបន្លាយពេលយូរដូចដែលគណបក្សទាំងពីរកំពុងធ្វើនោះទេ។
មានទឡ្ហីករណ៍មួយចំនួនដែលថា គណបក្សប្រជាជនកម្ពុជា អាចថាយកការចរចាជាការពន្យារពេល ដើម្បីផ្ដួលគណបក្សសង្គ្រោះជាតិ នោះមានដូចជា គណបក្សប្រជាជនកម្ពុជា គិតថា ការអូសបន្លាយពេលយូរក្នុងការជាប់គាំងនយោបាយនេះ សំឡេងគាំទ្រគណបក្សសង្គ្រោះជាតិ នឹងអាចថយចុះ ពីព្រោះថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច បានបិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើការតវ៉ា ឬបាតុកម្ម ពីព្រោះថា គណបក្សនេះមានមធ្យោបាយគ្រប់គ្រាន់ក្នុងការទប់ស្កាត់ ទាំងមធ្យោបាយស៊ីវិល ទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ ហើយរដ្ឋាភិបាលក៏មិនខ្វល់អំពីការរិះគន់ថា ការធ្វើដូច្នេះ ជារឿងរំលោភសិទ្ធិមនុស្ស និងខុសច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យនោះដែរ។
ម្យ៉ាងទៀត តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរដ្ឋាភិបាលទាំងអស់នៅមានប្រាក់ខែរៀងរាល់ខែ ហើយឱកាសប្រព្រឹត្តអំពើពុករលួយនៅតាមក្រសួងនីមួយៗ នៅតែអាចបន្តបានរបស់មន្ត្រីមួយចំនួន។
ងាកមកគណបក្សសង្គ្រោះជាតិ វិញ ប្រាក់ខែក៏គ្មានបាតុកម្ម ក៏ធ្វើមិនបាន ការធ្វើដូច្នេះ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ អស់ផ្លូវដើរ។ ទីបំផុត បេក្ខជនតំណាងរាស្ត្រគណបក្សនេះអាចរត់ចូលប្រជុំសភា ឬបន្ទន់ឥរិយាបថក្នុងការចរចាក៏ថាបាន។
ផ្ទុយទៅវិញ ផែនការរបស់គណបក្សប្រជាជនកម្ពុជា នេះ ត្រូវបានធ្លុះធ្លាយ គណបក្សសង្គ្រោះជាតិ បានដឹងអំពីផែនការពន្យារពេលនេះ ហើយ លោក សម រង្ស៊ី បានប្រកាសផ្អាកការចរចា ហើយថា បើមិនមានរបៀបវារៈច្បាស់លាស់ទេ គណបក្សសង្រ្គោះជាតិ នឹងមិនអាចចូលចរចានៅថ្ងៃទី១៧ មីនា ខាងមុខ។
ការប្រកាសមិនចូលចរចារបស់គណបក្សសង្គ្រោះជាតិ នេះ ជាការបង្ហាញឲ្យដៃគូបដិបក្ខឃើញថា គណបក្សសង្គ្រោះជាតិ មិនលោតចូលអន្ទាក់របស់គណបក្សប្រជាជនកម្ពុជា នោះទេ ពីព្រោះថា គណបក្សនេះមានបេក្ខជនតំណាងរាស្ត្រចាស់វស្សាច្រើនអាចសល់ធនធានខ្លះក្នុងការរស់បន្តតទៅទៀត ហើយចំពោះគណបក្សវិញ អាចមានថវិកាផ្គត់ផ្គង់ពីសប្បុរសជននៅឯបរទេស ជាដើម។
ទោះជាយ៉ាងណាក៏ដោយចុះ យុទ្ធសាស្ត្រផ្ដួលគ្នាទៅវិញទៅមករបស់គណបក្សជាប់ឆ្នោតទាំងពីរនេះ អាចបង្កវិបត្តិកាន់តែធ្ងន់ធ្ងរដល់សង្គមជាតិទៅវិញទេ ពីព្រោះថា កម្ពុជា មិនមែនជាប្រទេសផលិតពឹងផ្អែកលើការនាំចូលពីបរទេសទំនិញសព្វសារពើ ហើយដំណាំកសិផលរបស់កសិករគ្មានទីផ្សារ ប្រជាកសិករមួយចំនួនខ្ចីបុលពីធនាគារ យុវជនមួយចំនួនធ្វើចំណាកស្រុក រដ្ឋាភិបាលគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស គ្មានអ្នកចូលវិនិយោគបន្ថែម ដោយសារតែការយកគណបក្សជាធំ ដើម្បីទាញយកចំណេញនយោបាយរៀងៗខ្លួន បញ្ហាទាំងនេះមិនយូរមិនឆាប់ រដ្ឋាភិបាលឯកបក្សនេះអាចដឹកនាំប្រទេសថយក្រោយវិញក៏ថាបាន៕
No comments:
Post a Comment