Paris Peace Accords 23 Oct. 1991

Saturday, March 15, 2014

ជើងឯក​ ជជែក ​តទល់ ជំរុញ​ យុវជន​កម្ពុជា ឲ្យ​ក្លា​ហាន ​ក្នុង​ការតស៊ូ​មតិ​​

កញ្ញា អៀង លីន​ដា(ឆ្វេង) ម្ចាស់ជ័យលាភីអ្នកបន្តវេន រដូវកាលទី៣ ថតរូបអនុស្សាវរីយ៍ ក្នុងពិធីប្រគល់ពានរង្វាន់ (រូបថត៖ តាំង វីដា)

ជើងឯក​ ជជែក ​តទល់ ជំរុញ​ យុវជន​កម្ពុជា ឲ្យ​ក្លា​ហាន ​ក្នុង​ការតស៊ូ​មតិ​​


ដោយ៖​ តាំង វីដា​ / វីអូឌី | ថ្ងៃសុក្រ ទី14 ខែមិនា ឆ្នាំ2014

ម្ចាស់​ពានរង្វាន់​កម្មវិធី​អ្នក​បន្តវេន រដូវ​កាល​ទី​៣ ដែល​ជា​ជើង​ឯក នៃ​ការជជែក​ ​តទល់ នៅ​ថ្ងៃ​សុក្រ​នេះ ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ហ៊ាន​ចេញ​មុខ​ក្នុង​ការតស៊ូ​មតិ បង្ហាញ​ការយល់ដឹង​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម ដើម្បី​បង្កើន​ភាពក្លាហាន រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម​កម្ពុជា​។​
​កញ្ញា អៀង លីន​ដា អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ និង​ជា​ម្ចាស់​ជ័យលាភី «​ជើងឯក​ជជែក​តទល់​» ដែល​បាន​ឈ្នះ​ការបោះ​ឆ្នោត​គាំទ្រ​ពី​ទស្សនិកជន និង​ទទួលបាន​ឱកាស​សិក្សា​រយៈ​ពេល​ខ្លី នៅ​សហរដ្ឋអាមេរិក សន្យា​នឹង​ប្រមូលផ្តុំ​ចំណេះដឹង​ដែល​ខ្លួន ទទួលបាន មក​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​វិញ ក្រោយ​​បញ្ចប់​ទស្សនកិច្ច​សិក្សា។
កញ្ញា ជំរុញ​ឲ្យ​យុវជន និង​និស្សិត​ជំនាន់​ក្រោយៗ ហ៊ាន​ចូលរួម​ក្នុង​ការតស៊ូ ដើម្បី​បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន និង​បង្ហាញ​ដល់​អន្តរជាតិ​ភាព​វ័យឆ្លាត​របស់​យុវជន​កម្ពុជា​ ៖«យុវជន ដែលមានចិត្តមោះមុត គាត់ចូលចិត្តអ្វីដែលមានការប្រកួតប្រជែង ឃើញ​អ្វី​ដែល​មាន​ការ​ប្រកួត​ប្រជែងខ្លាំង គឺគាត់ចូលរួម នេះទើបជាគំរូដល់យុវជនដែលត្រឹមត្រូវ។ យុវជនដែលគាត់ដើរលេង ពាលា មិនចូលសាលា គឺ​ជា​យុវ​ជន​មិនល្អ ហើយខ្ញុំសំណូមពរ ដល់យុវជនទាំងអស់គ្នា ក្រលេកមកមើល យុវជន ដែលគំរូៗ ជាពិសេសយុវជនទាំង២៤នាក់ ក្នុង​កម្ម​វិធី​បន្តវេននេះ សូមឲ្យគាត់ចូលរួមអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា។»
​អ្នក​បន្តវេន (Next Generation) គឺ​ជា​កម្មវិធី​ដំបូង​គេ​ដែល​ផ្តល់​ឱកាស​ដល់​យុវជន សិស្ស និង​និស្សិត មាន​សមត្ថភាព រួម​នឹង​បទពិសោធន៍ ចូលរួម​ជជែក​ដេញដោល ស្វែងរក​ដំណោះស្រាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​។
ប្រធានបទ​នៃ​ការតស៊ូ​មតិ ត្រូវបាន​លើកឡើង​ដោយ​វាគ្មិន ជា​អង្គការ​សង្គម​ស៊ីវិល និង​ស្រប​តាម​បរិបទ​នៃ​បច្ចុប្បន្នភាព​សង្គម​កម្ពុ​ជា ដូចជា​ការបោះឆ្នោត អំពើ​ពុករលួយ​ជា​ដើម​។​
