លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung (ឆ្វេង) និងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន(ស្តាំ) ពិក្សាគ្នាក្រោយជំនួបរបស់អស់លោក ស្តីអំពីពាណិជ្ជទ្វេភាគីនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤។
អ្នកវិភាគ៖ លោក ហ៊ុន សែន នឹងបន្ត រហូតដល់ ចប់អណត្តិទីប្រាំ ទោះបី មានសម្ពាធ
គង់ សុឋានរិទ្ធ / វីអូអេ | ២២ មីនា ២០១៤
ភ្នំពេញ — ការទាមទារឱ្យលោកហ៊ុន សែន ត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី គឺជាដើមទុននយោបាយមួយរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបង្វិលគណបក្សប្រជាជនកម្ពុជាឲ្យងាកមករកតុចរចាត្បិតគណបក្សសង្គ្រោះជាតិបានបរាជ័យនៅក្នុងការទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត។ ភាពមិនប្រក្រតីនេះ ដែលគណបក្សជំទាស់ចោទប្រកាន់ថាជាការរៀបចំរបស់គណបក្សកាន់អំណាចដើម្បីបន្លំសន្លឹកឆ្នោតដែលខ្លួនគួរតែទទួលបានជ័យជម្នះដឹកនាំរដ្ឋាភិបាល។
ក៏ប៉ុន្តែប្រាំបីខែក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ អ្នកនយោបាយនិងអ្នកវិភាគជឿថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងបន្តក្តោបក្តាប់អំណាចរបស់លោករហូតចប់អណត្តិប្រាំឆ្នាំរបស់ខ្លួន។
«ការរៀបចំចៅហ្វាយខេត្ត ដែលជាអតីតទាហាន។ ការបង្កើតក្រុមការងារអចិន្ត្រៃយ៍ តាមខេត្តដែលភាគច្រើន អំណាច លើទាហាន។ ចៅហ្វាយខេត្តនិមួយៗ ត្រូវស្តាប់បញ្ជា។ ការតែងតាំងឧត្តមសេនីយ៍ច្រើនក៏ជាការព្រួយបារម្ភអំពីការធ្វើរដ្ឋប្រហារដែរ»។
ប្រសិនបើគេពិនិត្យមើលស្ថានភាពនយោបាយក្រោយពីការបោះឆ្នោត គេឃើញថាទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិសុទ្ធតែបានសាកល្បងបង្ហាញសាច់ដុំដាក់គ្នា។
គណបក្សសង្គ្រោះជាតិបានប្រើប្រាស់កម្លាំងប្រជាពលរដ្ឋដើម្បីជាជន្ទល់នៃការតថ្លៃនយោបាយ។រីឯគណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាមធ្យោបាយធ្វើការបង្រ្កាប។
ជាលទ្ធផលមនុស្សជាច្រើនបានរងរបួសនិងយ៉ាងហោចណាស់មនុស្សប្រមាណជាប្រាំពីរនាក់បានស្លាប់ក្នុងការបង្រ្កាប។
ក្រោយពីការអួតដាក់គ្នាមួយប៉្រាវ គណបក្សគូប្រជែងទាំងពីរបានដកថយមកចរចាយ៉ាងទៀងទាត់ជារៀងរាល់ដើមសប្តាហ៍។
ការចរចានេះមិនបានសង្កត់ធ្ងន់ទៅលើការរុញច្រានលោកហ៊ុន សែន ឲ្យចុះចេញពីតំណែងនោះទេ។ប៉ុន្តែគឺជាការរៀបចំគោលការណ៍កែលម្អប្រព័ន្ធបោះឆ្នោតដែលក្នុងនោះមានការរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងការកំណត់ពេលបោះឆ្នោតដែលគេមិនដឹងជាក់លាក់ថានោះជាការបោះឆ្នោតមុនអណត្តិឬយ៉ាងណា។
