Paris Peace Accords 23 Oct. 1991

Saturday, March 15, 2014

ខុម​ហ្វ្រែល បញ្ជាក់​ជំហរ​ មិន​គាំទ្រ ​ការបោះឆ្នោត​ ជ្រើសរើស​ ​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​​


ខុម​ហ្វ្រែល បញ្ជាក់​ជំហរ​ មិន​គាំទ្រ ​ការបោះឆ្នោត​ ជ្រើសរើស​ ​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​​


ដោយ៖​ ឡាយ សាមាន​​ / វីអូឌី | ថ្ងៃសៅរ៍ ទី15 ខែមិនា ឆ្នាំ2014

​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុម​ហ្វ្រែល​) ប្រកាស​ជំហរ​មិន​ចូលរួម និង​មិន​គាំទ្រ ការ​បោះ​ឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ នៅ​ថ្ង​ទី ១៨ ខែ ឧសភា ដោយ​ចាត់ទុកថា ការបោះឆ្នោត​នេះ​ មិនមាន​តម្លាភាព និង​គ្មាន​ន័យ​។​
​របាយការណ៍​សិក្សា និង​វាយតម្លៃ​លើ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​របស់​(​ខុម​ហ្វ្រែល​)​ ចេញផ្សាយ​នៅ​ថ្ងៃទី ១៤ ខែ​មីនា ឲ្យ​ដឹង​ថា ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២​នេះ មិន​អាច​ឆ្លុះបញ្ចាំង​ភាព​ត្រឹម​ត្រូវ​​ក្នុង​ការចូលរួម​ប្រកួតប្រជែងឡើយ ។ របាយការណ៍​បន្តថា ជាក់ស្តែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ២០១៤ មានតែ​គណបក្ស​នយោបាយ​៥​ប៉ុណ្ណោះ បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត ទោះបីជា​មាន​ ៦ គណបក្សនយោបាយ​ដែល​មាន​អាសនៈ​ក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក៏​ដោយ​។​
គណបក្សទាំង៥នោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណ​បក្ស​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
​របាយការណ៍​ដដែល​បន្តថា លទ្ធផល​បោះឆ្នោត​នេះ​ ក៏​អាច​ប្រែប្រួល​ដោយសារ​ភាពមិនប្រក្រតី ដូច​ជា​ការប៉ុនប៉ង​ទិញ​សន្លឹកឆ្នោត ការផ្តល់​សម្ភារៈ ថវិកា ឬ​គំរាម​ដក​តួនាទី ឬ​ផ្តល់​តួនាទី ការតម្រូវ​ឲ្យ​អង្គបោះឆ្នោត​ធ្វើ​សម្បទាន ឬ ស​ច្ចាប្រណិធាន សន្យា​បោះឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា ស្រុក  និង​ខណ្ឌ​ ជា​ទង្វើ​ខុស​ច្បាប់​បោះឆ្នោត​កម្ពុជា និង​​ខុស​គោលការណ៍​សកល​ នៃការគោរព​ឆន្ទះ​ដោយ​សេរី​របស់​អ្នកបោះឆ្នោត​។​
​ខុម​ហ្វ្រែល ក៏បាន​ផ្តល់​ជា​អនុសាសន៍​ថា គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​លើ​ប្រព័ន្ធ​បោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ដោយ​ដាក់បញ្ចូល​ជាមួយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​ថ្ងៃ​បោះ​ឆ្នោត​តែ​មួយ  ឬ​ប្រព័ន្ធ​បោះឆ្នោត​នេះ​គួរតែ​បើកចំហរ​ បង្កើន​ការចូលរួម និង​មាន​តម្លាភាព​ឲ្យបាន​ច្រើន ដោយ​បង្កើន​អង្គ​បោះឆ្នោត និង​អ្នកបោះឆ្នោត​រួមមាន អង្គ​​វិជ្ជាជីវៈ តំណាង​កម្មករ តំណាង​កសិករ និង​តំណាង​គ្រូពេទ្យ​ជាដើម​៕





No comments:

Post a Comment