​នាយិកា​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jessica Keegan មានប្រសាសន៍ថា កម្មវិធី​នេះ ជា​វេទិកា​មួយ ដែល​ជួយ​ឲ្យ​យុវជន​កម្ពុជា អាច​ជជែក​តទល់​គ្នា ប្រកួតប្រជែង​ដោយ​ផ្អែក​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន វិភាគ​ទៅលើ​លទ្ធផល​នៃ​ការស្រាវជ្រាវ ក្នុង​ទម្រង់​មួយ​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​កំសាន្ត ៖ «ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចមើលឃើញកម្មវិធីនេះ ថា​ជា​កម្មវិធីមួយ ដែលគួរឲ្យចាប់អារម្មណ៍ ជាការលើកទឹកចិត្ត និងជាអ្វីមួយដែលថ្មី ដោយសារប្រទេសកម្ពុជា មិន​សូវ​មាន​កម្ម​វិធី​ដែល​ផ្តល់​ឱកាសតស៊ូមតិបែបនេះឡើយ។ ខ្ញុំគិតថា កម្មវិធីនេះ ខុសប្លែកពីគេ ហើយវាជាទម្រង់មួយសម្រាប់យុវជន ក្នុង​ការ​ជជែក​ត​ទល់​ពី​បញ្ហា​ប្រឈម ដែលសំខាន់ៗនៅកម្ពុជា។»
​ភារៈធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Jeff Daigle ឲ្យដឹងថា យុវជន​ខ្មែរ​ជាច្រើនរូប បាន​ចូលរួម​កម្មវិធី​នេះ ចាប់តាំងពី​រដូវ​កាល​ទី​១ និង​បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​រហ័ស ទាំង​ចំណេះដឹង និង​ទស្សនកិច្ច​ផ្ទាល់​ខ្លួន​លើ​បញ្ហានយោបាយ សេដ្ឋកិច្ច និង​សង្គម​។​
នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​(YCC) លោក សុខ ពិទូរ្យ ចាត់ទុក​កម្មវិធី​នេះ ជា​វេទិកា​ក្លាហាន​មួយ ជួយ​ឲ្យ​យុវជន​កម្ពុជា មានឱកាស​បញ្ចេញមតិ​យោបល់​លើក​ប្រធានបទ​ក្តៅ និង​រសើបៗ​ក្នុងសង្គម ប៉ុន្តែ លោក​យល់ថា បញ្ហា​ប្រឈម​របស់​យុវជន​កម្ពុជា គឺ​កម្រិត​ការយល់ដឹង និង​ការ​មិន​បាន​យល់ច្បាស់​ពី​សិទ្ធិ​របស់​ខ្លួន ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ៖«ជាពិសេស ជាមួយអាជ្ញាធរ ដែល​ជា​វប្ប​ធម៌​មួយថា យើងត្រូវតែគោរពអាជ្ញាធរ ហើយអាជ្ញាធរ ឲ្យធ្វើអ្វី យើងធ្វើហ្នឹង អញ្ចឹងទៅ ការមិនបានផ្តល់សិទ្ធិ ក៏​ដូច​ជា​មិន​បាន​អប់​រំ​សិទ្ធិ​របស់យុវជន ក៏ដូចជាសិទ្ធិផ្សេងៗដែលយុវជន និងប្រជាជនមាន ក្នុងការទាមទារឲ្យអាជ្ញាធរធ្វើកិច្ចការដែលគាត់ត្រូវធ្វើ ជា​ហេតុ​ផល​មួយដែលធ្វើឲ្យយុវជនបាត់ឱកាសក្នុងការទាមទារ។ ដូចគាត់ដឹងពីបញ្ហាហ្នឹង គឺគាត់ចាប់ផ្តើមចេះទាមទារ គាត់​ហ៊ាន​តស៊ូ​មតិ​ជា​មួយ​អាជ្ញាធរ គាត់ហ៊ានដេញដោលជាមួយអាជ្ញាធរ។»
​កម្មវិធី​អ្នក​បន្តវេន ត្រូវបាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ (USAID) តាមរយៈ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ក្រោម​កិច្ចសហការ និងឧ​ប​ត្ថ​ម្ភពី​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ពី​ក្រម​ហ៊ុន​EZECom និង​សភាពាណិជ្ជកម្ម​អាមេរិកកាំង​ប្រចាំ​កម្ពុជា និង​វិទ្យាស្ថាន​បើកទូលាយ​៕




No comments:

Post a Comment