ដូច្នេះត្រង់ចំណុចនេះវាទំនងជាការផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមករវាងគណបក្សទាំងពីរ។នោះគឺគណបក្សជំទាស់ឈប់ទាមទារបណ្តេញលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីតំណែងហើយគណៈបក្សប្រជាជនកម្ពុជាយល់ព្រមចាប់ផ្តើមចរចាគ្នាឡើងវិញអំពីបញ្ហាបោះឆ្នោតដែលជាដើមហេតុនៃការតវ៉ារបស់គណបក្សជំទាស់ចាប់តាំងពីដើមទី។
មួយវិញទៀតគណបក្សជំទាស់ក៏មើលឃើញឧទាហរណ៍ពីគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក្រោយពីលទ្ធផលនៃការបង្ក្រាបក្រុមអ្នកតវ៉ាក្រោយពីការបោះឆ្នោតពីព្រោះការរុញច្រានលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ពីកៅអីរបស់លោកក្នុងកាលៈទេសៈបែបនេះគ្មានអ្វីក្រៅពីការឆ្លើយតបដោយការក្រាលឈាមនោះទេ។
សរុបមកវិញការដកថយមួយជំហានរបស់គណបក្សសង្គ្រោះជាតិនឹងអនុញ្ញាតឲ្យលោកហ៊ុន សែន បន្តអំណាចរបស់ខ្លួនរហូតដល់ផុតអណត្តិប្រាំឆ្នាំ។ដំណាលគ្នានោះគណបក្សសង្គ្រោះជាតិនឹងចំណេញមកវិញនូវការបង្កើតយន្តការបោះឆ្នោតមួយដែលអាចជឿទុកចិត្តបានប្រសិនបើគណបក្សទាំងពីរឈានដល់ការសម្រេចជាចុងក្រោយនោះ។ហើយប្រព័ន្ធបោះឆ្នោតដែលត្រឹមត្រូវ ឯករាជ្យនិងគួរឲ្យទុកចិត្តបាននេះហើយដែលគណបក្សជំទាស់ជឿថានឹងអនុញ្ញាតឲ្យខ្លួនទទួលបានជ័យជម្នះលើគណបក្សគណបក្សប្រជាជនកម្ពុជា។
នោះគឺមានន័យថាសម្បទានរបស់គណបក្សសង្គ្រោះជាតិគឺផ្តល់ឱកាសឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដឹកនាំអំណាចតទៅទៀតក្នុងអណត្តិនេះ។ប៉ុន្តែគណបក្សសង្គ្រោះជាតិនឹងរង់ចាំត្រងយកជ័យជម្នះនៅក្នុងការបោះឆ្នោតប្រាំឆ្នាំខាងមុខទៀត។
លោកស្រីមួ សុខហួរ តំណាងរាស្ដ្រមណ្ឌលខេត្តបាត់ដំបងរបស់គណបក្សសង្គ្រោះជាតិរិះគន់ពីភាពអវិជ្ជមានជាច្រើនក្នុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដូចជាបញ្ហាពុករលួយ ការកាប់បំផ្លាញព្រៃឈើនិងបញ្ហាដីធ្លីជាដើម។លោកស្រី មានប្រសាសន៍ថាដូច្នេះការប្តូរនាយករដ្ឋមន្ត្រីត្រូវអាស្រ័យលើឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកស្រីមួ សុខហួរ អះអាងថាគណបក្សសង្គ្រោះជាតិនៅរក្សាលក្ខខណ្ឌសម្រាប់គណបក្សប្រជាជនកម្ពុជានៅឡើយ។
«ទី១គឺស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតកន្លងមកនេះ។ទី២កែទម្រង់គជប។ទី៣គឺបោះឆ្នោតមុនអណត្តិឬបោះឆ្នោតសារឡើងវិញ។បញ្ហាទាំងបីនេះបើមិនព្រមគឺសុំលោកហ៊ុន សែនចុះចេញ»។
នៅក្នុងពេលនេះសល់តែប្រាំមួយថ្ងៃទៀតទេ វិបត្តិនយោបាយនៅប្រទេសកម្ពុជានឹងឈានដល់គម្រប់ប្រាំបីខែ។គណបក្សប្រជាជនកម្ពុជាបានដឹកនាំរដ្ឋសភាដោយឯកបក្សនិងបង្កើតរដ្ឋាភិបាលដោយខ្លួនឯងដោយមិនមានសំឡេងគាំទ្រពីសមាជិកសភាជំទាស់។
អ្វីមួយទៀតដែលគេអាចមើលឃើញពីនិរន្តភាពនៃការគ្រប់គ្រងអំណាចក្នុងអណត្តិនេះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះគឺស្ថិរភាពផ្នែកសេដ្ឋកិច្ច។
