Paris Peace Accords 23 Oct. 1991

Saturday, March 29, 2014

"សិទ្ធិ​ការងារ​ និង​ការ​ត្រៀម​ខ្លួន​ សម្រាប់ សហគមន៍​អាស៊ាន​ ឆ្នាំ​២០១៥"

អាស៊ាន ៦១០
វេទិកា​ជជែក​ដេញដោល​ថ្នាក់​តំបន់​ស្ដីពី «សិទ្ធិ​ការងារ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​សហគមន៍​អាស៊ាន ឆ្នាំ​២០១៥» នា​សណ្ឋាគារ​អ៊ីមផឺរៀល ហ្គាឌិន វីឡា & អូតែល (Imperial Garden Villa & Hotel) នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤។

"សិទ្ធិ​ការងារ​ និង​ការ​ត្រៀម​ខ្លួន​ សម្រាប់ សហគមន៍​អាស៊ាន​ ឆ្នាំ​២០១៥"

ដោយ អ៊ុក សាវបូរី / អាស៊ីសេរី | ២៨ មីនា​ ២០១៤

វេទិកា​ជជែក​ដេញដោល​ថ្នាក់​តំបន់​ស្ដីពី «សិទ្ធិ​ការងារ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​សហគមន៍​អាស៊ាន ឆ្នាំ​២០១៥» ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បង្ហាញ​ថា ប្រទេស​កម្ពុជា ស្ទើរ​តែ​មិន​អាច​ចូល​រួម​ប្រកួត​ប្រជែង​បាន​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។
ក្តី​បារម្ភ​ជុំវិញ​ពលករ​ចំណាក​ស្រុក​កាន់​តែ​រីក​ធំ​ឡើង​ក្នុង​អារម្មណ៍​ប្រជាជន​នៃ​សមាជិក​អាស៊ាន ពិសេស​គឺ​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​ចំណោម​សមាជិក​ដែល​មាន​ការ​រីក​ចម្រើន​តិចតួច​ជាង​គេ និង​កំពុង​តែ​តស៊ូ​ប្រឹងប្រែង​ប្រកួត​ប្រជែង​លើ​ថ្នាក់​តំបន់​អាស៊ាន។
មនុស្ស​ប្រមាណ ១០០​នាក់ ជា​ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន ពិភាក្សា​ដេញដោល​ស្ដីពី «សិទ្ធិ​ការងារ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​សហគមន៍​អាស៊ាន ឆ្នាំ​២០១៥»។ ពួក​គេ​លើក​បង្ហាញ​ពី​ការ​ខ្វះ​សមត្ថភាព ជំនាញ ថវិកា គឺ​ជា​កង្វល់​មួយ​ដ៏​ធំ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ថ្មីៗ មាន​កម្ពុជា វៀតណាម ឡាវ និង​ប្រទេស​ភូមា ខណៈ​ដែល​សមាជិក​អាស៊ាន​ដទៃ​គេ​បារម្ភ​ពី​សេរីភាវូបនីយកម្ម និង​កំណែ​ទម្រង់​នយោបាយ។
នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ថ្លែង​ថា ឆ្នាំ​២០១៥ ជា​ពេល​វេលា​ដែល​មាន​ការ​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម និង​ពលកម្ម​ចំណាក​ស្រុក ដែល​មិន​អាច​ជៀស​រួច ក្រោយ​សមាហរណកម្ម​ទីផ្សារ​ការងារ​អាស៊ាន។ លោក​ថា ពលករ​កម្ពុជា ធ្វើ​ការ​នឹង​កម្លាំង​ពលកម្ម ចំណែក​ពលករ​ប្រទេស​ដទៃ​ធ្វើ​ការ​នឹង​ជំនាញ។ ភាព​ខុស​គ្នា​នៃ​កម្រិត​ជំនាញ និង​ប្រាក់​ឈ្នួល​ក្នុង​សមាជិក​អាស៊ាន បង្ហាញ​ថា នឹង​មាន​ប្រយោជន៍​រួម​គ្នា​ច្រើន ដោយ​រាប់​ចាប់​តាំង​ពី​ការ​លប់​បំបាត់​រនាំង​ផ្សេងៗ រហូត​ដល់​ការ​បម្លាស់ទី​របស់​ពលករ​បណ្ដោះ​អាសន្ន។ ដូច្នេះ វេទិកា​នេះ​នឹង​នាំ​ឲ្យ​យុវជន​គេ​ចាប់​ផ្ដើម​គិត​ពី​ការ​ដណ្ដើម​ទីផ្សារ​ការងារ និង​ជំនាញ​ដែល​គេ​ត្រូវ​រៀន។
លោក ប៉ា ងួនទៀង៖ «ដល់​ពេល​ចូល​គ្នា​ជា​សហគមន៍​តែ​មួយ​អ៊ីចឹង ខ្ញុំ​ថា​ប្រហែល​ជា​រឿង​ខ្លះ​វា​មាន​ច្រើន​ដែល​ជា​ចំណុច​រួម​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ។ ឧទាហរណ៍ រឿង​ពលករ​ចំណាក​ស្រុក​ជា​រឿង​មួយ រឿង​វិស័យ​អប់រំ ឬ​ក៏​ច្បាប់​ធានា​នៃ​ការ​ការពារ​សិទ្ធិ​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយៗ ប្រហែល​ជា​ចំណុច​រួម។ អា​ហ្នឹង​ជួន​កាល​វា​ជា​ឱកាស​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អាច​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ប៉ុន្តែ​ស៊ី​សង​លើ​យើង​ចង​គ្នា​ជា​បណ្ដាញ​យ៉ាង​ម៉េច។ គោលដៅ​មួយ​ទៀត​ហ្នឹង យើង​ចង់​បាន​គំនិត ឬ​ក៏​ទស្សនៈ​ពី​វាគ្មិន​ហ្នឹង ថា​តើ​យើង​គួរ​រៀប​ចំ​ខ្លួន​អី​ខ្លះ? រដ្ឋាភិបាល​ត្រូវ​ធ្វើ​អី? សង្គម​ស៊ីវិល​ត្រូវ​ធ្វើ​អី? ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​អី? យុវជន​ត្រូវ​ធ្វើ​អី? ដើម្បី​ឲ្យ​រស់​នៅ​ឲ្យ​មាន​ប្រយោជន៍ នៅ​ពេល​ដែល​មាន​ឱកាស​អាស៊ាន​ចូល​គ្នា​ជា​សហគមន៍​តែ​មួយ​ហ្នឹង»
អនុប្រធាន​នាយកដ្ឋាន​មុខ​ងារ និង​ហត្ថកម្ម នៃ​ក្រសួង​ការងារ លោក ជួប ណារ័ត្ន ថ្លែង​ថា ប្រទេស​កម្ពុជា ត្រៀម​លក្ខណៈ​ផ្លាស់​ប្ដូរ​ចំនួន ៥​ចំណុច ក្នុង​ការ​ស្វែង​រក​ទីផ្សារ​ការងារ​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ​អាច​មាន​ការងារ​ធ្វើ នៅ​ពេល​សហគមន៍​អាស៊ាន​ចូល​មក​ដល់៖ «ទី​១​ទៅ​លើ​ការ​ពង្រឹង​ទៅ​លើ​កែលំអ​លក្ខខណ្ឌ​ការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ។ ទី​២ ផ្ដោត​ទៅ​លើ​វិស័យ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ។ ទី​៣ ការ​អភិវឌ្ឍ​មុខ​របរ​ទាំង​ក្នុង​ស្រុក​ទាំង​ក្រៅ​ស្រុក។ ទី​៤ គឺ​ទៅ​លើ​របប​សន្តិសុខ​សង្គម មាន​ន័យ​ថា បើ​គាត់​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ឯកជន តើ​គាត់​ទទួល​បាន​នូវ​ការ​ធានា​រ៉ាប់រង​សង្គម​អី​ខ្លះ ហើយ​ទី​៥ គឺ​ការ​ពង្រឹង​អភិបាល​កិច្ច​នៅ​ក្នុង​ក្រសួង មាន​ន័យ​ថា អភិបាលកិច្ច​ក្នុង​ការ​ផ្តល់​សេវា»
ប្រធាន​អង្គការ​ខារាម​កម្ពុជា (Caram Cambodia) លោក យ៉ា ណាវុធ ថ្លែង​ថា ប្រទេស​កម្ពុជា ស្ទើរ​តែ​មិន​អាច​ចូល​រួម​ក្នុង​សហគមន៍​អាស៊ាន​បាន បើ​សិន​ជា​រដ្ឋាភិបាល​ប្រទេស​នេះ​មិន​ចេះ​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​លំហូរ​ចូល​មក​ប្រទេស​នេះ ទាំង​ពលកម្ម ទាំង​សេដ្ឋកិច្ច​ទេ​នោះ៖ «អ្នក​ណា​ចូល​មក​ធ្វើ​ការ​ក្នុង​ស្រុក​យើង​ក៏​បាន​ដែរ ប៉ុន្តែ​សំខាន់​គឺ​រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ទោះ​ពលករ​ថៃ ក្តី ពលករ​វៀតណាម ក្តី ពលករ​ណា​ក៏ដោយ យើង​ត្រូវ​គ្រប់គ្រង​គាត់​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ចុះ​បញ្ជី​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព បង់​ពន្ធ​ទៅ​តាម​ច្បាប់​យើង​បាន​ចែង។ ខ្ញុំ​គិត​ថា នេះ​វា​ជា​ចំណូល​អត់​ចាំបាច់​រើសអើង ថា​អ្នក​នេះ​ជនជាតិ​នេះ អ្នក​នោះ​ជនជាតិ​នោះ​ទេ បើ​មិន​អ៊ីចឹង យើង​អត់​អាច​សម្រេច​បាន​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ទេ ពីព្រោះ ២០១៥ ចំណូល​អំពី​ពន្ធ​គយ​វា​នឹង​ថយ​មួយ​ចំនួន​ហើយ»
ក្រុម​សិស្ស​និស្សិត ឲ្យ​ដឹង​ថា ពួក​គេ​មិន​មាន​ការ​បណ្ដុះ​ជំនាញ និង​ការ​អនុវត្ត​ណា​មួយ​ផ្ទាល់​ច្បាស់​លាស់​នោះ​ទេ ក្នុង​ពេល​សិក្សា​ជាង ១០​ឆ្នាំ ទាំង​វិទ្យាល័យ និង​មហាវិទ្យាល័យ។ ទើប​ពួក​គេ​មិន​រំពឹង​ថា នឹង​អាច​ដណ្ដើម​ការងារ​ធ្វើ​នៅ​ពេល​ដែល​កម្ពុជា ទទួល​លំហូរ​សេដ្ឋកិច្ច​ពី​តំបន់​អាស៊ាន។
សិស្ស​ថ្នាក់​ទី​១២ វិទ្យាល័យ ជា ស៊ីម សាមគ្គី ឲ្យ​ដឹង​ថា គាត់​មាន​បំណង​ចូល​រៀន​ច្បាប់ ដើម្បី​ក្លាយ​ជា​មេធាវី ឬ​តំណាង​រាស្ត្រ។ រូប​គាត់​នៅ​ខ្វះ​ការ​អប់រំ​បង្កើន​ចំណេះ​ដឹង​ក្រៅ​សាលា។ គាត់​ស្វែង​រក​ការ​អប់រំ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​ឯកជន ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​ហាក់​មិន​ចំណាយ​ម៉ោង​ផ្សាយ​អប់រំ ក្រៅ​ពី​ផ្សាយ​ពាណិជ្ជកម្ម​ឡើយ៖ «ទូរទស្សន៍​ខ្មែរ​របស់​យើង គឺ​វា​ទន់​ខ្សោយ​ណាស់ អត់​សូវ​ឃើញ​បង្ហាញ​ពី​ការ​បង្ហាត់​បង្រៀន​តាម​ទូរទស្សន៍​អ៊ីចឹង»