នៅក្នុងពេលនេះក្រៅពីការក្តោបក្តាប់កងកម្លាំងប្រដាប់អាវុធណែននៅក្នុងដៃ ចលនាពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនទាន់ទទួលរងការប៉ះទង្គិចដោយសារវិបត្តិនយោបាយនៅឡើយទេ។មូលហេតុដោយសារអ្នកជំនួញធំៗស្ទើរទាំងអស់នៅក្នុងប្រទេសគឺជាមែកធាងនៃគណបក្សកាន់អំណាចហើយការបណ្តាក់ទុនពីក្រៅប្រទេសតែងតែឆ្លងកាត់លំហូរនៃខ្សែបណ្តាញនេះ។
រីឯសហគមន៍អន្តរជាតិមានដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុបដែលមានសមាជិកចំនួន២៨ប្រទេស ប្រទេសអូស្រ្តាលីជាដើមដែលបានជំរុញឲ្យមានការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាមិនបានដាក់លក្ខខណ្ឌជំរុញឲ្យផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំប្រទេសនោះទេ។បើទោះជាក្នុងពេលនេះគណបក្សជំទាស់បានប្រឹងប្រែងស្វែងរកការគាំទ្រនយោបាយផ្នែកអន្តរជាតិក៏ដោយ។
ទោះជាបែបនេះក្តីលោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកនិងជាអ្នកតាមដានដំណើរការនយោបាយមួយរូបមានប្រសាសន៍ថាកៅអីនាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែន នៅតែផុយស្រួយនៅឡើយ។
លោកនី ចរិយា លើកឡើងថាកងប្រដាប់អាវុធត្រូវដាក់ឲ្យនៅពីក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូច្នេះការគ្រប់គ្រងផ្នែកសន្តិសុខជាតិនឹងស្ថិតនៅរឹងមាំក៏ប៉ុន្តែបញ្ហាសេដ្ឋកិច្ចអាចជាចំណោទសម្រាប់ការដឹកនាំប្រទេស។
«មានចំណុចពីរដែលធ្វើឲ្យយើងមានការសង្ស័យគឺផ្នែកសេដ្ឋកិច្ច។ដោយសារប្រទេសយើងជាប្រទេសដែលទទួលជំនួយ តើក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ គាត់អាចធានាបានដល់កម្រិតណា?ក្នុងពេលបច្ចុប្បន្នដែលជាបញ្ហាដែលយើងពិបាកក្នុងការធ្វើការសន្និដ្ឋាន»។
ដោយឡែកលោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងជាតំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជាលើកហេតុផលចំនួនពីរមកបកស្រាយ នោះគឺជ័យជម្នះរបស់គណបក្សរបស់លោកក្នុងការបោះឆ្នោតនិងគ្មានហេតុផលផ្លូវច្បាប់សម្រាប់បោះឆ្នោតមុនអណត្តិជាការក្រាលផ្លូវសម្រាប់ការបន្តដំណើរធ្វើជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុន សែន ក្នុងអណត្តិនេះ។
«ព្រោះគណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះឆ្នោតហើយការបោះឆ្នោតមុនអណត្តិអីហ្នឹងគឺគ្មានច្បាប់សម្រាប់ធ្វើបែបនេះទេ។ដូច្នេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងធ្វើជានាយករដ្ឋមន្ត្រីតទៅទៀតរហូតដល់ចប់អណត្តិរដ្ឋាភិបាលនៅនឹងកន្លែង»។
លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍន៍សង្គម ទាញចំណាប់អារម្មណ៍ថាប្រសិនបើវិបត្តិនយោបាយមិនត្រូវបានដោះស្រាយនោះទេ ចំណោទសេដ្ឋកិច្ចអាចនឹងកើតមានឡើងដ្បិតការគ្រប់គ្រងសេដ្ឋកិច្ចរបស់គណបក្សកាន់អំណាចអាចនឹងដំណើរការបានតែរយៈពេលខ្លីតែប៉ុណ្ណោះដោយសារតែរដ្ឋាភិបាលត្រូវការជំនួយអន្តរជាតិជាចាំបាច់៕
No comments:
Post a Comment