និស្សិត​វិទ្យាស្ថាន​ភាសា​បរទេស ឆ្នាំ​ទី​៣ ឲ្យ​ដឹង​ថា សិស្ស​នៅ​កម្ពុជា ត្រូវ​រៀន​ភាសា​ជាតិ​ផង រៀន​ភាសា​បរទេស​ផង និង​រៀន​ជំនាញ​ផង ទើប​អាច​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ជាមួយ​សហគមន៍​អាស៊ាន៖ «ក្រុមហ៊ុន​គេ​ត្រូវ​ការ​អ្នក​មាន​ទាំង​ជំនាញ​ភាសា​អង់គ្លេស ជំនាញ​ទំនាក់ទំនង ឥរិយាបថ​ល្អ ហើយ​ចុង​ក្រោយ​គេ​គឺ​បទ​ពិសោធន៍​ការងារ»
ចំណែក​និស្សិត​សកលវិទ្យាល័យ ចំរើន ពហុ​បច្ចេកវិទ្យា ឈ្មោះ ពុត កល្យកា ថ្លែង​ថា គាត់​សង្ឃឹម​ថា អាច​មាន​ទីផ្សារ​ការងារ​ក្នុង​សហគមន៍​អាស៊ាន ព្រោះ​គាត់​កំពុង​តែ​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ជាមួយ​អង្គការ​សំខាន់ៗ ដើម្បី​យក​បទ​ពិសោធន៍៖ «សម្រាប់​សមាហរណកម្ម​អាស៊ាន​នៅ​ខាង​មុខ សម្រាប់​ខ្ញុំ គឺ​ទាក់ទង​ទៅ​នឹង​បទ​ពិសោធន៍ គឺ​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ជាមួយ​អង្គការ​មួយ​ចំនួន ដើម្បី​យក​បទ​ពិសោធន៍ ហើយ​ទាក់ទង​នឹង​សមត្ថភាព​នេះ គឺ​នៅ​សាលា​ខ្ញុំ​ប្រឹងប្រែង​រៀន​សូត្រ ដើម្បី​ឆ្លើយ​តប​ជាមួយ​នឹង​តម្រូវ​ការ​នោះ ហើយ​ជាពិសេស ដូច​ខ្ញុំ​បាន​និយាយ​ពី​ខាង​ដើម​អ៊ីចឹង។ ខ្ញុំ​ត្រូវ​រៀន​ភាសា​អង់គ្លេស ដើម្បី​ទុក​ប្រើប្រាស់ ក៏​ដូច​ជា​ធ្វើ​ការងារ​ជាមួយ​បរទេស ដែល​មក​ធ្វើ​ការងារ ក៏​ដូច​ជា​មក​វិនិយោគទុន​នៅ​ស្រុក​ខ្មែរ»
លោក ប៉ា ងួនទៀង ឲ្យ​ដឹង​ថា មាន​កម្មករ​ឆ្លង​ដែន ១៤​លាន​នាក់​មក​ពី​ប្រទេស​អាស៊ាន បាន​ឆ្លង​ដែន​ធ្វើ​ការ​នៅ​តំបន់​ផ្សេងៗ​ក្នុង​សកលលោក ក្នុង​នោះ​ប្រមាណ ៦​លាន​នាក់ ឆ្លង​មក​តំបន់​អាស៊ី​អាគ្នេយ៍។ ទោះ​ជា​យ៉ាង​ណា សិទ្ធិ​របស់​ពលករ​ទាំង​នោះ​ត្រូវ​បាន​គេ​គោរព​ដែរ​ឬ​ទេ?
ក្រុម​ពិភាក្សា​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ឲ្យ​បាន​ដល់​ជនបទ និង​ផ្សាយ​ឲ្យ​បាន​ច្រើន​ដង ទាក់ទង​នឹង​ផល​ប្រយោជន៍​នៃ​ការ​ចូល​រួម​ក្នុង​សហគមន៍​អាស៊ាន ដើម្បី​ឲ្យ​គេ​ត្រៀម​លក្ខណៈ​ការពារ និង​បង្ការ។ ពួក​គេ​ក៏​សុំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​អប់រំ​មហាជន ពី​ការ​មិន​ធ្វើ​ចំណាក​ស្រុក ងាក​មក​បង្កបង្កើនផល​ដែល​ជា​ការងារ​ការពារ​ដីធ្លី និង​រក​ចំណូល​បាន​ងាយ ហើយ​វា​ជា​ផ្នែក​មួយ​ធំ​ដែល​បាន​ចូល​រួម​បង្កើន​សេដ្ឋកិច្ច​ជាតិ៕




No comments:

Post a Comment